(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ រួមទាំងស្ថាប័នជំនាញផ្សេងៗទៀត នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានជួបជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើតតំបន់ទេសចរណ៍ពិសេស ខណៈដែលមន្ត្រីជំនាញអះអាងថា តំបន់ទេសចរណ៍ពិសេស ជាផលិតផលទេសចរណ៍ថ្មី ក្នុងការជំរុញការទាក់ទាញទេសចរពីគ្រប់ទិសទីលើពិភពលោក។
លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានថ្លែងថា គោលដៅនៃការបង្កើតតំបន់ទេសចរណ៍ពិសេស គឺជាការធ្វើពិពិធកម្មផលិតផលទេសចរណ៍ថ្មីៗ ដើម្បីជំរុញការទាក់ទាញទេសចរជាតិ-អន្តរជាតិ ហើយក៏នឹងផ្តល់ឱកាសការងារបង្កើតឱកាសមុខរបរ ប្រាក់ចំណូល ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ការពន្យារពេលស្នាក់នៅរបស់ទេសចរ ទាក់ទាញវិនិយោគ ជាពិសេសវិនិយោគលើវិស័យទេសចរណ៍។
លោក ទិត ចន្ថា បានអះអាងថា ការបង្កើតតំបន់ទេសចរណ៍ពិសេសនេះ គឺផ្តោតជាសំខាន់លើការជំរុញកិច្ចអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច-សង្គមទាំងមូល ហើយក៏ដើម្បីប្រែក្លាយតំបន់ដែលមានសក្កានុពលទេសចរណ៍ ទៅជាតំបន់វេសនដ្ឋានទេសចរណ៍ ឬតំបន់ទេសចរណ៍ពិសេស ដែលជាបណ្តុំផលិតផលសម្បទា សេវាកម្មទេសចរណ៍ និងសេវាកម្មគាំទ្រទេសចរណ៍ដទៃទៀត។
លោករដ្ឋលេខាធិការបានឱ្យដឹងថា ទោះបីជាវិស័យទេសចរណ៍កំពុងស្ថិតក្នុងកំណើនជាង ១០% ក្នុងមួយឆ្នាំៗ ដែលជាមោទនភាពសម្រាប់កម្ពុជាក៏ដោយ ក៏វិស័យទេសចរណ៍នឹងថយចុះមកវិញ ប្រសិនបើកម្ពុជាមិនបានបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត។
លោកថា កម្ពុជាបច្ចុប្បន្នវិស័យទេសចរណ៍ពឹងផ្អែកភាគច្រើនលើសក្តានុពលវប្បធម៌ ប៉ុន្តែដើម្បីស្រូបទាញទេសចរឱ្យមានកំណើនកាន់តែខ្ពស់ថែមទៀតនោះ កម្ពុជាគប្បីបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែម និងជាបន្តបន្ទាប់ទៀត។ ដូច្នេះហើយ ទើបកម្ពុជាយកចិត្តទុកដាក់រៀបចំតំបន់ទេសចរណ៍ពិសេសនេះ។
លោកបានរឭកថា តាមទស្សនវិស័យរបស់រាជរដ្ឋាភិបាល ដែលមានផែនការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យបានប្រមាណ ៣០លាននាក់ ទាំងភ្ញៀវជាតិ និងអន្តរជាតិ នៅអំឡុងឆ្នាំ២០៣០នោះ គឺពិតណាស់យើងមិនអាចពឹងផ្អែកទាំងស្រុងលើទេសចរណ៍វប្បធម៌ និងធម្មជាតិដូចសព្វថ្ងៃនោះទេ ប៉ុន្តែយើងត្រូវខិតខំរៀបចំបង្កើតឱ្យមានផលិតជំនាញទេសចរណ៍ថ្មីៗ គឺទេសចរណ៍កែច្នៃ ដើម្បីបំពេញបន្ថែមលើសក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិ។
យ៉ាងណាក៏ដោយ លោក ទិត ចន្ថា រំពឹងថា តំបន់ទេសចរណ៍ពិសេស ដែលនឹងត្រូវចេញជារូបរាងនៅពេលខាងមុខ តាមរយៈអនុក្រឹត្យនេះ វានឹងក្លាយជាផលិតផលទេសចរណ៍ថ្មី ទាក់ទាញភ្ញៀវទេសចរណ៍ដ៏សកម្ម ខណៈដែលតំបន់ទេសចរណ៍ពិសេសនេះ ត្រូវបានប្រមូលផ្តុំដោយតំបន់ទេសចរណ៍ ដែលមានសក្តានុពលទាក់ទាញបំផុត។
សូមជម្រាបថា រយៈពេល១០ខែ ឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៤.៩លាន ក្នុងកំណើនប្រមាណ ១១% បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំមុន។ ទន្ទឹមនោះ ក៏មានការរំពឹងថា ពេញមួយឆ្នាំ២០១៨នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦លាននាក់ ហើយទេសចរជាតិប្រមាណ ១០លាននាក់ ក្នុងកំណើនជាង ១០% បើប្រៀបធៀបឆ្នាំមុនផងដែរ៕