(សៀមរាប)៖ មន្ទីរសុខាភិបាលចំនួន៣ខេត្ត រួមមាន៖ ខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បានរៀបចំសិក្ខាសាលា «រៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០១៩ សម្រាប់កម្មវិធីសំណុំសមាហរណកម្មសេវាកម្មសុខភាពមាតា ទារក និងកុមារ» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារ សោមាទេវី នាក្រុងសៀមរាប។
កម្មវិធីនេះ មានការអញ្ជើញចូមរួមពីសំណាក់លោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល លោកស្រី លី ហាន់គីយ៉ូរេ តំណាង KOFIH Head Quarter, លោកវេជ្ជបណ្ឌីត គីម ស៊ាំងឃ្យុន ប្រធាន KOFIH ប្រចាំកម្ពុជា, លោកសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខាភិបាលសាធារណៈ, លោកសាស្ត្រាចារ្យជំនួយ ឌុក ឆវេទ នាយកសាលាមធ្យមសិក្សាសុខាភិបាល ភូមិភាគបាត់ដំបង, លោកស្រីវេជ្ជបណ្ឌិត ជាង កន្និដ្ឋា តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា រួមនិងវត្តមានរបស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ត្រីរាជការ នៃមន្ទីរសុខាភិបាលខេត្តទាំងបី និងដៃគូរជាប់ពាក់ព័ន្ធ សរុបប្រមាណជាង២០០នាក់។
លោកស្រី ស្រី ឱ វណ្ណឌីន បានថ្លែងថា សិក្ខាសាលានេះ គឺសហការជាមួយអង្គការ KOFIH ដោយលោកស្រី បានរំលឹកថា ទំនាក់ទំនង រវាងអង្គការ KOFIH និងក្រសួងសុខាភិបាលកម្ពុជា ក្នុងកំឡុងឆ្នាំ២០១០ យោងតាមការស្នើសុំយោបល់របសអង្គការ KOFIH អំពីគម្រោងលើការកសាងសមត្ថភាពឆ្មប និងដោយមើលឃើញនូវតម្រូវការលើវិស័យសុខាភិបាលរបស់ខេត្តបាត់ដំបង ថ្នាក់ដឹកនាំក្រសួង បានពិនិត្យសម្រេច និងអនុញ្ញាតឱ្យអង្គការ KOFIH អនុវត្តគម្រោងខាងលើនេះ នៅខេត្តបាត់ដំបង ហើយក្រោយមក ក៏បានអនុវត្តនៅខេត្តពោធិ៍សាត់ និងប៉ៃលិន។
លោកស្រី បានបន្ថែមថា ជាលទ្ធផល តាមរយៈជំនួយរបស់ KOFIH សម្រាប់វិស័យសុខាភិបាលក្នុងខេត្តបាត់ដំបង និងសាលាមធ្យមសិក្សា សុខាភិបាលភូមិភាគបាត់ដំបង មានការរីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថភាពសិស្សឆ្មប ព្រមទាំងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់។ ហើយសម្រាប់ការគាំទ្រពី KOFIH ក្នុងរយៈពេល៥ឆ្នាំ បានបញ្ចប់កាលពីឆ្នាំ២០១៦។ ហើយបានបន្តក្នុងដំណាក់ កាលទី២ ដោយពង្រីកការអនុវត្តទៅខេត្តពីរទៀត គឺខេត្តពោធិ៍សាត់ និងប៉ៃលិន សម្រាប់ឆ្នាំ២០១៧-២០២១ ដែលមានទឹកប្រាក់ប្រមាណ ៨លានដុល្លារអាមេរិក។
លោកស្រី បានគូសបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង បម្រើប្រជាពលរដ្ឋ ហើយបានបង្ខិតសេវាមកកៀកកិតនឹងប្រជាពលរដ្ឋ ដោយមានការបង្កើតមណ្ឌលសុខភាព មន្ទីរពេទ្យថ្មីៗបន្ថែម ការកែលម្អរហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលការពង្រឹងប្រព័ន្ធសុខាភិបាល ការពង្រឹងសមត្ថភាពជំនាញដល់មន្ត្រីរាជកា និងកែលម្អគុណភាពសេវា ការបង់ថ្លៃជំនួសអតិតមន្ត្រីរាជការ អតិតមន្ត្រីរាជការ យោធិន កម្មករនិយោជិក និងប្រជាពលរដ្ឋក្រីក្រ ។
លើសពីនេះទៀតសម្ដេចតេជោ ហ៊ុន សែន បានប្ដេជ្ញាចិត្តបម្រើប្រជាពលរដ្ឋទ្វេរដង នៅក្នុងអាណត្តិទី៦ នៃរដ្ឋសភា ហើយពួតដៃគ្នា ដើម្បីប្រែក្លាយខ្លួនជាអ្នកផ្ដល់សេវាដ៏មានប្រសិទ្ធិភាព និងជាដៃគូអភិវឌ្ឍន៍ដែលអាចទុកចិត្តបានសំដៅ «បម្រើប្រជាពលរដ្ឋឱ្យបានកាន់ តែល្អប្រសើរឡើង» ក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធីភាព ក៏ដូចជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភាព សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣ ដែលតម្រូវឱ្យមន្ត្រីរាជការ ត្រូវមានលក្ខណៈសម្បត្តិ៤យ៉ាងគឺទី៖ ទឹកចិត្តបម្រើការងារមោះមុត, ទី២៖ ភក្តីភាពចំពោះរដ្ឋ និងប្រជាជន, ទី៣៖ ផ្ដោតលើសេវា និងទី៤៖ សីលធម៌វិជ្ជាជីវៈ គឺការបំពេញភារកិច្ចដោយតម្លាភាព សមត្ថភាព និងប្រសិទ្ធិភាព៕