(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ក្រសួងទេសចរណ៍ បានប្រកាសជំរុញភាគីពាក់ព័ន្ធទាំងអស់ មានផ្នែកសាធារណៈ ឯកជន ប្រជាពលរដ្ឋ-ភ្ញៀវទេសចរ និងដៃគូអភិវឌ្ឍន៍ សូមចូលរួមក្នុងចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី៣ និងការប្រលងប្រណាំងសហគមន៍ទេសចរណ៍គំរូលើកទី២ ឆ្នាំ២០១៩ ដែលទើបតែប្រកាសដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះតទៅ។
នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តចលនាទាំងពីរនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ពោលគឺធ្វើឡើងបន្ទាប់ពីសិក្ខាសាលាបូកសរុប «ការប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី២» និង «ការប្រលងប្រណាំងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី១»។
ដើម្បីជំរុញការអនុវត្តចលនាទាំងពីរនេះ ឱ្យមានប្រសិទ្ធភាព លោករដ្ឋមន្ត្រីបានអនុសាសន៍មួយចំនួនដូចខាងក្រោម៖
ទី១. ការវិនិយោគ៖ ត្រូវបន្តខិតខំជំរុញការអភិវឌ្ឍ និងវិនិយោគរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍គ្រប់ប្រភេទ ដែលមានការគិតគូរបរិស្ថាន ភាពស្អាត និងសង្គម។ ក្នុងន័យនេះ នាយកដ្ឋានជំនាញ នៃក្រសួងទេសចរណ៍ត្រូវរៀបចំគោលការណ៍ណែនាំ និងលក្ខណៈវិនិច្ឆ័យនូវគម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ ដែលតូ្រវមានការគិតគូរពីបរិស្ថានវប្បធម៌ និងការគាំពារសង្គម ដើម្បីជាឯកសារគោលសម្រាប់វាយតម្លៃលើគម្រោងទាំងនោះ។
ទី២. ការគ្រប់គ្រង៖ មន្ទីទេសចរណ៍រាជធានី-ខេត្ត ត្រូវខិតខំជំរុញឱ្យគ្រប់រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ ត្រូវមានអ្នកគ្រប់គ្រងច្បាស់លាស់ និងមានការចាត់តាំងនូវរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ផងដែរ និងត្រូវជំរុញឱ្យគ្រប់រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ទាំងអស់មានផែនការមេ អភិវឌ្ឍច្បាស់លាស់។ ត្រូវបន្តប្រឹងប្រែងរៀបចំគ្រប់គ្រងធ្វើការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍នានាក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ។
ទី៣. បរិស្ថានអនាម័យ៖ ត្រូវខិតខំរក្សាឱ្យបាននូវភាពស្អាត និងបៃតង ជាពិសេសបញ្ឈប់ការបោះសំរាមចោលក្រោមតុនៅតាមភោជនីយដ្ឋាននានា ក្រោមយុទ្ធនាការរមណីយដ្ឋានខ្ញុំ សហគមន៍ខ្ញុំ គ្មានទេសំរាមក្រៅធុង។ ក្នុងន័យនេះ ការគ្រប់គ្រងរមណីយដ្ឋាន និងសហគមន៍ទាំងអស់ ត្រូវតែសរសេរពាក្យអប់រំមិនឱ្យបោះសំរាមចោលផ្តេសផ្តាសខុសធុងសំរាម និងអប់រំភ្ញៀវទេសចរ ដែលចូលទៅលេងកម្សាន្តឱ្យបានច្បាស់លាស់ជាមុន