(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានមួយស្ដីពីការដាក់ដំណើការ ការប្រើប្រាស់ និងលទ្ធផលនៃការអនុវត្តគម្រោងមូលនិធិ នៃការកសាងសមត្ថភាព និងការស្រាវជ្រាវព្រមទាំងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានឆ្នាំ២០១៧។
សន្និសីទនេះរៀបចំឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមការចូលរួមពីលោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន, លោក តុល ញ៉ក់ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រៃសណីយ៍។
លោក កាន ច័ន្ទមេត្តា ឲ្យដឹងថា ជាលទ្ធផលនៃការអនុវត្តច្បាប់ទូរគមនាគមន៍ និងការបង្កើតមូលនិធិស.អ.នេះឡើងក្នុងឆ្នាំ២០១៧ មានប្រតិបត្តិករទូរគមនាគមន៍ចំនួន៨៧% បានបង់វិភាគទានចូលមូលនិធិស.អ. ដើម្បីប្រើប្រាស់ក្នុងការទ្រទ្រង់ និងលើកកម្ពស់ដល់ការកសាងសមត្ថភាព និងការស្រាវជ្រាវ ព្រមទាំងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
លោកបន្ដថា ស្របតាមផែនការ ស.អ. ឆ្នាំ២០១៧-២០១៨ ដែលបានដាក់ចេញដោយក្រុមប្រឹក្សាមូលនិធិស.អ. ថវិកាមូលនិធិស.អ. បានចំណាយលើការអនុវត្តគម្រោងជាច្រើនរួមមាន៖
១៖ ការផ្តល់អាហារូបករណ៍ ដល់និសិ្សតសិក្សាផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានចំនួន៨៤នាក់ ក្នុងនោះ៣០នាក់នឹងចូលរៀនក្នុងឆ្នាំ២០១៩ និងមានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងថ្នាក់អនុបណ្ឌិត០៣រូប និងបរិញ្ញាបត្រសិក្សាក្នុងស្រុក៨១រូប និងការផ្តល់ថវិកាទ្រទ្រង់វគ្គបណ្តុះបណ្តាលជំនាញ ប.គ. ដល់និសិ្សតបានចំនួន ២គម្រោងរួមមាន Soft Skill Training ក្នុងវិស័យ ទ-បគព និងកម្មវិធី Cambodia ICT Volunteer។
២៖ ការស្ថាបនាបន្ទប់កុំព្យូទ័រតាមវិទ្យាល័យចំនួន២០ ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។ គម្រោងនេះត្រូវបានជជែកពិភាក្សារវាងក្រសួងទាំងពីររួចរាល់ រងចាំការអនុវត្តក្នុងពេលដ៏ខ្លីខាងមុខ។
៣៖ ផ្តល់ថវិកាដល់ការងារស្រាវជ្រាវចំនួនបី ដែលកិច្ចការស្រាវជ្រាវនឹងចាប់ផ្តើមក្នុងពេលខាងមុខ ដោយការស្រាវជ្រាវទាំងនោះរួមមាន IoT, Data Science និង Khmer Language Processing។
៤៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងវិស័យប.គ.ព ដោយបង្កើតនូវបន្ទប់ពិសោធន៍ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់វិស័យអប់រំរួមមាន៖ Incubation Center នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា,
Incubation Center នៅសកលវិទ្យាល័យជាតិគ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ដល់ការងារគ្រប់គ្រងតាមសាលារៀន
បន្ទប់ពិសោធន៍ខាងផ្នែកបណ្តាញនៅវិទ្យាស្ថានNIPTICT មជ្ឈមណ្ឌលនវានុវត្តន៍នៅវិទ្យាស្ថានNIPTICT។
៥៖ ការទ្រទ្រង់សកម្មភាព និងកម្មវិធីមួយចំនួន ដើម្បីបង្កើនសហគ្រិនភាពខាងផ្នែកបច្ចេកវិទ្យានៅកម្ពុជា មានទាំងការបណ្តុះបណ្តាលជំនាញ និងមុខរបរ ព្រមទាំងការប្រកួតប្រជែងទាំងក្នុង និងក្រៅស្រុកចំនួន០៧គម្រោង ព្រមទាំងផ្តល់គម្រោង SMEs Go Digital ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៧ ក្រោមការសម្របសម្រួលពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ដឹកនាំដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយគម្រោងនេះនឹងបន្តអនុវត្តនៅឆ្នាំក្រោយៗទៀត។
លោក កាន ច័ន្ទមេតា្ត ស្នើឱ្យប្រតិបត្តិករទូរគមនាគមន៍ចំនួនតូច ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់វិភាគទានមូលនិធិស.អ. ឆ្នាំ២០១៧ រួសរាន់បង់វិភាគទានមុននឹងក្រុមប្រឹក្សាមូលនិធិស.អ. ចាត់វិធានការបន្ទាប់៕