(កណ្តាល)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាល សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យសុវត្ថិភាពផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅក្នុងផ្សារ និងផ្ទះលក់ទំនិញមួយចំនួន នៅជុំវិញផ្សារបែកចាន និងផ្សារថ្នល់ទទឹង ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោក អ៊ូ ម៉ានរិន ប្រធានកាំកុងត្រូលសាខាកណ្តាល បានឲ្យដឹងថា ការចុះត្រួតពិនិត្យទំនិញនៅតាមផ្ទះជុំវិញផ្សារបែកចាន និងផ្សារថ្នល់ទទឹងខាងលើនេះ ហើយធ្វើតេស្តបឋម ទៅលើមុខម្ហូបមួយចំនួនដូចជា រួមមាន គ្រឿងកំប៉ុង គ្រឿងសមុទ្រ ជ្រក់ បន្លែ សណ្តែកបណ្តុះប្រហិត ត្រីងៀត សាច់ក្រក គុយទាវ ស្ករត្នោត និងគ្រឿងឧបភោគ បរិភោគ បានធ្វើតេស្តបឋម ត្រីងៀត សាច់ក្រក គ្រឿងសមុទ្រ គុយទាវ ប្រហិតសាច់គោ សណ្តែកបណ្តុះ ជ្រក់ស្ពៃ និងងៀតត្រីបប៊ែល។ ជាលទ្ធផលបានរកឃើញសារធាតុគីមី ហាមឃាត់បូរ៉ាក់ នៅលើងៀតត្រីបប៊ែល និងបានដកហូតងៀតត្រីបប៊ែល ចំនួន៣,៥គីឡូក្រាម ព្រមទាំងគ្រឿងកំប៉ុង ចំនួន៨២កំប៉ុង/ដប ហួសរយៈពេលប្រើប្រាស់ កំប៉ិត ច្រែះយកមករក្សាទុក ដើម្បីដុតកម្ទេចចោល។
ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ នៅផ្សារស្អាងព្រែកតូច និងផ្សារកោះធំ ដើម្បីឲ្យពួកគាត់បានយល់ដឹង អំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែម សារធាតុគីមីក្នុងម្ហូបអាហារ។
លោក អ៊ូ ម៉ានរិន ក៏បានណែនាំដល់អាជីវករលក់ដូរទាំងអស់អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវស្រប ទៅតាមយថាប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់ តេរីផ្សេងៗផងដែរ និងបានសំណូមពរដល់អាជីវករ នៅក្នុងផ្សារទាំងពីរឲ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃទំនិញ និងហាមដាក់តាំងលក់ទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះផងដែរ៕