(កណ្ដាល)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយជំនាញស្នងការយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស, កងរាជអាវុធហត្ថខេត្តព្រះវិហារ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាចោរលួចរថយន្ត និងក្រុមទទួលផលចោរកម្ម បានជាបន្តបន្ទាប់។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល ថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
ប្រតិបត្តិការនេះដោយអនុវត្តន៍នូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេស ប្រសាស្រ្តដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលលោកតែងតែយកចិត្តទុកដាក់ តាស់តឿនក្រើនរំលឹកដល់ មេបញ្ជាការគ្រប់កងឯកភាព ពង្រឹងការយកចិត្តទុកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទពិសេសបទល្មើសគ្រឿងញៀន បទល្មើសលួចឆក់ ប្លន់ ឃាតកម្មជាដើម។
ជាក់ស្តែងករណីលួចរថយន្ត LEXUS RX330 មួយកើតឡើងនៅវេលាម៉ោង០១៖៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចយានដ្ឋាន ស្ថិតនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។ បង្កដោយជនសង្ស័យឈ្មោះ ហេង សុភ័ក្រ ហៅ រ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត មានស្រុកកំណើតភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេតកោះកុង មានទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ បានធ្វើសកម្មភាពលួចយកកូនសោរ ហើយបញ្ឆេះរថយន្ត០១គ្រឿង ម៉ាកលុចស៊ីស (LEXUS RX-330) ពណ៌ស ផលិតឆ្នាំ២០០៤ ដែលទុកនៅក្នុងយានដ្ឋានកន្លែងកើតហេតុខាងលើចេញទៅបាត់។
ក្រោយកើតហេតុភ្លាមម្ចាស់យានដ្ឋានបានមកដាក់ពា្យបណ្តឹង នៅកងរាជអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីបានទទួលពាក្យបណ្តឹង និងការបំភ្លឺនូវរឿងហេតុ ខាងលើ កម្លាំងមន្ទីរជំនាញខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ បានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ ស្រាវជ្រាវតាមចាប់ជនសង្ស័យ។
ក្រោមបញ្ជា និងការដឹកនាំយ៉ាងយកចិត្តទុកដាក់បំផុតពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល និងដោយមានការចុះដឹកនាំផ្ទាល់ ដោយលោកមេបញ្ជាការរង ទូច អ៊ីណាន ទទួលការងារយុត្តិធម៌ និងដោយលោកវរសេនីយ៍ត្រី អ៊ុយ សុវណ្ណា ប្រធានមន្ទីរយុត្តិធម៌ បានដឹកនាំកម្លាំងចុះអង្កេតស្រាវជ្រាវទាំងយប់ទាំងថ្ងៃ រហូតឈានដល់ការកំណត់អត្ដសញ្ញាណមុខសញ្ញាជនសង្ស័យបាន ព្រមទាំងដឹងថា ជនសង្ស័យបានយករថយន្តខាងលើ លក់ឲ្យអ្នកដទៃនៅរាជធានីភ្នំពេញ រួចរត់គេចខ្លួនទៅខេត្តព្រះវិហារ។
ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តព្រះវិហារ ពិសេសគឺកិច្ចសហការណ៍យ៉ាងជិតស្និត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងការពុះពារមិនខ្លាចនឿយហត់របស់ជំនាញស្នងការដ្ឋានយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស រាជធានីភ្នំពេញ ខេត្តព្រះវិហារ ទើបនៅវេលាម៉ោង០៨៖៣០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងជំនាញបានស្វែងរកឃើញ និងចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង សុភ័ក្រ ហៅ រ៉ា នៅចំណុចក្នុងភោជនីយ៍ដ្ឋានស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ យកមកសាកសួរនៅអាវុធហត្ថខេត្តកណ្តាលតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចរថយន្តខាងលើ យកទៅលក់ឲ្យមនុស្សម្នាក់ដែលធ្លាប់ស្គាល់គ្នា (មិនស្គាល់អត្តសញ្ញាណច្បាស់លាស់) នៅក្នុងវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ រួចក៏គេចខ្លួនទៅខេត្តព្រះវិហារ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ជំនាញមន្ទីរយុត្តិធម៌ បានកសាងសំណុំរឿងព្រមទាំងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តកណ្តាល ឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
បន្ទាប់ពីខិតខំស្រាវជ្រាវអស់មួយរយៈ កម្លាំងជំនាញកំណត់បាននូវមុខសញ្ញាទទួលផលចោរកម្ម (ទិញរថយន្តខាងលើ) ដោយមានការដឹកនាំចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងមានការសម្របសម្រួលកិច្ចនីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល រាជធានីភ្នំពេញ ជាថ្មីម្តងទៀតនោះ ទើបកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល រាជធានីភ្នំពេញ ធ្វើការបើកអង្កេតស្រាវជ្រាវស្វែងរកចាប់ឃាត់ខ្លួន ជនសង្ស័យដែលជាអ្នកទទួលផលចោរកម្មបានជាបន្តបន្ទាប់។
នៅវេលាម៉ោង១១៖២០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឃាត់ខ្លួនឈ្មោះ ឡេវ សុខសាញ់ ហៅពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិអូរក្រោម ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅចំណុចក្នុងវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាអ្នកទទួលផលចោរកម្ម ក្នុងអំពើលួច រថយន្ត០១គ្រឿង ម៉ាកLEXUS RX330 ពណ៌ស ផលិតឆ្នាំ២០០៤ កាលពីវេលាម៉ោង០១៖៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្នុងយានដ្ឋានមួយ នៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។
នៅចំពោះមុខសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា រូបគេពិតជាបានទិញរថយន្តខាងលើពីឈ្មោះ ហេង សុភ័ក្រ្ត ហៅ រ៉ា ពិតប្រាកដមែន ហើយរថយន្តនេះ រូបគេបានលក់បន្តឲ្យទៅអ្នកផ្សេង ដែលធ្លាប់ស្គាល់គ្នាតាមរយ:ទិញ-លក់ដី។
រហូតដល់វេលាម៉ោង០៤៖០០នាទី ថ្ងៃទី២៦ ខែវិច្ឆិកាដដែល កម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យមួយទៀត (អ្នកទិញបន្តពីឈ្មោះ ឡេវ សុខសាញ់ ហៅ ពិសិដ្ឋ) នៅចំណុចក្នុងវត្តជន្លុងម្លូ ស្ថិតក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបានដកហូតរថយន្ត LEXUS RX330 ពណ៌ស ផលិតឆ្នាំ២០០៤ (បាត់ផ្លាកលេខ) ដែលជារបស់ជនរងគ្រោះមកវិញ។
ជនសង្ស័យក្នុងអំពើទទួលផលចោរកម្មទាំងខាងលើ ត្រូវបានជំនាញមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរខាងលើ ក៏ដោយសារមានការសម្របសម្រួលកិច្ចនីតិវិធី ពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តពាក់ព័ន្ធ តាមដំណាក់កាលនីមួយៗ ក្នុងការពន្លាតសមត្ថកិច្ចដែនដីផងដែរ និងដោយមានការកិច្ចសហការល្អរវាងជំនាញកងរាជអាវុធហត្ថ គ្រប់លំដាប់ថ្នាក់ ពិសេសការដឹកនាំបញ្ជាការផ្តល់នូវមធ្យោបាយ ថវិកាពីលោកឧត្តមសេនីយ៍មេបញ្ជាការម៉្យាងវិញទៀត គឺការយកអស់ពីកម្លាំងកាយចិត្ត ប្រកបដោយ ឆន្ទៈបច្ចេកទេស បទពិសោធន៍ខ្ពស់របស់ជំនាញ៕