(ក្រចេះ)៖ គិតមកដល់ល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្រូវប្រាំងរបស់កសិករមានចំនួនជិត១ពាន់ហិតា ស្ថិតក្នុងសង្កាត់រកាកណ្តាលក្រុងក្រចេះ ខេត្តក្រចេះ កំពុងទទួលរងការលិចលង់ និងឈានទៅរងការខូចខាតទាំងស្រុង ប្រសិនបើសភាពលិចលង់នេះ នៅតែបន្តអូសបន្លាយរយៈពេលយូរ ដោយមិនមានការជួយសង្គ្រោះទាន់ពេលវេលាទេនោះ។
ការលិចលង់ដែលមានទំហំធំធេង គួរឱ្យសោកស្តាយរបស់ប្រជាកសិករខាងលើនេះ គឺក្រោយពេលដែលខេត្តក្រចេះ ទាំងមូលបានទទួលនូវឥទ្ធិពលព្យុះ USAGI បង្ករឱ្យមានភ្លៀងធ្លាក់ចំនួនពីថ្ងៃជាប់ៗ ជាហេតុធ្វើឱ្យមានទឹកជំនន់កើតឡើង ដោយកន្លែងខ្លះការលិចលង់ មានជម្រៅរហូតដល់ទៅពីរម៉ែត្រក៏មាន។
ពលរដ្ឋដែលបង្កបង្កើនផលស្រូវប្រាំង បានជម្រុញឱ្យអាជ្ញាធរក្រុង ចុះរុះរើចោល ឧបករណ៍ចាប់ត្រីជាច្រើនប្រភេទដែលដាក់បិទផ្លូវទឹក នៅតាមបឹង ព្រែក និងអូរនានា ដើម្បីរំដោះទឹកភ្លៀងឱ្យហូរចេញបានឆាប់រហ័ស។ អាជ្ញាធរក្រុងបានលើកឡើងថា ក្រោយពីជំនន់ទឹកភ្លៀង ដែលកើតចេញពីចំហាយព្យុះបានបង្អុរធ្លាក់រយៈពេល២យប់១ថ្ងៃ បានបង្កការជនលិចយ៉ាងធ្ងន់ធ្ងរស្ទើរគ្រប់ទីកន្លែង ក្នុងភូមិសាស្រ្តក្រុងក្រចេះ។
លោក ហេង រ័ត្នម៉ូលីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ បានឱ្យដឹង នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆកា ដែថា លោកបានចាត់មន្រ្តីរបស់លោក ចុះទៅសហការជាមួយអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ចុះទៅរុះរើបទល្មើសនេសាទដូចជា ធ្នួស និងរបាំងស្បៃមុង នៅតាមបណ្ដាព្រែកនានា ដែលជាហេតុបណ្ដាលឱ្យស្ទះទឹកហូរចូលក្នុងទន្លេមិនលឿន។
លោកប្រធានមន្ទីររូបនោះ បានបន្តទៀតថា នេះជាគ្រោះធម្មជាតិដែលខេត្តក្រចេះ ទទួលរងនៅឥទ្ធិពលព្យុះ (USAGI) ហើយមិនមានវិធីទប់ស្កាត់ទេ បើទោះបីជាយកម៉ាស៊ីនបូមទឹកចេញក៏មិនកើតដែរ មានតែរុះរើ បទល្មើសនេសាទតាមបណ្ដាព្រែកនានា ដើម្បីឱ្យទឹក ហូរបានលឿន អាច ៥ទៅ៦ថ្ងៃទៀតទឹក និងហូរស្រកផុត ហើយស្រូវរបស់ពលរដ្ឋ ដែលព្រោះចាប់២០ថ្ងៃឡើងទៅ ស្រូវដុះបានវែងមិនទទួលរងការខូចខាត់ប៉ុន្មាននោះទេ តែបើស្រូវទើតែព្រោះបានត្រឹម១០ថ្ងៃ និងទទួលការរងខូចខាតជាខ្លាំង៕