(កំពត)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលជាប្រធានគណៈកម្មាធិការដឹកនាំការងារធ្វើលំហាត់នាគមាស ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យការរៀបចំទីលានហ្វឹកហាត់ «លំហាត់នាគមាសកម្ពុជា-ចិន ឆ្នាំ២០១៩» នៅស្រុកជុំគិរី ខេត្តកំពត។
ការចុះត្រួតពិនិត្យនេះ ក៏មានការអមដំណើដោយមន្ត្រីយោធាជំនាញកាំភ្លើងធំ រថក្រោះ វិស្វកម្ម វិទ្យុទាក់ទង កងទ័ពជើងអាកាសអាកាស កងរាជអាវុធហត្ថ ក្រុមការងារធានា និងកងពលតូចលេខ៧០ កងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ រួមនឹងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ទីតាំងលំហាត់ហ្វឹកហ្វឺននាគមាសនេះ ត្រូវបានកងវិស្វកម្មអគ្គបញ្ជាការ សហការជាមួយកងពលតូចលេខ៧០ កំពុងធ្វើសកម្មភាពរៀបចំកសាងទីលាន អគារស្នាក់នៅ ប្រព័ន្ធផ្លូវចល័តនៃលំហាត់ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ដែលបម្រើឱ្យសកម្មភាពលំហាត់នាគមាសកម្ពុជា-ចិន ឆ្នាំ២០១៩ នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតរបស់សាលាហ្វឹកហ្វឺន តេជោសែន របស់កងពលតូចលេខ៧០ ស្ថិតក្នុងភូមិសាស្ត្រវាលចំបក់ ប្រជុំភ្នំព្រះ ភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។
លំហាត់នាគមាស ២០១៩ គ្រោងនឹងធ្វើឡើងក្នុងខែមីនា ឆ្នាំ២០១៩ ដែលមានទំហំធំជាងលំហាត់នាគមាស ឆ្នាំ២០១៨។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នៅឯទីលានក្នុងស្រុកជុំគីរី ខេត្តកំពត៕