(ភ្នំពេញ)៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ផែនការរបស់សម រង្ស៊ី ធ្វើបក្សប្រហារដណ្តើមយកសាកសពខ្មោចបក្សសង្គ្រោះជាតិមកគ្រប់គ្រងវិញ និងដណ្តើមយកឈ្មោះជាប្រធានបក្ស ខ្យល់ជាផ្លូវការនឹងមកដល់តាមរយៈសន្និបាតពិភពលោកសាខាខ្មោចបក្សសង្គ្រោះជាតិនៅរដ្ឋចចចា សហរដ្ឋអាមេរិក។ ការតតាំងគ្នាចុងក្រោយបានផ្ទុះឡើងរវាងក្រុមអាវលឿងរបស់កឹម សុខា និងក្រុមអាវសរបស់ សម រង្ស៊ី ដោយក្រុម កឹម សុខា បានតតាំងលើផ្នែកលក្ខខន្តិកៈបក្ស ដោយសង្តត់ធ្ងន់ថាមិនអាចមានកម្លាំងនយោបាយណាផ្សេង មកជំនួសខ្មោចបក្សសង្គ្រោះជាតិបានឡើយ ហើយសម្រាប់ពេលនេះ មានតែគណៈកម្មាធិការចំពោះកិច្ចតែមួយគត់ដែលអាចសម្រេច នៅក្នុងនាមខ្មោចបក្សសង្គ្រោះជាតិបាន។ ចំណែកក្រុម សម រង្ស៊ី បានព្យាយាមលើកហេតុផលបិទបាំងថា សម រង្ស៊ី និងកឹម សុខា នៅតែជាមនុស្សតែមួយ ក្នុងចេតនាឡើងគ្រប់គ្រងនិងដណ្តើមមកវិញនូវតួនាទីជាប្រធានពី កឹម សុខា។ សង្គ្រាមពាក្យសម្តីនេះបានផ្ទុះឡើងកាន់តែខ្លាំងដែលអ្នក វិភាគនយោបាយ បានសន្និដ្ឋានបថា ព្រលឹងរបស់ខ្មោចបក្សសង្គ្រោះជាតិ បានបែកជា ៣ ក្រុមរួចស្រេចទៅហើយគឺក្រុម សម រង្ស៊ី និង ក្រុមកឹម សុខា និងក្រុម គង់ គាំ។ ពួកគេបានចែកចានចែកឆ្នាំងគ្នារួចជាស្រេចទៅហើយនៅពេលនេះដោយនៅរង់ចាំតែដល់ថ្ងៃទី១ និងទី២ ខែធ្នូ គឺជាការចែកផ្លូវគ្នាជាផ្លូវការប៉ុណ្ណោះ។
តើល្បិចកលរបស់ សម រង្ស៊ី នៅពីក្រោយសន្និបាតសាខាខ្មោចគណបក្សសង្គ្រោះជាតិដើម្បីលេបយកខ្មោចបក្សសង្ហគ្រោះជាតិ និងសម្លាប់ជីវិតនយោបាយរបស់ កឹម សុខា អាចទទួលបានជោគជ័យទេ? គេអាចដឹងចម្លើយជាមុនថា សម រង្ស៊ី ពិតជាធ្វើបានសម្រេចក្នុងការលេបយកសាកសពខ្មោចបក្សសង្គ្រោះជាតិ និងត្រូវបានលើកតម្កើងឱ្យឡើងដឹកនាំខ្មោចបក្សនេះជំនួស កឹម សុខា ពីក្រុមបក្ខពួកខ្លួន ប៉ុន្តែនឹងមិនអាចទទួលបានការស្វាគមន៍ និងឥទ្ធិពលដូចកឹម សុខាទេ។ សម រង្ស៊ី អាចបានត្រឹមតែគ្រប់គ្រងសាកសពប៉ុណ្ណោះ ប៉ុន្តែមិនអាចគ្រប់គ្រងព្រលឹងខ្មោចបក្សនេះបានឡើយព្រោះព្រលឹងធំត្រូវបានកឹម សុខា គ្រប់គ្រងបានយ៉ាងមាំក្នុងដៃតាមរយៈការទទួលស្គាល់របស់បរទេសខ្លះថា កឹម សុខា គឺជាប្រធានស្របច្បាប់នៃគណ បក្សសង្គ្រោះជាតិដែលត្រូវរំលាយ។ ដូច្នេះ សម រង្ស៊ី អាចនឹងមិនសម្រេចបំណងរបស់ខ្លួនក្នុងការផ្សារភ្ជាប់ ខ្លួននឹងខ្មោចគណបក្សសង្គ្រោះជាតិ និងភ្ជាប់នឹងករណី កឹម សុខា ដើម្បីរកដំណោះស្រាយរួមមួយជួយខ្លួន ឱ្យមានទីតាំងឈរជើងនយិបាយឡើងវិញតាមការស្រមើស្រម៉ៃរបស់ខ្លួន។ បើដូច្នេះ សម រង្ស៊ី បរាជ័យម្តងហើយម្តងទៀត និងមិនអាចស្រោចស្រង់ជីវិតនយោបាយរបស់ខ្លួនឡើងវិញបានទេ ទោះខំបង្កើតចលនាសង្គ្រោះជាតិ និងចុងក្រោយធ្វើបក្សប្រហារដណ្តើមយកសាកសពខ្មោចបក្សមកវិញក៏ដោយ។
