(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់។
ទស្សនិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នេះ គឺជាទស្សនកិច្ចលើកទី១ ជាប្រវត្តិសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសនេប៉ាល់ ចាប់តាំងពីប្រទេសទាំងពីរ បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៩មក។
តាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា សម្តេចតេជោ និងគណៈប្រតិភូនឹងចំណាយពេលប្រមាណ៣ថ្ងៃចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកនៅប្រទេសនេប៉ាល់។
ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្នុងឱកាសទស្សនកិច្ចផ្លូវការ សម្តេចតេជោ ហ៊ុន សែន នឹងជួបសម្តែងការគួរសមជាមួយលោកស្រី ប៊ីធយ៉ា ដេវី បានដាវី ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ហើយក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក ខាត់ហ្គា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់។ បន្ទាប់មកថ្នាក់ដឹកនាំប្រទេសទំាងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។
ដោយឡែកក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨ នៅនេប៉ាល់ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ស្របតាមមូលបទនៃកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក២០១៨-នេប៉ាល់ «ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃយុគសម័យរបស់យើង៖ ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសាកល»។
នៅក្នុងឱកាសស្នាក់នៅប្រទេសនេប៉ាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទស្សនាទីប្រជុំជនបុរាណ ប៉ាតាន់ ឌួបា ដែលជារមណីដ្ឋានក្នុងបញ្ជីបេតិភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ឥស្សរជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ដំណើរចេញទៅក្រៅប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ គឺជាដំណើរចេញទៅក្រៅប្រទេសលើកទី១៣ហើយ នៅក្នុងឆ្នាំ២០១៨នេះ។
ខាងក្រោមជាប្រវត្តិចេញទៅបំពេញបេសកកម្មការងារ នៅក្រៅប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឆ្នាំ២០១៨នេះ៖
លើកទី១៖ បំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី២៤ ដល់២៧ ខែមករា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់ លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា។
លើកទី២៖ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី ដែលប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។
លើកទី៣៖ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ពីថ្ងៃទី៣០ ដល់៣១ ខែមីនា។
លើកទី៤៖ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ដែលប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។
លើកទី៥៖ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាយ៉េយ៉ាវាឌី-ចៅប្រាយ៉ា-មេគង្គ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy/ACMECS) លើកទី៨ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (Cambodia-Lao PDR-Myanmar-Viet Nam Summit/CLMV) លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ ដែលកិច្ចប្រជុំកំពូលនេះ ធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មិថុនា ២០១៨។
លើកទី៦ (ក្រោយបង្កើតរាជរដ្ឋាភិបាលបាន៤ថ្ងៃ)៖ ចូលរួមពិព័រណ៍អាស៊ាន-ចិន លើកទី១៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសៅចិន។ រួចបន្តអញ្ជើញទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងហាណូយ ប្រទេសវៀតណាម (ពីថ្ងៃទី១០-១៣ខែកញ្ញា ឆ្នាំ២០១៨)។
លើកទី៧៖ សម្តេចតេជោ ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធប្រធានាធិបតីវៀតណាមនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
លើកទី៨៖ សម្តេចតេជោ ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួម ចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
លើកទី៩៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំ កំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី៦ ដល់ថ្ងៃ១០ ខែតុលា ឆ្នាំ២០១៨។ បន្ទាប់មកបន្តដំណើរទៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ចូលរួមជំនួបប្រជុំថ្នាក់ដឹកនាំអាស៊ានចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០១៨។
លើកទី១០៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។ បន្ទាប់មកបន្តបំពេញទស្សនកិច្ចនៅប្រទេសតួកគីរយៈពេល៣ថ្ងៃពីថ្ងៃទី២០ ដល់ ២២ ខែតុលា។
លើកទី១១៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួម «សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍនៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ទី២៤ ខែតុលា ឆ្នាំ ២០១៨ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រោមមូលបទរួម «ការវិនិយោគលើការអភិវឌ្ឍប្រកបដោយចីរភាព»។
លើកទី១២៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅសិង្ហបុរី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ វិច្ឆិកា៕