(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា (Intermodal Transport Master Plan)។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធាន នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជាមួយគណៈប្រតិភូចិន ដែលមកសិក្សា និងរៀបចំផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូននៅតាមកម្ពុជា តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក វង្សី វិស្សុត មានថ្លែងថា ការរៀបចំផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូននេះ គឺជាការគិតគូរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីសម្រេចឱ្យបាននូវប្រព័ន្ធដឹកជញ្ជូនមួយ ដែលមានភាពប្រទាក់ក្រឡា និងមានភាពប្រកួតប្រជែងខ្ពស់ធៀបជាមួយប្រទេសជិតខាង ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង, ការតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗនៅក្នុងប្រទេស និងការបង្កើនល្បឿនសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់និងពិភពលោក សំដៅបង្កើនសមត្ថភាពនាំចេញ, ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគ និងសកម្មភាពធុរកិច្ចគ្រប់ប្រភេទ។

លោកបានគូសបញ្ជាក់ថា កម្ពុជាចាំបាច់ត្រូវមានប្រព័ន្ធដឹកជញ្ជូនមួយ ដែលប្រសើរជាងមុន, មានថ្លៃថោកជាងមុន និងមានប្រសិទ្ធភាពជាងមុន ទាំងតាមបណ្តាញដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវដែក រួមទាំងតាមមធ្យោបាយដឹកជញ្ជូនផ្សេងៗទៀត។ លោកបានបន្តថា ជាទស្សនវិស័យទៅថ្ងៃមុខ កម្ពុជាត្រូវភ្ជាប់ខ្លួនទៅនឹងបណ្តាញផលិតកម្មអន្តរជាតិ តាមរយៈការប្រើប្រាស់របៀងដឹកជញ្ជូនផ្នែកខាងកើតប្រទេស ភ្ជាប់ពីភ្នំពេញទៅវៀតណាម និងរបៀងដឹកជញ្ជូនខាងលិច ភ្ជាប់ពីភ្នំពេញទៅប្រទេសថៃ ដោយសារប្រទេសទាំងពីរនេះ នឹងក្លាយទៅជាមូលដ្ឋានផលិតកម្មដ៏ធំនៅក្នុងតំបន់។ ទន្ទឹមនេះ កម្ពុជាក៏ត្រូវប្រើប្រាស់ច្រកកំពង់ផែទឹកជ្រៅព្រះសីហនុ ដើម្បីនាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារអន្តរជាតិ។

លោកបានណែនាំថា ការសិក្សានេះ គួរតែពិនិត្យមើលលើគ្រប់ផ្នែក ដោយការតភ្ជាប់មិនត្រឹមតែការភ្ជាប់ផ្នែករឹងប៉ុណ្ណោះទេ ប៉ុន្តែផ្នែកទន់ ដែលរួមមានផ្នែកស្ថាប័ន ការគ្រប់គ្រង ដ៏ដូចជាហិរញ្ញប្បទានវិនិយោគជាដើម ដែលអាចរកបានតាមរយៈថវិកាជាតិ, ការខ្ចី, ការវិនិយោគពីវិស័យឯកជន ក៏ដូចជាការវិនិយោគរួមគ្នា រវាងវិស័យសាធារណ និងឯកជន (PPP)។ បន្ថែមពីនេះ ផែនការនេះ ក៏គួរបញ្ចូនផ្នែកឌីជីថល និងបច្ចេកវិទ្យា ដោយសារតំបន់ និងពិភពលោកកំពុងរំកិលខ្លួនទៅកាន់សេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្ម ៤.០។

គួរបញ្ជាក់ដែរថា ភាគីកម្ពុជា និងភាគីចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់រៀបចំគម្រោងផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។ គណៈប្រតិភូចិន ដែលរួមមានអ្នកជំនាញការចំនួន ៦៣រូប ដែលបែងចែកជា៦ ក្រុម រួមមាន៖ ក្រុមសម្របសម្រួល-ទូទៅ (Master Plan), ក្រុមផ្លូវដែក, ក្រុមផ្លូវទឹកសមុទ្រ, ក្រុមផ្លូវអាកាស, ក្រុមផ្លូវទឹកទន្លេ, និងក្រុមឡូជីស្ទីក គ្រោងនឹងចុះតាមបណ្តារាជធានី, ក្រុង និងខេត្តសំខាន់ៗក្នុងប្រទេសកម្ពុជា ចាប់ថ្ងៃទី ១២ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ ក្រុមការងារបច្ចេក ចិនបានលើកឡើងថា ក្នុងរយៈពេលជាង ២ សប្តាហ៍នៃបេសកកម្មនេះ ក្រុមការងារបានពិនិត្យមើលស្ថានភាពទូទៅ និងពិភាក្សាជាមួយដៃគូសំខាន់ៗ នៅតាមបណ្តាខេត្តជាច្រើន ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅរៀបចំជាគម្រោងលម្អិតសម្រាប់ការសិក្សានេះ។

ផែនការមេនេះ ជាការសិក្សាគ្រប់ជ្រុងជ្រោយ ក្នុងការពង្រឹងនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ភាពប្រកួតប្រជែង និងសមត្ថភាពស្ថាប័នរបស់កម្ពុជា។ បន្ទាប់ពីបានសិក្សានៅកម្ពុជាក្នុងរយៈពេលជាង ២ សប្តាហ៍ ក្រុមកាងារបានរកឃើញថា ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជានៅមានភាពទន់ខ្សោយ ប៉ុន្តែមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ជាឧទាហរណ៍ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ នឹងបម្រើបានសក្តានុពលក្នុងការពង្រឹងការនាំចេញរបស់កម្ពុជាទៅក្រៅប្រទេស និងសក្តានុពលនៃទន្លេមេគង្គ និងទន្លេសាបដែលហូរឆ្លងកាត់ប្រទេសកម្ពុជា ក៏ជាច្រកមួយសម្រាប់កម្ពុជា ក្នុងការពង្រឹងការដឹកជញ្ជូនតាមផ្លូវទឹក។ ក្នុងន័យនេះបន្ទាប់ពីទទួលបានធាតុចូលគ្រប់គ្រាន់ពីគ្រប់ស្ថាប័នពាក់ព័ន្ធ ក្រុមការងារនឹងរៀបចំជារបាយការណ៍នៃការសិក្សាដំបូង ដើម្បីដាក់ជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេច៕

.