(ភ្នំពេញ)៖ លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់បណ្តាលអភិបាលរាជធានី-ខេត្ត ចូលរួមក្នុងចលនាទ្រទ្រង់ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីប្រមូលបានថវិកាសប្បុរធម៌ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ជួយកុមារកម្ពុជា។

លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា ការអំពាវនាវនេះ ធ្វើឡើងដោយផ្អែកលើអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ ក្នុងការផ្សព្វផ្សាយអំពីមូលនិធិគន្ធបុប្ផាកម្ពុជា និងបំផុសចលនាកៀរគរមូលនិធិសម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា នៅគ្រប់ រាជធានី-ខេត្ត ទូទាំងប្រទេស មូលនិធិគន្ធបុប្ផាកម្ពុជា បានស្នើសុំកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ក្នុងការបង្កើតយន្តការសម្រាប់ការផ្សព្វផ្សាយ និងបំផុសបំផុលចលនានេះ។

លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានឲ្យដឹងទៀតថា ជាមួយនឹងកិច្ចសហការនេះ បណ្តាខេត្តមួយចំនួនបាន និងកំពុងរៀបចំយន្តការនេះ ជាបន្តបន្ទាប់តួយ៉ាងដូចជា ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ជាដើមបានរៀបចំបង្កើត «គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា» ប្រចាំខេត្ត ដើម្បីគាំទ្រចលនានេះ។

ជាក់ស្តែងជាជំហ៊ានដំបូង កាលពីថ្ងៃ១៣ ខែវិច្ចិកា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ក្រុមការងារគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តព្រះសីហនុ បាននាំមកនូវថវិកាចំនួន ៨០,០០០,០០០ (ប៉ែតសិបលាន) រៀល ដែលបានមកពីការចូលរួមបរិច្ចាគពីថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

ជាមួយគ្នានេះ លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏ដូចជា ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ដែលបានគាំទ្រ និងចូលរួមបំផុសចលនានេះ និងសូមស្នើសុំកិច្ចសហការពី អភិបាលនៃគណៈអភិបាលនៃបណ្តារាជធានី-ខេត្ត ផេ្សងៗទៀត ដើម្បីចូលរួមបំផុសចលនានេះ ដូចដែលបណ្តាខេត្តទាំងបីខាងលើ ក្នុងគោលដៅចូលរួមផ្សព្វផ្សាយឱ្យបាន និងកៀរគរមូលនិធិបន្ថែមតាមតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធានានិរន្តរភាពនៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុបា្ផក្នុងការពិនិត្យ ពិគ្រោះ និងព្យាបាល ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។ ដូចនេះសូមចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជារបស់យើងគ្រប់គ្នាដើម្បីនាំមកនូវភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

ព័ត៌មានស្តីពីមូលនិធិគន្ធបុប្ផាសូមទាក់ទងទូរស័ព្ទលេខ ០១៧ ៣៥ ១១ ៩៩ / ០៩០ ៨៨៨ ០៧២៕