(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសវនការជាមួយ លោក អាំផាយ ឃិនដាវង្ស (Amphay KINDAVONG) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលទើបតែងតាំងថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។
សម្តេច ហេង សំរិន បានកោតសរសើរ និងពេញចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូតឡាវ នៅកម្ពុជា ដែលបានដើរតួជាតំណាងបេសកកម្មការទូត ដ៏មានជោគជ័យក្នុងការពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រជាជាតិទាំងពីរ។
ក្នុងនាមរដ្ឋសភា សម្តេចបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា គាំទ្រពេញទំហឹងចំពោះ បេសកកម្មរបស់លោកឯកអគ្គរដ្ឋទូត នឹងសន្យាធ្វើកិច្ចសហការពេញលេញ ដើម្បីឲ្យបេសកកម្មការទូតរបស់លោផក នៅកម្ពុជាទទួលបានជោគជ័យ ហើយសម្តេច ហេង សំរិន បានវាយតម្លៃខ្ពស់ ចំពោះពីវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស រដ្ឋ រដ្ឋាភិបាល ក៏ដូចជារដ្ឋសភា កម្ពុជា-ឡាវ ដែលមានការរីកចម្រើនឥតឈប់ឈរ។
ចំពោះកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរវិញ សម្តេច ហេង សំរិន បានលើកឡើងថា រដ្ឋសភាកម្ពុជា នីតិកាលទី៦ នឹងបន្តពង្រឹងពង្រីក ទំនាក់ទំនងការទូតសភា តាមរយៈកិច្ចសហប្រតិបត្តិការ ទ្វេភាគី ពហុភាគី ជាពិសេសគឺបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយរដ្ឋសភាឡាវ និងគាំទ្រគ្នា ទៅវិញទៅមក លើវេទិកាអន្តរសភានានា ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជនប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោក អាំផាយ ឃិនដាវង្ស បានអបអរចំពោះលទ្ធផលបោះឆ្នោតជ្រើសតំាង សមាជិករដ្ឋសភានីតិកាលទី៦ និងបានសាទរយ៉ាងក្រៃលែង ចំពោះរដ្ឋសភាកម្ពុជា ដែលផ្តល់សេចក្តីទុកចិត្តជូន សម្តេចពញាចក្រី ហេង សំរិន បន្តដឹកនាំរដ្ឋសភាក្នុងអាណត្តិថ្មីទៀត។
លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបក្ស រដ្ឋ និងប្រជាជនកម្ពុជា-ឡាវ ឲ្យកាន់តែរឹងមាំ ថែមទៀតនោះ នៅក្នុងខែធ្នូខាងមុខនេះ ឥស្សរជនជាន់ខ្ពស់កម្ពុជា ដែលមានសម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ជាដើមនឹងអញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសឡាវផ្សេងៗគ្នា។
លោក អាំផាយ ឃិនដាវង្ស បានថ្លែងថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ សម្តេចតេជោ ហ៊ុន សែន នៅប្រទេសឡាវ រដ្ឋាភិបាលប្រទេសទំាងពីរ និងចុះកិច្ចព្រមព្រៀងយោគយល់គ្នាលើវិស័យអប់រំ វប្បធម៌ និងថាមពលអគ្គិសនី។ ជាមួយគ្នានេះប្រទេសទំាងពីរ ក៏នឹងពិភាក្សាគ្នាលើបញ្ហាពាណិជ្ជកម្ម ពិសេសសការលើកលែងពន្ធត្រួតគ្នា និងបញ្ហាបត្យាប័នអ្នកទោសផងដែរ។
ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសន្យាថា នៅក្នុងអាណត្តិកាទូតរបស់លោក នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាង ប្រទេសកម្ពុជា និងឡាវឲ្យកាន់តែរឹងរាំឡើងថែមទៀត ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ៕