(នេប៉ាល់)៖ ប្រទេស នេប៉ាល់ ជាប្រទេសនៅតំបន់អាស៊ីខាងត្បូង នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដោយក្នុងនោះក៏មានវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។
ខាងក្រោមនេះជាស្ថានភាពទូទៅនៃប្រទេស នេប៉ាល់៖
* ឈ្មោះជាផ្លូវការ៖ សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់
* រដ្ឋធានី៖ កាតម៉ាន់ឌូ
* ភាសាផ្លូវការ៖ ភាសា Nepali ភាសា Maithili ភាសា Bhojpuri រួមទាំងភាសាតូចៗជាច្រើនផ្សេងទៀត
* សាសនា៖ សាសនាហិណ្ឌូ៨១,៣% ព្រះពុទ្ធ៩% អ៉ីស្លាម៤,៤% គីរ៉ាន់៣% គ្រឹស្ត១,៤% អានីមីស០,៤% អ្នកគ្មានសាសនា០,៥%
* រដ្ឋាភិបាល៖ សាធារណរដ្ឋសភាសហព័ន្ធ មានទាំងប្រធានាធិបតី និងនាយករដ្ឋមន្ត្រី
* សភាសហព័ន្ធចែកចេញជាពីរ៖ សភាជាន់ខ្ពស់ និងសភាជាន់ទាប
* ផ្ទៃក្រឡាសរុប៖ ១៤៧ ១៨១ គីឡូម៉ែត្រការ៉េ ក្នុងនោះមានផ្ទៃទឹក ២,៨ភាគរយ
* ចំនួនប្រជាជន៖ ២៨ ៩៨២ ៧៧១នាក់ (ជាប់ចំណាក់ថ្នាក់ទី៤៨លើពិភពលោក របាយការណ៍ឆ្នាំ២០១៦)
* ដង់ស៊ីតេ៖ ១៨០នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ
* GDP សរុប៖ ៨៤ពាន់លានដុល្លារអាមេរិក
* GDP ម្នាក់់៖ ២៨៤២ដុល្លារអាមេរិក
* ទិសដៅបើកបរ៖ ប្រកាន់ឆ្វេង
១៖ ស្ថានដី និងអាកាសធាតុ
ប្រទេស នេប៉ាល់ មានបណ្តោយវែងបំផុតប្រវែង៨០០គីឡូម៉ែត្រ និងទទឹងវែងបំផុតប្រវែង ២០០គីឡូម៉ែត្រ ត្រូវបានគេបែកចែកចេញពីបីតំបន់គឺ តំបន់ភ្នំ ខ្ពង់រាប និងទំនាប។ ប្រទេសនេះមានផ្ទៃក្រឡា ១៤៧១៨១គីឡូម៉ែត្រការ៉េ មានប្រជាជនចំនួនប្រហែល២៨លាននាក់។ នេប៉ាល់ ជាប្រទេសដែលមានផ្ទៃក្រឡាធំជាងគេជាប់ចំណាត់ថ្នាក់ទី៩៣ និងជាប្រទេស ដែលមានចំនួនប្រជាជនច្រើនជាងគេជាប់ចំណាត់ថ្នាក់ទី៤១នៅលើពិភពលោក។
ប្រទេស អាស៊ីខាងត្បូងមួយនេះ ស្ថិតនៅក្បែរជួរភ្នំ Himalaya និងមានបន្ទាត់ព្រំដែនខាងជើងជាប់ប្រទេស ចិន ចំណែកខាងត្បូង ខាងកើត និងខាងលិចជាប់ប្រទេស ឥណ្ឌា។ ប្រទេស នេប៉ាល់ ត្រូវបានខ័ណ្ឌចែកពីប្រទេស បង់ក្លាដែស និងប៊ុយតង់ដោយចំរៀកដីរបស់ប្រទេស ឥណ្ឌា។ ជួរភ្នំដែលស្ថិតនៅភាគខាងជើងប្រទេស នេប៉ាល់ ប្រមូលផ្តុំទៅដោយភ្នំខ្ពស់ៗទាំងប្រាំបី ក្នុងចំណោមភ្នំដែលខ្ពស់ជាងគេទាំង១០នៅលើពិភពលោក ក្នុងនោះរួមទាំងភ្នំ Everestផងដែរ។ នៅទីនោះមានកំពូលភ្នំជាង២៤០ មានកំម្ពស់ជាង៦.