(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្តចុះប្រចាំការណ៏ទាំង៦ផ្សារ រួមមាន៖ ផ្សារអូរឡាំពិក ផ្សារអូឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង ដោយបានសហការជាមួយមន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារ បានចុះអង្កេត និងស្រាវជ្រាវ ទប់ស្កាត់ទំនិញខូចគុណភាពមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ក្នុងប្រតិបត្តិការនេះមន្ត្រីកាំកុងត្រូល បានធ្វើតេស្តបឋមទៅលើម្ហូបអាហារមួយចំនួន ដែលសង្ស័យមានហានិភ័យខ្ពស់ដើម្បីរកនៅសារធាតុគីមីហាមឃាត់ដូចជា បបែលក្រៀម គ្រឿងសមុទ្រ គុយទាវតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ និងត្រួតពិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេចនៅតាមតូបលក់ទំនិញ ខូចគុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទ សំបកវេចខ្ចប់មិនត្រឹមត្រូវ ។ល។ ដើម្បីពន្យល់ណែនាំផ្សព្វផ្សាយ អប់រំ អំពីសុវត្ថិចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា។​ ជាលទ្ធផល បានរកឃើញសារធាតុគីមីហាមឃាត់នៅក្នុងបបែលក្រៀមត្រូវបានដកហូតទម្ងន់ ៤.៨គីឡូក្រាមរក្សាទុកដើម្បីបំផ្លាញចោលទៅតាមនិតិវិធី។

ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូលដែលប្រចាំការគោលដៅផ្សារនីមួយៗ​ ក៏បានអំពាវនាវដល់អាជីវករផ្សារក៏ដូចតាមហាងលក់ទំនិញ​ទាំង​អស់អាចយកទំនិញរបស់ខ្លួនដែលសង្ស័យថាមានសារធាតុគីមី​ មកពិនិត្យដល់ទីតាំងគោលដៅបានគ្រប់ពេលម៉ោងប្រចាំការ​។

គួរបញ្ជាក់ថា​ សកម្មភាពទាំងនេះ​ក្រោមការណែនាំរបស់ឯកឧត្តមប្រធានប្រតិភូរាជ​រដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលនឹងលោកប្រធានកាំកុងត្រូលរាជធានីភ្នំពេញ៕