និងត្រូវបំពាក់ធុងសំរាមឱ្យបានគ្រប់គ្រាន់ និងធ្វើការបែងចែកសំរាមទៅតាមប្រភេទនីមួយៗ ជំរុញការប្រើប្រាស់ផលិតផលធ្វើពីក្រដាស ឬក្រណាត់ជំនួសប្លាស្ទិកដូចដែលជ័យលាភីរមណីយដ្ឋានទេសចរណ៍គំរូ និងសហគមន៍គំរូ ឆ្នាំ២០១៨នេះ បានកំពុងអនុវត្ត។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជំរុញការបញ្ជ្រាបការយល់ដឹងសាធារណៈ ទៅដល់បុគ្គលិកបម្រើការងារ និងភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅតាមរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានា អំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងត្រូវរៀបចំជាក្រមប្រតិបត្តិអំពីប្រការគួរធ្វើ និងមិនគួរធ្វើ ដើម្បីផ្សព្វផ្សាយទៅដល់រមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។
ទី៤. សន្តិសុខ សុវត្ថិភាព៖ គ្រប់រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ទាំងអស់ត្រូវដាក់ស្លាកសញ្ញាឱ្យបានគ្រប់គ្រាន់ ទាំងស្លាកបង្ហាញព័ត៌មាន និងស្លាកសញ្ញាបង្ហាញទីតាំងនានា ជាពិសេសស្លាកសញ្ញាបង្ហាញទីតាំងហាមឃាត់ និងតំបន់គ្រោះថ្នាក់ជាដើម ឱ្យសមស្របទៅតាមស្តង់ដាអប្បបរមារមណីយដ្ឋានទេសចរណ៍របស់ក្រសួងទេសចរណ៍ ហើយជាមួយនេះ ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងតំបន់ធ្វើការគ្រប់គ្រងលំហូរភ្ញៀវទេសចរឱ្យបានច្បាស់លាស់។ ទទ្ទឹមនឹងនេះ ត្រូវរៀបចំមណ្ឌលព័ត៌មានទេសចរណ៍ទៅតាមទំហំជាក់ស្តែង ដើម្បីផ្តល់ព័ត៌មានក៏ដូចជាអប់រំភ្ញៀវទេសចរ មុនពេលចូលទៅលេងកម្សាន្តក្នុងរមណីយដ្ឋានរបស់ខ្លួន ហើយមន្ទីរទេសចរណ៍ត្រូវពង្រឹងមណ្ឌលព័ត៌មានទេសចរណ៍ក្នុងខេត្តរបស់ខ្លួន ដើម្បីជាកន្លែងប្រមូលផ្តុំ និងផ្តល់ព័ត៌មានគ្រប់ជុ្រងជ្រោយ ពីគោលដៅទេសចរណ៍ក្នុងខេត្តរបស់ខ្លួនទៅដល់ភ្ញៀវទេសចរ។
ទី៥. ការផ្សព្វផ្សាយ៖ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវខិតខំបន្តជំរុញឲ្យរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ទាំងអស់ចូលរួមក្នុងការប្រលងប្រណាំងនានា ជាពិសេសការប្រលងប្រណាំងគំរូទាំងពីរនេះ។
ទី៦. ផ្នែកឯកជន៖ វិស័យឯកជន ជាពិសេសទីភ្នាក់ងារទេសចរណ៍ទាំងអស់ ត្រូវរៀបចំខ្សែទស្សនកិច្ច និងនាំភ្ញៀវទេសចរឱ្យបានច្រើនទៅកាន់រមណីយដ្ឋាន និងសហគមន៍ទាំងអស់នៅទូទាំងប្រទេស ជាពិសេសរមណីយដ្ឋាន និងសហគមន៍ជ័យលាភីក្នុងចលនាប្រលងប្រណាំងគំរូទាំង២នេះ។ ទទ្ទឹមនឹងនេះ ត្រូវរៀបចំកញ្ចប់ទស្សនកិច្ចក្នុងស្រុកឱ្យបានច្រើន សម្រាប់ប្រជាពលរដ្ឋ សិស្ស-និស្សិត បុគ្គលិកឯកជន កម្មករ-កម្មការនី មន្ត្រីរាជការ ជាមួយតម្លៃសមរម្យ ទៅគ្រប់គោលដៅទេសចរណ៍ទូទាំងប្រទេស៕