(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងដៃគូសហការជិត៥០អង្គការទៀត នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបានបើកវេទិកាជជែកវែកញែកពីផែនការសកម្មភាពអភិវឌ្ឍសុខុមាលភាពសង្គម។ ការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ផែនការសកម្មភាពអភិវឌ្ឍសុខុមាលភាពសង្គម និងបូកសរុបរបាយការណ៍លទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០១៨នេះ» ធ្វើឡើង ដើម្បីជាការជួបជុំគ្នា ជជែកពិភាក្សារកចំណុចវិជ្ជមាន និងអវិជ្ជមាន ក៏ដូចជាបញ្ហាប្រឈមមួយចំនួន ក្នុងវិស័យសុខុមាលភាពសង្គម។
ពិធីនេះមានការចូលរួមពី លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្រ្តីក្រសួងសង្គមកិច្ច មន្រ្តីមន្ទីរសង្គមកិច្ច និងដៃគូអង្គការជាច្រើនទៀតនៅតាមបណ្តាខេត្ត។
លោក តូច ចាន់នី បានលើកឡើងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានវិស័យជាអាទិភាពធំៗចំណួន០៣ គឺវិស័យសង្គម វិស័យអតីតយុទ្ធជន និងវិស័យយុវនីតិសម្បទា។ ជាលទ្ធផលក្រសួងសង្គមកិច្ច បានចូលរួមចំណែកលើកកម្ពស់សុខុមាលភាពជនរងគ្រោះ និងងាយរងគ្រោះ គ្រប់ប្រភេទ នៅក្នុងសង្គមទាំងស្មារតី សម្ភារ ព្រមទាំងបង្កលក្ខណៈផ្តល់សេវាសង្គមកិច្ច ទទួលបានលទ្ធផលគួរឲ្យកត់សំគាល់។
លោក តូច ចាន់នី បានបន្ថែមថា ក្រសួងបានអនុវត្តគោលនយោបាយលើកទឹកចិត្តដែលបង្កលក្ខណៈ ងាយស្រួលដល់អង្គការដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិនានា ដើម្បីអនុវត្តសកម្មភាពរបស់ខ្លួន ពាក់ព័ន្ធនឹងការងារក្រសួង ក្នុងនោះនាយកដ្ឋានសុខុមាលភាពសង្គម ដែលជាសេនាធិការ របស់ក្រសួងមានអង្គការដៃគូចំនួន៤៨អង្គការ ដែលមានគម្រោងថវិកាជាង៤៩លានដុល្លារ ដែលបានចូលួមចំណែកជួយសម្រាលបន្ទុកថវិកាជាតិ ព្រមទាំងប្រមូលបានធនធានមនុស្ស បច្ចេកទេស និងបទពិសោធន៍ល្អៗជាច្រើនសម្រាប់វិស័យសង្គមកិច្ច។
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម បានលើកឡើងថា ផែនការសកម្មភាពអភិវឌ្ឍសុខុមាលភាពសង្គម ដែលបានរៀបចំនាពេលនេះ គឺដើម្បីកំណត់អំពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យសុខុមាលភាព ឆ្នាំ២០១៩ ធានាឲ្យបាននូវសុខុមាលភាពសង្គមប្រកបដោយសុខុដមប្រជាពលរដ្ឋគ្រប់ស្រទាប់ សំដៅដល់ការលើកកម្ពស់ កម្រិតជីវភាពប្រជាជន ជាពិសេស គឺសម្រាប់គាំពារជនរងគ្រោះដោយសារផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺកាចសាហាវ ជនអនាថា ជនវិបល្លាសស្មារតី ជនចំណាកស្រុក ជនក្រីក្រ ជនរងគ្រោះ ដោយមហន្តរាយ និងដើម្បីការគាំពារគ្រួសារ និងស្រ្តីជាដើម។
បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តយកចិត្តទុកដាក់ក្នុងការកាត់បន្ថយភា ពក្រីក្រ ជាអាទិភាព គោលនយោបាយចម្បង របស់រាជរដ្ឋាភិបាល គឺការរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព៕