០៩៦ម៉ែត្រពីនីវ៉ូសមុទ្រ គឺសុទ្ធតែស្ថិតនៅក្នុងប្រទេស នេប៉ាល់។ ដោយឡែកតំបន់ Terai ភាគខាងត្បូងជាតំបន់សើម និងសម្បូរដោយជីវជាតិ។ នេប៉ាល់ត្រូវបានបែងចែកជាប្រាំរដូវគឺ រដូវក្តៅ រដូវខ្យល់មូសុង រដូវស្លឹកឈើជ្រុះ រដូវរងា និងរដូវផ្ការីក។
២៖ ប្រជាជន
ប្រជាពលរដ្ឋនេប៉ាល់ ចំនួន៨១,៣ភាគរយ ជាអ្នកកាន់សាសនាហិណ្ឌូ ដែលនេះជាភាគរយនៃអ្នកកាន់សាសនាហិណ្ឌូខ្ពស់ជាងគេ ក្នុងចំណោមប្រទេសនានានៅលើពិភពលោក។ ចំណែកសាសនាព្រះពុទ្ធ គឺជាសាសនាតាំងពីសម័យប្រវត្តិសាស្ត្រ ប៉ុន្តែបច្ចុប្បន្នមានអ្នកប្រតិបត្តិត្រឹមតែ៩ភាគរយតែប៉ុណ្ណោះ ហើយអ្នកកាន់សាសនាឥស្លាម មានចំនួន៤,៤ភាគរយ សាសនា Kiratism ចំនួន៣,១ភាគរយ សាសនាគ្រិស្តចំនួន១,៤ភាគរយ ចំណែកអ្នកមានជំនឿលើវិញ្ញាណផ្សេងៗមានចំនួន០,៤ភាគរយ។
៣៖ ប្រវត្តិ
របបរាជានិយម ធ្លាប់កើតមានក្នុងទំព័រប្រវត្តិសាស្ត្រប្រទេស នេប៉ាល់ ជាយូរណាស់មកហើយ ដោយប្រទេសនេះធ្លាប់ស្ថិតក្រោមការដឹកនាំរបស់ខ្សែស្រឡាយស្តេច Shah ពីឆ្នាំ១៧៦៨រហូតដល់ឆ្នាំ២០០៨។ បន្ទាប់ពីសង្គ្រាមស៊ីវិលអូសបន្លាយអស់រយៈជាងមួយទសវត្សរ៍ រួមជាមួយនឹងការធ្វើបាតុកម្មពីសំណាក់បណ្តាបក្សនយោបាយសំខាន់ៗទាំងអស់ក្នុងប្រទេស នេប៉ាល់ រយៈពេលជាងមួយសប្តាហ៍ ជម្រុញមានការព្រមព្រៀងគ្នានៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៥ ទៅលើ១២ចំនុចរួមគ្នា និងឈានដល់ការបោះឆ្នោតជាលើកទីមួយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៨ ដោយបង្ហាញពីឆន្ទះចង់លុបបំបាត់របបរាជានិយម ហើយប្រកាន់យករបបពហុបក្សជំនួសវិញ។
៤៖ សេដ្ឋកិច្ច
នេប៉ាល់ជាប្រទេស កំពុងអភិវឌ្ឍន៍ ដែលមានចំណូលសេដ្ឋកិច្ចទាបនៅឡើយ ដោយជាប់ចំណាត់ថ្នាក់ទី១៤៥ក្នុងចំណោម១៨៧ប្រទេស នេះបើយោងតាមតួលេខក្នុងឆ្នាំ២០១៤។ យ៉ាងនេះក្តីប្រទេស នេប៉ាល់ នៅតែបន្តប្រយុទ្ធប្រឆាំងជាមួយភាពអត់ឃា្លន និងភាពក្រីក្រ។ រដ្ឋាភិបាលបានប្តេជ្ញាថា នឹងផ្តាច់ខ្លួនចេញពីប្រទេសដែលអភិវឌ្ឍន៍ទាបជាងគេនៅលើពិភពលោក ឲ្យបាននៅក្នុងឆ្នាំ២០២២ខាងមុខ។