ជំហានបរាជ័យរបស់សម រង្ស៊ី នេះត្រូវបានគេមើលឃើញក្រោយការអះអាងរបស់ កឹម សុខា តាម
រយៈមេធាវី ចាន់ ចេន ផ្សាយតាមវិទ្យុសំឡេងប្រជាធិបតេយ្យលម្អៀងទៅក្រុម កឹម សុខា ថា៖ «លោកមិនទទួលស្គាល់ក្រុមចលនាសង្គ្រោះជាតិ ឬគម្រោងធ្វើសន្និសីទនៅសហរដ្ឋអាមេរិកនាដើមខែធ្នូខាងមុខនោះទេ។ មេធាវី ចាន់ ចេន បានអះអាងថា កឹម សុខា មិនបានដឹងឮ ឬទទួលស្គាល់ចំពោះចលនានេះនោះឡើយ។ កឹម សុខា លើកឡើងថាលោកមិន បានដឹងឮ ហើយក៏មិនគាំទ្រអ្វីដែលមានបង្កើតថ្មី ពីព្រោះគណបក្សសង្គ្រោះជាតិ មានអ្វីសព្វបែបយ៉ាងហើយ ទាំងរចនាសម្ព័ន្ធ ដូច្នេះគាត់មិនគាំទ្រនូវអ្វីដែលជាការបង្កើតថ្មីទេ»។ វិទ្យុសំឡេងប្រជាធិបតេយ្យដដែល បានផ្សាយថា ប្រធានក្រុមអ្នកគាំទ្រសាខាខ្មោចគណបក្សសង្គ្រោះជាតិប្រចាំនៅសហរដ្ឋអាមេរិក ឈ្មោះ ម៉ារ៉ា ជិន ក៏មិនគាំទ្រចំពោះគម្រោងធ្វើសន្និសីទដែលរៀបចំដោយក្រុមចលនាសង្គ្រោះជាតិដឹកនាំដោយ រិទ្ធី អ៊ុង និង ជា គីមលី ដែលមានសម រង្ស៊ី នៅពីក្រោយនោះទេ ដោយថា វាធ្វើឡើងផ្ទុយពីគោលការណ៍គណបក្សនិងគ្មានការទទួលស្គាល់។ ម៉ារ៉ា ជិន អះអាងថា ការបង្កើតចលនាណាមួយក្រៅពីឈ្មោះអតីតគណបក្សសង្គ្រោះជាតិ ខុសពីគោលការណ៍របស់បក្សជាពិសេស
គឺបន្ទាប់ពីសម រង្ស៊ី បានបង្កើតចលនាសង្គ្រោះជាតិ កាលពីខែមករា ឆ្នាំ២០១៨ មកនោះ។ ម៉ារ៉ា ជិន បញ្ជាក់ថា៖ «យើងបដិសេធនូវការធ្វើសន្និសីទនៅទីក្រុងអាត្លង់តា ថ្ងៃទី១ ទី២ខែធ្នូក្រោយនេះ ដោយសារមិនមានការចង្អុលបង្ហាញពីគណៈកម្មាចំពោះកិច្ចក្នុងនាមគោលការណ៍របស់បក្សទេ។ ដូច្នេះ ការរៀបចំហ្នឹង គឺ សម រង្ស៊ី ជាប្រធានចលនាជាអ្នករៀបចំ»។
តាមពិត សម រង្ស៊ី គឺជាអ្នករៀបចំសន្និសីទនេះដោយផ្ទាល់ ប៉ុន្តែព្យាយាមលាក់មុខព្រោះដើម្បីកុំឱ្យសាធារណៈមតិថា សម រង្ស៊ី កំពុងធ្វើបក្សប្រហារ។ សម រង្ស៊ី បាននិងកំពុងប្រើប្រាស់នូវល្បិចកលដដែលៗដោយយក កឹម សុខា មកធ្វើជាខែលក្នុងនោះ៖
ទី១- សម រង្ស៊ី យកឈ្មោះ កឹម សុខា មកភ្ជាប់នឹងឈ្មោះខ្លួនព្រោះពេលនេះសហគមន៍អន្តរជាតិ បានឈប់និយាយពីខ្លួន ដែលជាប្រធានចលនាឧទ្ទាមសង្គ្រោះជាតិ ដែលបានព្យាយាមម្តងរួចមកហើយ ក្នុងការឡើងក្តោបក្តាប់អំណាចលើខ្មោចបក្សសង្គ្រោះជាតិ។ មនុស្សទូទៅនិយាយពី កឹម សុខា តែមិននិយាយពី សម រង្ស៊ី និងចលនាខ្យល់របស់គាត់។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី បានភ្ជាប់ឈ្មោះរបស់ខ្លួនជាមួយឈ្មោះ កឹម សុខា ដើម្បីទាញយក និងគេងចំណេញផលប្រយោជន៍នយោបាយពីការជាប់គុករបស់ កឹម សុខា និងអ្នកនយោបាយផ្សេងទៀត ដែលកំពុងតែត្រូវបានដកសិទ្ធិធ្វើនយោបាយរយៈពេល ៥ ឆ្នាំតាម អំណាចសាលដីការបស់តុលាការកំពូល។
