(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា រួមនិងស្ថាប័នដៃគូពាក់ព័ន្ធ បានរៀបចំការតាំងបង្ហាញជាសាធារណៈ ដើម្បីត្រៀមសម្ពោធការតាំងពិព័រណ៍ផ្លូវការ អំពីសកម្មភាពការងារ និងសមិទ្ធផលនានា របស់គណៈកម្មាធិការអន្ដរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ។
ការតាំងបង្ហាញនេះ ធ្វើឡើងរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ វិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅបរិវេណសួនច្បារមហាសណ្ឋាគារអង្គរ ឬក្រោយទីសក្ការៈព្រះអង្គចេកព្រះអង្គចម។
គោលបំណង នៃការតាំងបង្ហាញនេះ គឺដើម្បីបង្កើនការផ្សព្វផ្សាយនិងយល់ដឹងជាសាធារណៈ អំពីសកម្មភាពនិងសមិទ្ធផលសំខាន់ៗរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ លើគម្រោងអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គររយៈពេល២៥ឆ្នាំ កន្លងមក ដល់សិស្សានុសិស្ស និសិត្ស សាធារណជន និងភ្ញៀវទេសចរ។
សូមបញ្ជាក់ថា ការសម្ពោធពិព័រណ៍ផ្លូវការអំពីសកម្មភាព និងសមិទ្ធផលសំខាន់ៗ២៥ឆ្នាំ របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ លើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅសាលសន្និសីទសុខាសៀមរាប៕