(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជូនជនសង្ស័យប្រុសស្រី០៩នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីគ្រឿងញៀន និងក្រាមពណ៌សថ្លា៣៦កញ្ចប់ (ប្រភេទម៉ាទឹកកក)។
មន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង០៩នាក់ នេះរួមមាន ទី១៖ឈ្មោះ គង់ រ៉ានី ភេទស្រី អាយុ២៣ឆ្នាំ, ទី២៖ឈ្មោះ ធូ តុង អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ ឡាង សំណាប់ អាយុ៣១ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមូយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០៥៖០០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ចំណុចលើផ្លូវបេតុង ភូមិត្រាញ់ត្របាញ់ សង្កាត់ភ្លើងឆេះរទេះ និងផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រាញ់ត្របាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី៤៖ឈ្មោះ ឡេ ឡុងញូ អាយុ១៤ឆ្នាំ, ទី៥៖ឈ្មោះ យ៉ វណ្ណធី អាយុ២១ឆ្នាំ, ទី៦៖ឈ្មោះ មុំ សុជា ហៅអាម៉ៅ អាយុ៣៥ឆ្នាំ, ទី៧៖ឈ្មោះ រ៉ុង ពៅ ហៅហេង អាយុ២៤ឆ្នាំ, ទី៨៖ឈ្មោះ មុំ ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លូនបានកាលពីវេលាម៉ោង០៩៖៥៤នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចផ្ទះគេទុកចោល ម្តុំសហគមន៍ស្មសាន ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
និងទី៩៖ឈ្មោះ ឈុន រតនា អាយុ២១ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០៥៖៤០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចលើផ្លូវបេតុង និងផ្ទះលេខ៣០ ផ្លូវលំ ភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយពីធ្វើការសាកសួរពួកគេទាំង០៩នាក់ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា ពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតប្រាកដមែនទើប សមត្ថកិច្ចអាវុធហត្ថបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