(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងថា លោកក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តកំពង់ចាម ពិតជាមានមោទនៈភាពណាស់ ដែលបងប្អូនកីឡាករចំណុះទូក «ង» វត្តបទុមរតនដីដុះ បានដណ្តើមជ័យលាភីកិត្តយសមកឲ្យខេត្តកំពង់ចាម ពោលគឺឈ្នះ៣ថ្ងៃជាប់គ្នា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។
លោកអភិបាលខេត្តកំពង់ចាម បានថ្លែងបែបនេះ ក្នុងខណៈជួបសំណេះសំណាលជាមួយបងប្អូនកីឡាករ ចំណុះទូក «ង» ប្រមាណជាជិត១០០នាក់ នារសៀលថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០១៨ នៅបរិវេណវត្តបទុមដីដុះ ខេត្តកំពង់ចាម។
លោក គួច ចំរើន បានថ្លែងថា «ពិតជាមោទនៈភាពណាស់សម្រាប់បងប្អូន អ្នកខេត្តកំពង់ចាមយើង ក៏ដូចថ្នាក់ដឹកនាំខេត្តផងដែរ ដែលបងប្អូនកីឡាករទូក ង យើងបានខិតខំអស់ពីសមត្ថភាព ក្នុងការចូលរួមប្រណាំងទូក ង ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតបានឈ្នះ៣ថ្ងៃជាប់ៗគ្នា និងនាំមកនូវពានរង្វាន់កិត្តិយស មកកាន់ខេត្តកំពង់ចាមរបស់យើង»។
លោកអភិបាលខេត្ត បានបន្ដទៀតថា ពិធីបុណ្យអុំទូកនេះ ក្រៅពីបានចូលរួម និងទទួលបានមកវិញនូវកិត្តិយសដ៏ថ្លៃថ្លានេះ ការចូលរួមនេះ ក៏នៅមានន័យយ៉ាងសំខាន់ផងដែរ ដែលនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជារបស់យើងកាលណោះ កងទ័ពជើងទឹកកម្ពុជា បានធ្វើកិច្ចការយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីការពារប្រទេសជាតិរបស់យើង។
ពិធីនេះផងដែរ ក៏មានប្រជាពលរដ្ឋចូលរួមអបអរសាទរ និងរួមសប្បាយរីករាយទាំងអស់គ្នាទូទាំងប្រទេស ពិសេសគឺនៅរាជធានីភ្នំពេញ ក្នុងរយៈពេល៣ថ្ងៃ ដែលនេះ គឺជាការបង្ហាញឲ្យឃើញនូវសុខសន្តិភាព នៃប្រទេសកម្ពុជា។ ព្រះរាជពិធីបុណ្យអុំទូក ក៏មានឆ្នាំផ្អាក និងឆ្នាំដែលបានលេងនោះ អាស្រ័យទៅតាមស្ថានភាព នៃទឹកជំនន់ ឬក៏ការខ្វះខាតទឹកទន្លេជាដើម ប៉ុន្តែយ៉ាងណាក៏ដោយ ព្រះរាជពិធីនេះ គឺជាបុណ្យជាតិមួយដែលពិភពលោក គេបានទទួលស្គាល់ថា បុណ្យអុំទូកប្រហែលមានតែនៅកម្ពុជាទេ ដែលមានការចូលរួមអុំទូកយ៉ាងច្រើនសន្ធឹកសន្ធាប់។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានផ្តល់រង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ នូវគ្រឿងឩបភោគ បរិភោគមួយចំនួន និងថវិកាចំនួន១៥លានរៀល បន្ថែមពីលើថវិកាទទួលជ័យលាភីមកពីភ្នំពេញនោះផងដែរ៕