៥៖ ទំនៀមទម្លាប់
ប្រពៃណីទំនៀមទម្លាប់ បានក្លាយជាផ្នែកដ៏សំខាន់មួយនៃសង្គមរស់នៅរបស់ប្រទេស នេប៉ាល់។ រឿងរ៉ាវប្រពៃណីទំនៀមទម្លាប់ បានចាក់ឬសក្នុងសង្គមរស់នៅជាក់ស្តែងតែម្តង។ រឿងនិទានផ្សេងរបស់ប្រទេស នេប៉ាល់ភាគច្រើន ត្រូវបានបង្ហាញឲ្យដឹងតាមរយៈបទភ្លេង និងក្បាច់រាំជាដើម។
ប្រទេស នេប៉ាល់ តែងអបអរសាទរឆ្នាំថី្ម នៅពាក់កណ្តាលខែមេសា ហើយបែកចែកចេញពី១២ខែ។ ថ្ងៃសៅរ៍ត្រូវបានគេចាត់ទុកជាថ្ងៃឈប់សម្រាកជាផ្លូវការរបស់ប្រទេស អាស៊ីកណ្តាលមួយនេះ។ ថ្ងៃបុណ្យជាតិសំខាន់ៗមានដូចជា ថ្ងៃកំណើតស្តេច(ថ្ងៃទី២៨ ខែធ្នូ) ថ្ងៃបុណ្យ Prithvi Jayani (ថ្ងៃទី១១ ខែមករា) ថ្ងៃបុណ្យMartyr’Day (ថ្ងៃទី១៨ ខែកុម្ភៈ) ថ្ងៃបុណ្យបញ្ជូលគ្នារវាងសាសនាព្រះពុទ្ធ និងសាសនាហិណ្ឌូជាដើម។
នៅតាមតំបន់ដីទំនាបជនបទ មនុស្សភាគច្រើនសាងសង់លំនៅដ្ឋានពីឬស្សីដែលចង់ភ្ជាប់គ្នាយ៉ាងណែន ចំណែកជញ្ជាំងធ្វើឡើងពីដីភក់លាយជាមួយលាមកសត្វគោ ព្រោះវាអាចរក្សាភាពត្រជាក់សម្រាប់រដូវក្តៅ ផ្ទុយទៅវិញវាមានលក្ខណៈកក់ក្តៅសម្រាប់រដូវរងា។ ដោយឡែកសម្រាប់តំបន់ខ្ពង់រាបវិញ គេប្រើប្រាស់ឥដ្ឋធ្វើជាជញ្ជាំង និងស្បូវ ឬក្បឿងជាដំបូល។ តែសម្រាប់សំណង់ខ្ពស់ៗ គេប្រើប្រាស់ស៊ីម៉ង់ធ្វើជញ្ជាំង និងបន្ទះក្តារធ្វើជាដំបូល។
អ្វីដែលចម្លែកនោះ គឺទង់ជាតិប្រទេស នេប៉ាល់ ជាទង់ជាតិតែមួយគត់នៅលើពិភពលោក ដែលមិនមានចតុកោណកែងដូចទង់ជាតិប្រទេសដទៃទៀតឡើយ ហើយនៅក្នុងរដ្ឋធម្មនុញ្ញមានក៏មានចែងពីរបៀបវាស់ខ្នាតបង្កើតទង់ជាតិ ដើម្បីឲ្យមានខ្នាតត្រឹមត្រូវផងដែរ។ តាមរបាយការណ៍បានឲ្យដឹងថា ពណ៌ក្រហមនៅលើទង់ជាតិប្រទេស នេប៉ាល់ដំណាងឲ្យ ជ័យជម្នះលើសង្គ្រាម សេចក្តីក្លាហាន និងការឈ្លានពាន។ ដោយឡែកពណ៌ខៀវនៅលើគែមទង់ជាតិសំដៅលើសន្តិភាព។ ជាមួយគ្នានេះដែរ រូបភាពចំណិតព្រះចន្ទជាសញ្ញាដំណាងឲ្យសន្តិភាព និងការអត់ធ្មត់ ដែលជាធម្មជាតិរបស់ប្រជាពលរដ្ឋនេប៉ាល់ ដោយឡែករូបភាពព្រះអាទិត្យដំណាងឲ្យការលុកលុយឈ្លានពានក្នុងពេលដែលនេប៉ាល់ធ្វើសង្គ្រាម៕