(កំពត)៖ ឧត្តមសេនីយ៍ឯក ហេង វុទ្ធី អគ្គលេខាធិការរង នៃអាជ្ញាធរជាតិគីមី ក្រសួងការពារជាតិ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដឹកនាំមន្ត្រីជំនាញ បន្តចុះផ្សព្វផ្សាយច្បាប់ស្តីពី «ការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែ អាវុធជីវសាស្រ្ត និងអាវុធវិទ្យុសកម្ម» ដល់រដ្ឋបាលខេត្តកំពត។
ការចុះផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ជឹង ផល្លា អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តកំពត ជាវ តាយ និងអស់លោក-លោកស្រីជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជុំវិញខេត្ត ព្រមទាំងកងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ។
ថ្លែងក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពី ការហាមឃាត់អាវុធគីមីគ្រប់ប្រភេទនេះ ឧត្តមសេនីយ៍ឯក ហេង វុទ្ធី បានថ្លែងថា អាវុធគីមី អាវុធជីវសាស្ត្រ អាវុធនុយក្លេអ៊ែរ និងអាវុធវិទ្យុសកម្ម កំពុងគំរាមកំហែង យ៉ាងធ្ងន់ធ្ងរលើសន្តិសុខ សន្តិភាព ក៏ដូចជាស្ថេរភាពក្នុងតំបន់ ព្រមទាំងពិភពលោក នាពេលបច្ចុប្បន្ន។ ដោយឡែក នៅកម្ពុជាក៏មានការគំរាមកំហែងដោយសារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់ ដល់សុខភាពសាធារណៈ អាយុជីវិត ពិសេសវាអាចរារាំង ដល់ដំណើរការអភិវឌ្ឍប្រទេសជាតិតែម្តង។ ដូច្នេះការបញ្ជ្រាបចំណេះដឹងពីការគ្រប់គ្រងអាវុធគីមី អាវុធជីវសាស្ត្រ អាវុធនុយក្លេអ៊ែរ និងអាវុធវិទ្យុសកម្មដល់គ្រប់មជ្ឈដ្ឋាន ក្នុងក្របខណ្ឌទូទាំងប្រទេសជាករណីចាំបាច់ ដើម្បីបញ្ចៀសនូវហានិភ័យ សម្រាប់សង្គមទៅថ្ងៃក្រោយ។
លោកបន្តថា ផ្អែកលើការប្រមើលមើលពីបញ្ហាគ្រោះថ្នាក់ នៅចំពោះមុខបែបនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានចេញនូវអនុក្រឹត្យលេខ៤០.អនក្រ.បក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ ស្តីពី «សារធាតុគីមីដែលពាក់ព័ន្ធ នឹងការផលិតអាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម»។ អនុក្រឹត្យនេះ មានគោលបំណងបង្កើនប្រសិទ្ធភាព លើការគ្រប់គ្រងសារធាតុគីមី ផលិតផលគីមី និងផលិតផលគីមីប្រើប្រាស់ ប្រកបដោយសុវត្ថិភាព ព្រមទាំងបញ្រ្ជាបឱ្យបានគ្រប់ជ្រុងជ្រោយ ដល់ប្រជាពលរដ្ឋអំពីភាពអាចបង្កគ្រោះថ្នាក់ ក៏ដូចជាការពារសុខភាពមនុស្ស សត្វ បរិស្ថានឱ្យចៀសផុតឥទ្ធិពលគ្រោះថ្នាក់ ដោយសារករណីទាំងនោះ។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៨នេះ មានព្រឹត្តិការបីគួរឱ្យគាត់សម្គាល់ទាក់ទងនឹងសារធាតុគីមីពុល មានសារធាតុកគីមីពុល បណ្តាលឱ្យទឹកនៅក្បែរៗ រោងចក្រនៅឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល មានក្លិនស្អុយ រមាស់ ប្រើប្រាស់ លែងកើត, ២៖ ការពុលទឹកក្នុងភូមិចំនួនបួន ក្នុងឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ បណ្តាលឱ្យមនុស្សស្លាប់១៦នាក់ និងរបួស២០០នាក់, និងទី៣.ករណីសិស្សសាលាអនុវិទ្យាល័យពង្រ ស្រុកស្ទោង ខេត្តកំពង់ធំ ចំនួន៣០នាក់ ពុលអាហារ និងដួលសន្លប់។
ដោយសារមូលហេតុនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានចេញនូវអនុក្រឹត្យខាងលើនេះ ដើម្បីទប់ស្កាត់ និងហាមឃាត់នូវរាល់សារធាតុគីមីដែលពាក់ព័ន្ធនិងការផលិតអាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម៕