(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅខណ្ឌច្បារអំពៅ បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ និងក្រុមការងារចុះជួយមូលដ្ឋាន ជួយរៀបចំប្រព័ន្ធទឹកស្អាត ពន្លឿនការចេញប្លង់ដី និងធ្វើផ្លូវ ដាក់លូ នៅក្នុងមូលដ្ឋានជូនពួកគាត់ ខណៈសព្វថ្ងៃនៅក្នុងភូមិរបស់ពួកគាត់ ជួបការលំបាកច្រើនលើបញ្ហាទាំងអស់នេះ។
នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ នៅខណ្ឌច្បារអំពៅ នាថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក អ៊ុច គឹមអន ជាក្រុមការងារថ្នាក់ជាតិចុះជួយក្នុងខណ្ឌច្បារអំពៅ ព្រមទាំងមន្ត្រីថ្នាក់ខណ្ឌ សង្កាត់ប្រជាពលរដ្ឋជាច្រើននាក់។
លោក ម៉ប់ សារិន បានបញ្ជាក់ថា ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី គឺផ្តល់ជូនដល់ប្រជាពលរដ្ឋចូលរួម ក្នុងដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកំពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈរបស់ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីធានា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័ន នៅក្នុងដំណើរការនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
អ្នកស្រី សុខ សារ៉េត តំណាងឲ្យសហគមន៍វាលស្បូវ និងប្រជាពលរដ្ឋរស់នៅភូមិព្រែកធំមួយ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ក៏ដូចប្រជាពលរដ្ឋរស់នៅសង្កាត់ផ្សេងៗទៀត បានលើកឡើងអំពីបញ្ហាទឹក ដោយខ្វះខាតទឹកស្អាតខ្លាំង ដែលតម្រូវឲ្យថ្នាក់លើជួយដោះស្រាយជូន ដើម្បីបានប្រើប្រាស់ទៅតាមតម្រូវការរបស់ពួកគាត់។
លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានឆ្លើយតបទៅនឹងការលើកឡើងថា របស់សហគមន៍វេលស្បូវ ពាក់ព័ន្ធនឹងទឹកស្អាត និងភ្លើងអគ្គិសនីហើយការងារនេះ នៅពេលរៀបចំបែងចែកឡូតិ៍ បងប្អូនដែលបានសាង់សង់ទីជំរកនៅទីនេះហើយ រដ្ឋបាលខណ្ឌផ្អែកទៅតាមសំណូមពររបស់ពលរដ្ឋ ក៏បានធ្វើលិខិតទៅខាងអគ្គិសនី និងខាងរដ្ឋាករទឹក ខណៈកន្លងមករដ្ឋាករទឹក និងអគ្គិសនី ក៏បានចុះមកពិនិត្យទីតាំងនេះរួចមកហើយ។
លោកបានបន្តថា ការងារបានបញ្ចូលក្នុងឆ្នាំ២០១៩ ប៉ុន្តែពាក់ព័ន្ធនឹងបញ្ហាទឹក រដ្ឋខណ្ឌតែងតែដឹកជូនជានិច្ចឲ្យតែបងប្អូននៅទីនោះខ្វះខាត់ទឹក ដោយឡានទឹកមួយដឹកមករហូត មិនដែលខកខានទេឲ្យតែប្រជាពលរដ្ឋប្រាប់។ មួយទៀត រឿងអគ្គិសនីខណ្ឌដោះស្រាយមិនទាន់ចេញទេ ប៉ុន្ដែក្រុមការងារនឹងខិតខំដោះស្រាយជូនប្រជាពលរដ្ឋ។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា រាល់ការងារពាក់ព័ន្ធ ទៅនិងតម្រូវការសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋនេះ អភិបាលខណ្ឌ ត្រូវរៀបចំការងារនេះជារួម ធ្វើការដោះស្រាយជូនបងប្អូនតែម្ដង មិនត្រូវបណ្ដែតបណ្ដោយទៀតនោះឡើយ។
លោកបញ្ជាក់ថា មានកត្ដា៤ចំណុច ដែលវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺមានសារៈសំខាន់ណាស់ នឹងជាការផ្តល់ឱកាស និងបង្កលក្ខណៈឲ្យមានការចូលរួមយោបល់មតិ ចម្ងល់បញ្ហាប្រឈម ក្នុងការរិះគន់ន័យស្ថាបនាពីគ្រប់ភាគី ហើយជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ដើម្បីធ្វើការផ្លាស់ប្តូរ នៅទស្សនៈស្វែងរកពីឫគល់បញ្ហាពិតប្រាកដ ដើម្បីដាក់វិធានការសមស្រប ដោះស្រាយសំណួរ សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋគ្រប់រូប។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨នេះ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានទទួលសំណើរ និងសំណូមពរផ្ទាល់មាត់៣នាក់ តាមលិខិតចំនួន៦២ច្បាប់ ស្មើ៥៣នាក់ ស្មើនឹង២៣បញ្ហា។ ដោយឡែកកាលពីឆ្នាំ២០១៧ ក្នុងវេទិកានេះ ក៏មានសំណួរ សំណើរ សំណូមពរជាលាយលក្ខណ៍អក្សរចំនួន៩១ច្បាប់ ស្មើនឹង៩៤បញ្ហា ចែកចេញជា១១មន្ទីរ វិស័យ ហើយក្នុងចំណោមបញ្ហា ដែលបានលើកឡើងដោយប្រជាពលរដ្ឋសរុបចំនួន៩៤បញ្ហា ក្នុងនោះបានដោះស្រាយរួច ចំនួន៥៤បញ្ហា បានសិក្សាដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរួច ចំនួន៣៦បញ្ហា និងមិនទាន់បានដោះស្រាយចំនួន០៤បញ្ហា៕