(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងសំណុំរឿងលោក មាស មុត ដែលជាមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមម្នាក់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ធ្វើឱ្យសហចៅក្រមស៊ើបអង្កេតមានការខ្វែងគំនិតគ្នា ក៏បណ្ដាលឱ្យមានការចេញដីកាដំណោះស្រាយពីរដាច់ដោយឡែកពីគ្នា ក្នុងសំណុំរឿងតែមួយ។ នេះបើតាមលិខិតរបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។
លិខិតរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃនេះ សហចៅក្រមស៊ើបអង្កេតបានចេញដីកាដំណោះស្រាយពីរដាច់ដោយឡែកពីគ្នា នៅក្នុងសំណុំរឿង មាស មុត ដោយសារខ្វែងយល់គ្នាថា តើ មាស មុត ត្រូវស្ថិត ឬក៏មិនត្រូវស្ថិតនៅក្នុងយុត្តាធិការបុគ្គល របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ក្នុងនាមជាមេដឹកនាំជាន់ខ្ពស់ ឬជាជនម្នាក់ក្នុងចំណោមជនទាំងឡាយ ដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
* សហចៅក្រមស៊ើបអង្កេតជាតិយល់ឃើញថា៖ មាស មុត មិនស្ថិតនៅក្នុងយុត្តាធិការបុគ្គលរបស់ អ.វ.ត.ក ក្នុងនាមមេដឹកនាំជាន់ខ្ពស់ ឬជាជនម្នាក់ដែលទទួលខុសត្រូវខ្ពស់បំផុតនោះទេ ហើយលើកលែងការចោទប្រកាន់លើ មាស មុត ដោយសារមូលហេតុនេះ។ នៅពេលដែលឈានដល់សេចក្តីសម្រេចបែបនេះ សហចៅក្រមស៊ើបអង្កេតជាតិ បានពិចារណាលើកម្រិតនៃការចូលរួមរបស់ មាស មុត និងស្ថានទម្ងន់នៃឧក្រិដ្ឋកម្ម ព្រមទាំងកត្តាផ្សេងៗទៀត ដូចជា ខ្លឹមសារនៃច្បាប់ និងកិច្ចព្រមព្រៀង អ.វ.ត.ក ព្រមទាំងគោលបំណងនៃអ្នកតាក់តែងកិច្ចព្រមព្រៀង និងច្បាប់ទាំងនោះ។
* សហចៅក្រមស៊ើបអង្កេតអន្តរជាតិយល់ឃើញថា៖ មាស មុត ត្រូវស្ថិតនៅក្នុងយុត្តាធិការបុគ្គលរបស់ អ.វ.ត.ក ក្នុងនាមជាជនម្នាក់ក្នុងចំណោមជនទាំងឡាយ ដែលទទួលខុសត្រូវខ្ពស់បំផុតហើយ មានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទបញ្ជូនគាត់ទៅជំនុំជម្រះ ចំពោះបទចោទនៃអំពើប្រល័យពូជសាសន៍លើជនជាតិវៀតណាម ឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងអំពើមនុស្សឃាតគិតទុកជាមុន យោងតាមច្បាប់កម្ពុជា។ បទចោទខ្លះមិនអាចមានភស្តុតាងបញ្ជាក់ទេនៅក្នុងអំឡុងពេលស៊ើបសួរ ហេតុនេះត្រូវលើកលែងបទចោទទាំងនោះ។
សហចៅក្រមស៊ើបអង្កេតទាំងពីរ បានដាក់ដីកាដំណោះស្រាយរបស់ខ្លួនជាភាសាផ្លូវការរៀងខ្លួន ដោយសំណៅបកប្រែនឹងដាក់តាមក្រោយឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែសហចៅក្រមស៊ើបអង្កេតទាំងពីរ ផ្តល់ជូនសេចក្តីសង្ខេបនៃសំអាងហេតុរៀងខ្លួនទាំងជាភាសាខ្មែរ ទាំងជាភាសាអង់គ្លេស ដើម្បីធានាថាសាធារណជនទទួលបានព័ត៌មានគ្រប់គ្រាន់ អំពីលទ្ធផលនៃសំណុំរឿង រហូតដល់ពេលសំណៅបកប្រែទាំងស្រុងត្រូវបានដាក់។
សេចក្តីសង្ខេបទាំងនេះ មានភ្ជាប់ជាមួយនឹងសេចក្តីប្រកាសព័ត៌មាននេះ ហើយសហចៅក្រមស៊ើបអង្កេតទាំងពីរ សូមយោងលើសេចក្តីសង្ខេបទាំងនេះសម្រាប់សេចក្តីលម្អិតថែមទៀត។ សហចៅក្រមស៊ើបអង្កេតទាំងពីរ ក៏បានចេញដីកាសម្រេចដាច់ដោយឡែកពីគ្នា លើភាពអាចទទួលយកពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី។
ខ្លឹមសារទាំងស្រុងនៃដីកាដំណោះស្រាយទាំងពីរជាសំណៅសាធារណៈ ដោយមានការកោសលុបអាចរកបាន តាមរយៈ៖
១៖ ដីកាដំណោះស្រាយដោយសហចៅក្រមស៊ើបអង្កេតជាតិ៖ https://www.eccc.gov.kh/km/node/40729។
២៖ ដីកាដំណោះស្រាយដោយសហចៅក្រមស៊ើបអង្កេតអន្តរជាតិ៖ https://www.eccc.gov.kh/en/document/court/closing-order-case-003-against-meas-muth-international-co-investigating-judge៕