(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសីទស្តីពីការអនុវត្តបែបវិទ្យាសាស្ត្រ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ មន្ត្រីជំនាញខាងវិស័យអប់រំ បានផ្តល់អនុសាសន៍ថា ដើម្បី អភិវឌ្ឍសង្គមជាតិទៅបាន មិនមែនត្រូវការត្រឹមតែការសិក្សាក្នុងសាលាឡើយ គឺត្រូវការជាចាំបាច់នូវការស្រាវជ្រាវបន្ថែម ហើយក៏ត្រូវអនុវត្តជាក់ស្តែង ថែមទៀត ទើបឈានដល់ការច្នៃប្រឌិត ហើយលទ្ធផល នៃ ការច្នៃប្រឌិតនោះឯងហើយដែលហៅថា ការអភិវឌ្ឍ ។
ការសិក្សានៅក្នុងសាលាតែម្យ៉ាងពិតជាមិនគ្រប់គ្រាន់ឡើយ ហេតុនេះការស្រាវជ្រាវបន្ថែមគឺជាកត្តាដ៏សំខាន់មិនអាចខ្វះបាន ហើយការស្រាវជ្រាវក៏ត្រូវធ្វើ ឱ្យជាក់ស្តែង តាមរយៈការអនុវត្ត មានការស្រាវជ្រាវ និង អនុវត្តទើបចំណេះដឹងមានភាពរឹងមាំ មានភាពរឹងមាំក្នុងចំណេះដឹង ទើបមានការច្នៃប្រឌិត មានការច្នៃប្រឌិត ទើបមានការអភិវឌ្ឍ ហើយគឺជាការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ នេះគឺជាការលើកឡើងរបស់លោកបណ្ឌិតសាស្ត្រាចារ្យ ម៉ែន សារុម សកលវិទ្យាធិការរង នៃ សកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ។
លោកបណ្ឌិតសាស្ត្រាចារ្យ ម៉ែន សារុម មានអនុសាសន៍យ៉ាងដូច្នេះនាឱកាសអញ្ជើញជាអធិបតី នៃសន្និសីទស្តីពីការអនុវត្តបែបវិទ្យាសាស្ត្រ រៀបចំដោយ សកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង និង សាធារណរដ្ឋឆែក នៅឯសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ ។
លោកបណ្ឌិតសាស្ត្រាចារ្យ ម៉ែន សារុម បន្ថែមថា ការសិក្សាស្រាវជ្រាវ ការអនុវត្ត និង ការច្នៃប្រឌិត គប្បីប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ និង ទំនួលខុសត្រូវចំពោះសហគមន៍ និង សង្គម ពោលគឺរាល់ការច្នៃប្រឌិត ត្រូវតែតម្កល់នូវឧត្តមប្រយោជន៍សង្គម ទើបការច្នៃប្រឌិត ឬ ការអភិវឌ្ឍទាំងនោះ មាននិរន្តរភាព ៕