(ភ្នំពេញ)៖ អំបិលប្រមាណ៥ពាន់តោន ដែលនាំចូលពីប្រទេសចិន បានមកដល់កំពង់ផែក្រុងព្រះសីហនុហើយ។ នេះបើតាមការឲ្យដឹងពីលោក ប៊ុន បារាំង សហប្រធានសហគមន៍អំបិលកែបកំពត ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ។
លោក ប៊ុន បារាំង បានឲ្យដឹងថា «សមាគមអំបិលកែបកំពត បាននាំចូលអំបិលពីប្រទេសចិនចំនួន៥ពាន់តោន និងបានមកដល់កម្ពុជាហើយនាថ្ងៃម្សិលមិញនេះ។ ការនាំចូលអំបិលប្រមាណ៥ពាន់តោននេះ ជាជំហានទី១ ដែលសមាគមនាំពីប្រទេសចិន»។
លោកបន្ដថា ការនាំចូលអំបិលនេះ ពិតជាទាន់ពេលវេលា ស្របពេលអំបិលដែលក្នុងស្ដុក នៅកម្ពុជាអស់រលីងតែម្ដង។ សម្រាប់តម្លៃអំបិលដែលនាំចូលមកនេះ មានតម្លៃ៩០ដុល្លារក្នុង១តោន ប៉ុន្ដែតម្លៃលក់នៅកម្ពុជាវិញមិនទាន់បានដឹងថា លក់ថ្លៃប៉ុន្មាននៅឡើយទេ ដោយសារតែសមាគមពុំទាន់បានទូទាត់រួចរាល់។
លោកបញ្ជាក់ថា អំបិល៥ពាន់តោននេះ ផ្គត់ផ្គង់លើទីផ្សារកម្ពុជាមិនគ្រប់គ្រាន់ឡើយ ត្រូវនាំចូល៣ម៉ឺនតោនឯណោះ។ អំបិលនឹងបន្ដនាំចូលពីប្រទេសផ្សេងៗ រហូតដល់រដូវធ្វើអំបិលទើបឈប់នាំចូល ប៉ុន្ដែប្រសិនបើដល់រដូវហើយកម្ពុជា មិនអាចធ្វើអំបិលបានទៀតនោះគឺ ត្រូវសូមគោលការណ៍នាំចូលបន្ដទៀត។
លោកបញ្ជាក់ទៀតថា «អំបិល៥ពាន់តោននេះ នាំចូលពីប្រទេសចិន តែសមាគមមានគម្រោងនាំចូល ពីប្រទេសចិន២ម៉ឺនតោន និងនាំពីប្រទេសថៃ១ម៉ឺនតោន»។
ការសម្រេចនាំចូលអំបិលពីប្រទេសចិននេះ បណ្ដាលមកពីកម្ពុជាកំពុងប្រឈមការខ្វះខាត អំបិលផ្គត់ផ្គង់តម្រូវការ ដោយសារការផលិតអំបិល មិនទទួលបានផល ព្រោះតែបញ្ហាអាកាសធាតុ មានភ្លៀងធ្លាក់ច្រើនពេក។ ការប្រឈមនឹងការអត់អំបិលប្រើប្រាស់ក្នុងឆ្នាំនេះ បណ្ដាលមកពីសមាគមផលិតអំបិល មិនអាចផលិតបាន ដោយសារតែឆ្នាំនេះ អាកាសធាតុប្រែប្រួលពោល គឺមេឃភ្លៀងធ្លាក់រហូត។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលកម្ពុជាប្រឈមនឹងការខ្វះខាតអំបិល ពោលកាលពីឆ្នាំ២០០៨ កម្ពុជាធ្លាប់ជួបបញ្ហានេះម្ដងដែរ។ ដោយឡែកក្នុងឆ្នាំ២០១៦ កម្ពុជាផលិតអំបិលបានប្រមាណ១៤ម៉ឺនតោន ដែលបរិមាណនេះ លើសតម្រូវការប្រើប្រាស់។ ជាទូទៅបរិមាណដែលផ្គត់ផ្គង់គ្រប់គ្រាន់តែ១០ម៉ឺនតោនប៉ុណ្ណោះ ប៉ុន្ដែសម្រាប់ឆ្នាំ២០១៧-២០១៨វិញ ទិន្នផលអំបិលធ្លាក់ចុះ ដោយសារតែកត្តាអាកាសធាតុ និងត្រូវតែនាំចូលអំបិលពីបណ្ដាប្រទេសផ្សេងៗ៕