(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ នឹងប្ដេជ្ញារួមគ្នារួមគ្នា លុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទនៅកម្ពុជា ត្រឹមឆ្នាំ២០២៥ និងបន្ដរក្សាឲ្យបាននូវអត្រាមរណភាពសូន្យជូនប្រជាពលរដ្ឋ ខណៈ១១ខែឆ្នាំ២០១៨នេះ គ្មានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់នោះទេ ។
ការថ្លែងដូច្នេះរបស់រដ្ឋមន្ដ្រី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រឹក្សាយោបល់ លើវឌ្ឍនភាពការងារ របស់ក្រុមការងារ ពិសេសថ្នាក់ខេត្ដ សម្រាប់លុបបំបាត់ ជំងឺគ្រុនចាញ់ (កពខ.លគ) និងយុទ្ធសាស្ដ្រលុបបំបាត់ជំងឺគ្រុនចាញ់ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នាទីស្ដីការក្រសួងសុខាភិបាល ដែលមានការចូលរួមពីមន្ដ្រីសុខាភិបាល គ្រប់២៥ខេត្ដ-ក្រុង ដែលមានការអញ្ជើញពី អគ្គនាយកបច្ចេកទេសក្រសួងសុខាភិបាល លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន និងដៃគូពាក់ព័ន្ធជាតិ និងអន្ដរជាតិផងដែរ។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងបន្ដថា «ក្នុងឆ្នាំ២០១៨នេះ យើងបានប្រើប្រាស់មុងជ្រលក់ថ្នាំចំនួន ៣លានមុង ចែកជូនទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ងាយរងគ្រោះដោយជំងឺគ្រុនចាញ់។ពិសេសប្រជាពលរដ្ឋ ចំណាកស្រុក ទៅរស់តំបន់ព្រៃភ្នំ ដោយមិនដឹងពីមូលដ្ឋានច្បាស់លាស់ យើងបានដាក់នូវភ្នាក់ងាររបស់ក្រសួងរួចហើយ ដើម្បីចែកមុង អប់រំ និងធ្វើតេស្ដជូនពួកគាត់ ហើយបើឃើញនូវរោគសញ្ញាគ្រុនចាញ់ និងឲ្យឱថសគាត់ភ្លាមៗ» ។
លោកសាស្ដ្រាចារ្យ ថ្លែងបន្ថែមថា «ដើម្បីសម្រេចគោលដៅ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទហ្វាស៊ីប៉ារ៉ូម នៅឆ្នាំខាងមុខ និងកាត់បន្ថយជំងឺគ្រុនចាញ់ គ្រប់ប្រភេទត្រឹមឆ្នាំ២០២៥ ក្រសួងក៏បានបើកិច្ចប្រជុំនៅថ្ងៃនេះ ដើម្បីជំរុញបន្ថែមទៀត ក្នុងការលុបជំងឺគ្រុនចាញ់នៅកម្ពុជា ដែលយើងជួបជុំ ក្រុមការងារទទួលខុសត្រូវថ្នាក់មូលដ្ឋាន រួមទាំងគណៈភិបាលខេត្ដ រួមទាំងដៃគូអភិវឌ្ឍន៍ ដែលទទួលខុសត្រូវរូមគ្នា ចែករំលែក និងស្វែងរកចំណុចខ្លាំង ដែលទទួលជោគជ័យ និងចំនុចខ្សោយដែលយើងត្រូវបំពេញបន្ថែម» ។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មានបញ្ហាគ្រុនក្ដៅ បែកញើស ត្រូវមកពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ហើយមានអ្នកស្ម័គ្រចិត្ដភូមិ ដើម្បីឲ្យគាត់ធ្វើតេស្ដរោគសញ្ញាគ្រុនចាញ់ បើមានរោគសញ្ញា នឹងទទួលបានឱសថភ្លាមៗដើម្បីឲ្យឆាប់ជា។ លើសពីនោះ សូមបងប្អូនប្រជាពលរដ្ឋ
ដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ ត្រូវប្រើប្រាស់មុងជ្រលក់ពណ៌ឲ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវសុវត្ថិភាព ។
តាមការបញ្ជាក់របស់ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបញ្ជាក់ថា គិតចាប់ពីខែមករា មកទល់ចុងខែវិច្ឆិកានេះ ករណីជំងឺគ្រុនចាញ់ មានចំនួន៣ម៉ឺនករណី ក្នុងនោះករណីធ្ងន់១ម៉ឺនករណី និងគ្មានករណីស្លាប់នោះទេ ៕