(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី មាស សុភា សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ និងលោក វឹង គ័រចឹង អគ្គនាយកក្រុមហ៊ុន មីនវៃសៀន ស៊ីហ្សិននីង តិចណូឡូជី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅរោងចក្រផលិតគ្រឿងទេស របស់ក្រុមហ៊ុន មីនវៃសៀន ស៊ីហ្សីននីង ថេកណូឡូជី ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពិធីសម្ពោធនេះ រៀបចំឡើងនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីរោងចក្រផលិតគ្រឿងទេសនេះបានសាងសង់រួច ស្របតាមច្បាប់អនុញាត្តិ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោក វឹង គ័រចឹង បានបញ្ជាក់ថា ក្រុមហ៊ុន មីនវៃសៀន ស៊ីហ្សិននីង ថេកណូឡូជី ត្រូវបានវិនិយោគ បង្កើតឡើងដោយសហគ្រិន នៃខេត្តហ្វូជាន សាធារណរដ្ឋប្រជាមានិតចិន ដោយមានការជួយជ្រោមជ្រែង គាំទ្រពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នឹងការផ្តល់កម្លាំងចិត្តពីមិត្តភក្តិរួមអាជីពយ៉ាងច្រើន ដែលមកវិនិយោគនៅកម្ពុជា រួមនឹងការគាំទ្រពីប្រជាជនកម្ពុជា ចំពោះផលិតផលគ្រឿងទេស របស់ក្រុមហ៊ុនកន្លងមក ព្រមទាំងមានការបង្កលក្ខណ:ងាយស្រួលពីក្រសួង ស្ថាប័នពាក់ព័ន្ធ ទើបធ្វើឲ្យក្រុមហ៊ុន មីនវៃសៀន បានដំណើការជោគជ័យមកដល់ពេលនេះ។
លោកបន្ថែមទៀតថា បេសកកម្ម ផលិតចំណីអាហារគ្រឿងទេសធម្មជាតិ សុវត្ថិភាពមានឱជារស់ឈ្ងុយឆ្ងាញ់ និងងាយស្រួល ដើម្បីជំរុញដល់ការអភិវឌ្ឍន៍ សុវត្ថិភាព វិស័យឧស្សាហ៍កម្មផ្នែកចំណីអាហារនៅកម្ពុជា ឲ្យមានការរីកចម្រើន ។ ការវីនីយោគរបស់ក្រុមហ៊ុន មីនវៃសៀន នៅកម្ពុជា នាពេលនេះ គឺជាការរួមចំណែកមួយជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដល់ប្រជាជនកម្ពុជា តាមរយ:ការបង្កើតឲ្យមានការងារធ្វើ នឹងបង្កើនប្រាក់ចំណូលដល់ប្រជាជនកម្ពុជា មួយចំណែកផងដែរ។
លោកបន្តថា ក្រុមហ៊ុន មីនវៃសៀន ប្តេជ្ញាចិត្តថា នឹងធ្វើជាសហគ្រាសចំណីអាហារគ្រឿងទេស ដែលផ្តល់ជូននូវគុណភាពខ្ពស់ តម្លៃទាបសមរម្យ ប្រកាន់ភ្ជាប់នូវឧត្តមគតិ ស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពតាមគោលការណ៍ អ្នកទទួលខុសត្រូវចំបង ចំពោះសុវត្ថិភាពចំណីអាហារ គុណភាពជាចម្បង និងទំនុកចិត្តយ៉ាងសំខាន់ ដោយយកផលិតផលដែលមានគុណភាពល្អ និងឥរិយាបទស្មោះត្រង់ ដើម្បីបំពេញតម្រូវការទីផ្សារនិងអតិថិជន។
លោក មាស សុភា ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា លោករីករាយស្វាគមន៍ ចំពោះការចូលមកវិនិយោគ ដើម្បីបង្កើតរោងចក្រផលិតគ្រឿងទេស នៃក្រុមហ៊ុន មីនវៃសៀន ស៊ីហ្សិននីង នឹងថេកណូឡូជី នៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ការចូលមកវិនិយោគកសាងនូវរោងចក្រផលិតចំណីអាហារគ្រឿងទេស របស់ក្រុមហ៊ុននៅពេលនេះ ចំពេលដែលប្រទេសកម្ពុជា កំពុងអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនឲ្យឈានទៅរកភាពរីកចម្រើន ដូចប្រទេសក្នុងតំបន់ និងនៅលើសកលលោក។
លោក មាស សុភា ក៏បានលើកឡើងថា ការចូលមកវិនិយោគបង្កើតរោងចក្រផលិតចំណីអាហារគ្រឿងទេស របស់ក្រុមហ៊ុន មីនវៃសៀន នៅកម្ពុជានាពេលនេះ គឺពិតជាបានធ្វើឲ្យសេដ្ឋកិច្ចប្រជាជនកម្ពុជា មានការរីកចម្រើន តាមរយ:នៃការផ្តល់ការងារដល់កម្មករ កម្មការីនី ដែលជាពលរដ្ឋកម្ពុជា។
លោកទេសរដ្ឋមន្ត្រីបានរំលឹកដល់ក្រុមហ៊ុន ឲ្យផលិតតែចំណីអាហារគ្រឿងទេសណា ដែលមានស្តង់ដា គុណភាព អនាម័យ សុខភាព ស្របតាមបទដ្ឋានដែលសាមីក្រសួងពាក់ព័ន្ធរបស់កម្ពុជាបានកំណត់។ ជាមួយគ្នានោះដែរ និយោជកទាំងអស់ ដែលចូលមកវិនិយោគនៅកម្ពុជា ក៏ត្រូវគោរពប្រតិបត្តិតាមច្បាប់របស់កម្ពុជា៕