(ភ្នំពេញ)៖ សាស្ត្រាចារ្យឯកទេស ច្រមុះ និងបំពង់ លោកវេជ្ជបណ្ឌិត ងុអៀន ហ៊ុយុង មកពីមន្ទីរពេទ្យជោរៃ ទីក្រុងហូជីមិញ ប្រទេសវៀតណាម បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រសិនបើជាអ្នកជំងឺមិនមករួសរាន់ព្យាបាលឲ្យបានទាន់ពេលវេលានោះទេ ជំងឺរលាកច្រមុះនឹងអាចធ្វើឲ្យអ្នកជំងឺឈានទៅដល់រលាកត្រចៀក រលាកត្រចៀកកណ្តាល រលាកស្រោមខួរ រលាកសាច់បំពង់ក ដែលជាប្រភេទជំងឺកាចសាហាវមួយនៅលើពិភពលោក។
ការថ្លែងបញ្ជាក់របស់វេជ្ជបណ្ឌិតជំនាញមកពីប្រទេសវៀតណាមរូបនេះ ធ្វើឡើងនៅក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺរលាកច្រមុះ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជូនអ្នកជំងឺឆ្អឹងខ្នងចំនួន៥០នាក់ នៅមន្ទីរពេទ្យជោរៃភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០១៨ ដែលមានការសហការជាមួយក្រុមហ៊ុនឱសថ DHG Pharma ជាងនេះទៅទៀតនោះ គឺកិច្ចសហការរវាងស្ថាប័នទាំង២នេះ នឹងធ្វើឡើងសម្រាប់អ្នកជំងឺដល់ទៅ១ពាន់នាក់។
សាស្ត្រាចារ្យឯកទេស ច្រមុះ និងបំពង់ លោកវេជ្ជបណ្ឌិត ងុអៀន ហ៊ុយុង បានបញ្ជាក់ថា «បើសិនជាអ្នកជំងឺមិនមកពិនិត្យ និងព្យាបាលជំងឺរលាកច្រមុះឲ្យទាន់ពេលវេលានោះទេ ជំងឺប្រភេទនេះនឹងឈានទៅដល់រលាកត្រចៀក រលាកត្រចៀកកណ្តាល រលាកស្រោមខួរ រលាកសាច់បំពង់កជាដើម»។
វេជ្ជបណ្ឌិតជំនាញបន្តថា មូលហេតុដែលនាំឲ្យកើត ជំងឹរលាកច្រមុះ គឺបណ្តាលមកពីកោសិការបស់ច្រមុះហើម ធ្វើឲ្យអ្នកជំងឺតឹងច្រមុះ ហៀរសំបោរ ហើយការរលាកច្រមុះ គឺបណ្តាលមកពីមូលហេតុច្រើនយ៉ាង និងម្យ៉ាងទៀតគឺបណ្តាលមកពីធូលី ផ្សែងម៉ូតូ ឬផ្សេងចំហេះផ្សេងៗ បូករួមនឹងសកម្មភាពរបស់អ្នកជំងឺមជ្ឈដ្ឋានជុំវិញពោពេញទៅដោយធូលី និងក្លិនអ្វីផ្សេងៗ និងអាចបណ្តាលមកពីកត្តាអាកាសធាតុផងដែរ។
សាស្ត្រាចារ្យឯកទេសបំពង់ក និងច្រមុះ រូបនោះបន្ថែមថា ជំងឺរលាកចែកចេញជា២ប្រភេទ៖ ទី១៖ រលាកច្រមុះធម្មតា(ទាន់ហន់) មានរយៈពេលត្រឹម២អាទិត្យ និងទី២៖ រលាកច្រមុះអាឡេកស៊ី (រ៉ាំរ៉ៃ) មានរយៈពេលចាប់ពី៣ខែឡើងទៅ។
បន្ទាប់ពីកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ឥតគិតថ្លៃប្រចាំខែវគ្គមុន សម្រាប់វគ្គនេះ មន្ទីរពេទ្យជោរៃភ្នំពេញ សហការជាមួយក្រុមហ៊ុនឱសថ DHG Pharma រៀបចំកម្មវិធី ពិនិត្យ និងព្យាបាល ជំងឺឆ្អឹងខ្នង ឥតគិតថ្លៃសម្រាប់អ្នកជំងឺថ្មី៥០នាក់ដំបូង ក្នុងរយៈពេល១ថ្ងៃ ហើយសម្រាប់កិច្ចសហការនេះ នឹងធ្វើឡើងសម្រាប់អ្នកជំងឺរហូតដល់ទៅ១ពាន់នាក់ ដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម មានបទពិសោធន៍ខ្ពស់ មកពីមន្ទីរពេទ្យជោរៃ ទីក្រុងហូជីមិញ ប្រទេសវៀតណាម។
សូមជម្រាបថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជូនអ្នកជំងឺជំងឺរលាកច្រមុះ នេះគឺជាកម្មវិធីមនុស្សធម៌ ដ៏មានអត្ថន័យរបស់មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Pharma ចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពជូនដល់ប្រជាពលរដ្ឋខ្មែរ ឱ្យមានឱកាសទទួលបាន ការថែទាំសុខភាព ប្រកបដោយគុណភាព ពីសំណាក់វេជ្ជបណ្ឌិត ឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយសម្ភារបរិក្ខារពេទ្យទំនើប ដែលមានបំពាក់ នៅមន្ទីរពេទ្យជោរៃភ្នំពេញ។
ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិតជំនាញ ក៏បានណែនាំអំពីវិធីព្យាបាលជំងឺរលាច្រមុះមាន២ប្រភេទ ក្នុងនោះរួមមាន៖
១៖ ប្រភេទវីរុស ជាបញ្ហារលាកច្រមុះគឺយើងអាចព្យាបាលដោយប្រើវិធីមួយចំនួនដូចជា៖ យើងត្រូវបំប៉នសុខភាពឲ្យខ្លាំង សម្រាកឲ្យបានច្រើន គួបផ្សំនឹងការប្រើថ្នាំ និងមួយវិញទៀតគឺប្រើថ្នាំបាញ់ច្រមុះ ដើម្បីធ្វើការព្យាបាលជំងឺប្រភេទនេះ។
២៖ ប្រភេទអាឡេកស៊ី គ៊ឹត្រូវតមនឹងអ្វីដែលធ្វើឲ្យច្រមុះរបស់អ្នកជំងឺមិនស៊ាំបាន ប្រសិនបើអ្នកជំងឺជួបនឹងអ្នកជំងឺដូចគ្នាដែលមានបញ្ហាផ្តាសាយ ឬក្រដាស់ ត្រូវចេញឲ្យឆ្ងាយព្រោះអាចនាំឲ្យជំងឺឆ្លងយ៉ាងងាយបំផុត និងមួយវិញទៀតនោះគឺត្រូវ ប្រើទឹកលាងច្រមុះ។
សាស្ត្រាចារ្យឯកទេស ច្រមុះ និងបំពង់ លោកវេជ្ជបណ្ឌិត ងុអៀន ហ៊ុយុង មកពីមន្ទីរពេទ្យជោរៃ ទីក្រុងហូជីមិញ ប្រទេសវៀតណាម បានបញ្ជាក់យ៉ាងបន្ថែមថា ជំងឺរលាកច្រមុះគឺជាជំងឺរលាកដោយភ្នាស់កោសិការបស់ច្រមុះ ហើយអាចកើតលើមនុស្សគ្រប់វ័យទាំងអស់ មិនថាបុរស ឬស្ត្រី កុមារ ឬកុមារីនោះទេ៕