ទី២- សម រង្ស៊ី បានព្យាយាមភ្ជាប់ឈ្មោះ កឹម សុខា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយការ វាយប្រហារ រិះគន់បែបគ្មានមូលដ្ឋាន និងញុះញង់ និងយកជីវិត និងសេរីភាពរបស់ កឹម សុខា មកធ្វើជាល្បែងភ្នាល់លេងសើចក្នុងបំណងដើម្បីឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយឆ្លងជាមួយខ្លួនក្នុងគោលបំណងធ្វើយ៉ាងណាឱ្យប្រព័ន្ធផ្សព្វផ្សាយនិយាយពីឈ្មោះ សម រង្ស៊ី កុំឱ្យគេភ្លេចព្រោះសម រង្ស៊ី បានបាត់មុខ និងលែងត្រូវបាននឹកនាជាច្រើនខែឆ្នាំមកហើយដែលធ្វើឱ្យ សម រង្ស៊ី បាត់បង់ឱកាសនយោបាយ និង គ្មានទីតាំងឈរជើងនយោបាយតទៅទៀត។
ល្បិចកលទុច្ចរិតរបស់ សម រង្ស៊ី កំពុងតែត្រូវបានបកអាក្រាតហើយក្រុមអ្នកដែលចាញ់បោក សម រង្ស៊ី ចូលរួមក្នុងសន្និបាតក៏កំពុងតែខកចិត្តព្រោះបានដឹងថា សម រង្ស៊ី កំពុងខ្ចីដៃដណ្តើមអំណាចក្នុងបក្សខ្មោច និងបំបែកកម្លាំងអតីតបក្សប្រឆាំងជាច្រើនបំណែក ដើម្បីជួយសង្គ្រោះជីវិតនយោបាយខ្លួន។ ល្បិចកលអាក្រក់របស់ សម រង្ស៊ី ក្នុងការចង់ឱ្យគេនិយាយរំឭកពីឈ្នោះខ្លួននេះក៏ត្រូវបានបរាជ័យជាបន្តបន្ទាប់ ហើយកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសមិនឆ្លើយ ឆ្លងជាមួយទណ្ឌិត សម រង្ស៊ី ទៀតឡើយដែលមានន័យថាជីវិតនយោបាយរបស់ សម រង្ស៊ី ទាំងក្នុងប្រទេស និងក្រៅប្រទេសមិនត្រូវបានគេចាប់អារម្មណ៍និងខ្វល់ខ្វាយឡើយ ទោះ សម រង្ស៊ី ព្យាយាមចាក់ឆ្កឹះ ញុះញង់ យ៉ាងណាក៏ដោយព្រោះជាមនុស្សគ្មានតម្លៃ។
អ្វីៗដែល សម រង្ស៊ី បាននិងកំពុងធ្វើនៅពេលនេះមិនបានជួយសង្គ្រោះជីវិតនយោបាយ សម រង្ស៊ី ដែលបានលិចលង់ស្លាប់បាត់ទៅហើយនោះទេ ប៉ុន្តែបាននឹងកំពុងជីកកប់ខ្មោចជីវិតនយោបាយ សម រង្ស៊ី ថែមទៀត ផងព្រោះមនុស្សម្នាបានដឹងច្បាស់ថា សម រង្ស៊ី គឺជាមនុស្សអត្តទត្ថបុគ្គល គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន យកជីវិត និងសេរីភាពរបស់កឹម សុខា ដែលជាមនុស្សដូចគ្នាមកលេងសើចជាល្បែងភ្នាល់ និងដណ្តើមយក អំណាចដែលគេមិនប្រគល់ឱ្យ។ សម រង្ស៊ី អស់តម្លៃទាំងស្រុង និងកាន់តែបាត់មុខពីឆាកនយោបាយនៅពេលដែលគេថ្កោលទោសសព្វបែបយ៉ាង និងប្រព្រឹត្តទង្វើទុច្ចរិតធ្វើបក្សប្រហារក្រោយថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៨៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