(ភ្នំពេញ)៖ ក្រុមហ៊ុននាំចេញអង្កររបស់កម្ពុជា ថ្មីមួយទៀតហើយ ដែលតំណាងឲ្យប្រជាកសិករជាង៤ពាន់គ្រួសារ ស្មើនឹងប្រជាពលរដ្ឋ២ម៉ឺននាក់ បានដាក់លិខិតតវ៉ា ចំពោះសហគមន៍អឺរ៉ុប ដែលគ្រោងនឹងដាក់គំនាបពន្ធដារ លើកអង្ករកម្ពុជា។
ក្រុមហ៊ុនថ្មីដែលចេញមកតវ៉ានេះ គឺក្រុមហ៊ុន Signatures of Asia ជាក្រុមហ៊ុននាំចេញអង្ករធំមួយនៅកម្ពុជា ដែលបានធ្វើកសិកម្មតាមកិច្ចសន្យាជាមួយប្រជាកសិករជាង៤ពាន់គ្រួសារ។
សហគមន៍អឺរ៉ុបនឹងសម្រេចថា ដាក់គំនាបពន្ធលើកអង្ករកម្ពុជា ឬមិនដាក់ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។
លោក ចាន់ សុឃាំង នាយកប្រតិបត្តិក្រុមហ៊ុន Signatures of Asia បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែវិច្ឆិកានេះថា លោកបានដាក់លិខិតតវ៉ារួចហើយ ទៅកាន់ស្ថានទូតសហគមន៍អឺរ៉ុបនៅកម្ពុជា និងសហគមន៍អឺរ៉ុបនៅទីក្រុងប៊្រុសសែល ប្រទេសប៊ែលហ្សិក ដើម្បីឲ្យសហគមន៍អឺរ៉ុបពិចារណាឡើងវិញ នូវគ្រោងការដែលចង់ដាក់គំនាបពន្ធដារ លើកអង្កកម្ពុជា។
លោក សុឃាំង បានបញ្ជាក់ថា «ក្នុងលិខិតនោះ ខ្ញុំតំណាងឲ្យកសិករខ្មែរជាង២ម៉ឺននាក់ ដោយចូលរួមជាមតិយោបល់ថា សហគមន៍អឺរ៉ុបគួរតែត្រូវបានលើកទឹក និងគាំទ្រឲ្យបានស្មើៗគ្នា មិនមែនកសិករនៅអ៊ីតាលី និងអេស្ប៉ាញ វាប្រសើរជាងកសិករនៅកម្ពុជានោះទេ»។
ពាក់ព័ន្ធនឹងករណីនេះដែរ ថ្មីៗនេះក្រុមហ៊ុននាំចេញអង្ករដ៏ល្បីឈ្មោះមួយរបស់កម្ពុជា គឺក្រុមហ៊ុន Amru Rice ក៏បានដាក់លិខិតផ្លូវការមួយផ្ញើទៅសហគមន៍អឺរ៉ុប តវ៉ាឲ្យសហគមន៍ពិនិត្យឡើងវិញ លើការដាក់គំនាបពន្ធដារ លើអង្ករកម្ពុជា ដែលនាំចូលទៅអឺរ៉ុប។
ការតវ៉ារបស់ក្រុមហ៊ុននាំចេញអង្ករនេះ ធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មរបស់សគមន៍អឺរ៉ុប ចាប់ផ្តើមសើរើឡើងវិញ លើអង្ករកម្ពុជាតាមបណ្តឹងរបស់ប្រទេសអ៊ីតាលី ហើយរកឃើញថា អង្ករកម្ពុជាមានសក្តានុពល ធ្វើឲ្យប៉ះពាល់ដល់កសិករនៅប្រទេសអ៊ីតាលីមែន ប៉ុន្តែរកឃើញនេះ គឺមិនសមហេតុផល ព្រោះអង្កររបស់អ៊ីតាលី គឺជាប្រទេសអង្ករស ហើយអង្កររបស់កម្ពុជានាំចេញទៅអឺរ៉ុប គឺជាប្រទេសអង្ករក្រអូប ដែលអ៊ីតាលី ដាំដុះពុំបាន រឿងអី្វបានជាទៅប៉ះពាល់ដល់អង្ករអ៊ីតាលី។
នាយកក្រុមហ៊ុនរូបនេះសង្កត់ធ្ងន់ថា «ការលើកឡើងរបស់អ៊ីតាលី ហាក់ដូចជាផ្ទុយពីការពិតដែលមាននៅកម្ពុជា ក្នុងលិខិតដែលខ្ញុំដាក់ទៅនោះ គឺដើម្បីឲ្យគាត់ពិនិត្យឡើងវិញ អំពីតថភាពជាក់ស្តែង និងឲ្យគាត់ (សហគមន៍អឺរ៉ុប) ពិចារណាឡើងវិញ បន្ទាប់ពីគាត់បានពិនិត្យលើទិដ្ឋភាពជាក់ស្តែងដែលយើងផលិត ដែលយើងមាន ហើយវាផ្ទុយស្រឡះពីការរកឃើញរបស់គាត់ សូមឲ្យគាត់ដកចេញវិញទៅលើរបាំងពន្ធដារ ទារពន្ធលើអង្ករយើងគឺមិនសមរម្យ និងមិនត្រូវនូវអ្វីដែលគាត់បានអង្កេត»។
សូមជម្រាបថា នៅរយៈពេល១០ខែ ឆ្នាំនេះកម្ពុជានាំចេញអង្ករបានជាង៤៣ម៉ឺនតោន ក្នុងនោះប្រភេទអង្ករក្រអូបស្មើនឹងជាង៧៧ភាគរយ។ សហគមន៍អឺរ៉ុបទិញអង្កររបស់កម្ពុជាជិត៥០ភាគរយ៕