(អ៉ីតាលី)៖ តាមការអនុញ្ញាតពីរាជរដ្ឋាភិបាល លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ ដើម្បីចូលរួមកិច្ចប្រជុំ ថ្នាក់ពិភពលោក ស្តីពី «ពិភពលោកគ្មានទោសប្រហារជិវិត» ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដោយមានការអញ្ជើញចូលរួមពីថ្នាក់រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ នៃប្រទេសនានាជាង៣០ប្រទេស។
នៅក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្រ្តី អង្គ វង្ស វឌ្ឍានា បានជម្រាបជូនអ្នកចូលរួមទាំងអស់អំពីអត្ថន័យចំបងៗ នៃបទបញ្ញត្តិច្បាប់សារធាតុ និងនីតិវិធី នៃការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា ដែលទាក់ទងនឹងការដាក់ទោស និងការអនុវត្តទោស។
លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ជាពិសេស អំពីឆន្ទះរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកាពារទ្រព្យសម្បតិ្ត សេរីភាពរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន និងក្នុងការដឹកនាំប្រទេសកម្ពុជា ទៅតាមគន្លងនៃនីតិរដ្ឋ។
តំណាង Community of Sant'Egidio ក៏បានលើកសរសើប្រទេសកម្ពុជា ហើយបានចាត់ទុកថា «ជាប្រទេសឈានមុខនៅក្នុងចំណោម ប្រទេសអាស៊ី ដែលបានលុបចោលនូវទោសប្រហារជីវិត»។ ជាមួយគ្នានោះដែរ អង្គប្រជុំក៏បានអបអរសាទរចំពោះ ប្រទេសម៉ាឡាស៊ី ដែលបានលុបចោលទោសប្រហារជីវិត នៅពេលថ្មីៗនេះ៕