(សៀមរាប)៖ ប្រជាពលរដ្ឋ ១០គ្រួសារ រស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប ដែលអាជ្ញាធរមិនព្រមចេញបណ្ណកម្មសិទ្ធិដីធ្លីអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ នៅពេលនេះត្រូវបានអាជ្ញាធរព្រមចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ហើយ ក្រោយមានការជួយទាមទារ និងរកដំណោះស្រាយពីមន្ត្រីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីឆ្នាំ២០១៦ បានសម្រេចធ្វើប្រទានកម្មជាកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋប្រមាណ ៣១គ្រួសារ ដែលបានកាប់កាប់ប្រើប្រាស់ និងដាំដុះលើដីនៅក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។ ប៉ុន្តែពេលនោះអាជ្ញាធរបានសម្រេចប្រគល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋតែ ២១គ្រួសារប៉ុណ្ណោះ ដោយឡែក ១០គ្រួសារទៀតមិនបានចេញបណ្ណកម្មសិទ្ធិជូននោះឡើយ ដោយអាជ្ញាធរអះអាងផ្ទៃដីដែលពលរដ្ឋ ១០គ្រួសារនោះកាន់កាប់មានទំហំធំពេក។
ប្រជាពលរដ្ឋ ១០គ្រួសារនេះ បានតវ៉ាទាមទារបណ្ណកម្មសិទ្ធិរបស់ពួកគេពីអាជ្ញាធរជាបន្តបន្ទាប់ តែមិនទទួលបានផលនោះឡើយ។ លុះនៅពេលថ្មីៗនេះ លោក នួន សុខាវី ប្រធានគណបក្សពន្លឺថ្មី និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចុះទៅសិក្សា និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋទាំង១០គ្រួសារនេះ។
បន្ទាប់ពីបានស្វែងយល់ពីបញ្ហាហើយនៅថ្ងៃទី២៨ ខែវិច្ឆិកា កន្លងទៅនេះ មានកិច្ចប្រជុំរួមគ្នាមួយដោយមានការចូលរួមពីប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដឹកនាំដោយលោក នួន សុខាវី និងសហការី និងអភិបាលរងខេត្តសៀមរាប ទទួលបន្ទុករដ្ឋបាលខេត្ត និងសហការី ព្រមទាំងទីប្រឹក្សា និងមេធាវីអាជ្ញាធរអប្សរា។
លោក នួន សុខាវី បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ក្រោយពីមានការប្រជុំរួមគ្នានោះមានដំណោះស្រាយដ៏ល្អមួយ គឺអាជ្ញាធរខេត្ត និងអាជ្ញាធរអប្សរា ព្រមប្រគល់ដីជូនទៅប្រជាពលរដ្ឋទាំង១០គ្រួសារនេះ។ ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋមិនទាន់បានបណ្ណកម្មសិទ្ធិនៅឡើយទេ ដោយរង់ចាំមន្ទីរសុរិយោដីខេត្តសៀមរាប បន្តនីតិវិធីជាក់ស្តែង និងចេញបណ្ណជូនពួកគាត់។
លោក នួន សុខាវី សង្ឃឹមថា មន្ត្រីមន្ទីរសុរិយោដីខេត្តសៀមរាប នឹងពន្លឿនការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋទាំង១០គ្រួសារនេះ។ សម្រាប់លោក សុខាវី ការជួយទាមទារបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋទាំង១០គ្រួសារនេះ គឺជាជោគជ័យទី១ហើយរបស់លោក ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់រូបនេះ បានបង្ហាញការសប្បាយរីករាយចំពោះដំណោះស្រាយជូនប្រជាពលរដ្ឋទាំង១០គ្រួសារ ក៏ដូចជាការដោះស្រាយបញ្ហាក្នុងសង្គមជូនរាជរដ្ឋាភិបាលផងដែរ។
«ភារកិច្ចនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះមានប្រយោជន៍សំខាន់ណាស់ក្នុងការបោសសំអាតអំពើពុករលួយក្នុងសង្គមនេះមានប្រសិទ្ធភាពតែម្តង»។ លោក នួន សុខាវី បញ្ជាក់។
បើទោះបីជាយ៉ាងណាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់រូបនេះ បានបង្ហាញការមិនសប្បាយចិត្តផងដែរ ចំពោះអាជ្ញាធរមួយចំនួន ដែលនៅតែមិនផ្តល់តម្លៃដល់តួនាទីភារកិច្ចរបស់មន្ត្រីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយតែងតែសួររកលិខិតបេសកកម្មផ្សេងៗ នៅពេលពួកគាត់ចុះស្វែងរកដំណោះស្រាយលើបញ្ហាអសកម្មនៅតាមបណ្តាខេត្ត។
សូមបញ្ជាក់ថា នៅក្រោយពេលការបោះឆ្នោតជាតិឆ្នាំ២០១៨នេះ ដើម្បីប្រមូលធនធានបញ្ញា និងធនធានគំនិតចូលរួមដោះស្រាយបញ្ហារបស់សង្គមនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាជិកមកពីគណបក្សនយោបាយចំនួន១៦។ ប្រធានប្រតិភូមកពីគណបក្សនយោបាយទាំង១៦នេះ ត្រូវបានផ្តល់ឋានៈស្មើទេសរដ្ឋមន្ត្រី ដើម្បីបង្កលក្ខណៈងាយស្រួលចុះបំពេញការងារ។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ ត្រូវបានសម្តេចតេជោ ផ្តល់សិទ្ធិខ្ពស់ឲ្យរាយការណ៍រាល់បញ្ហាទៅសម្តេចដោយផ្ទាល់មិនបាច់ឆ្លងអ្នកដទៃថែមទៀតផង។
តាមរយៈតួនាទីនេះ គេបានមើលឃើញសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ បាននឹងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការជួយដោះស្រាយបញ្ហានានានៅក្នុងសង្គម ក៏ដូចជាការជួយពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់នានាមុនដាក់ទៅរាជរដ្ឋាភិបាលអនុម័តផងដែរ៕