(ចិន)៖ បន្ទាប់ពីបានបង្ហោះផ្កាយរណបចំនួន២គ្រឿង ទៅក្រៅផែនដីកាលពីសប្តាហ៍មុន ការដំឡើងប្រព័ន្ធផ្កាយរណបត្រួសត្រាយផ្លូវ ប៉ឺទៅ (BeiDou) របស់ចិន បានបញ្ចប់រួចរាល់ហើយ។
ប្រទេសចិន បានបញ្ជូនផ្កាយរណប BDS ថ្មីចំនួន២គ្រឿងទៅក្នុងលំហរអាកាស ដោយបាញ់ចេញពីមណ្ឌលបង្ហោះផ្កាយរណប ស៊ីឆាង នៅខេត្តស៊ីឈាន់ ភាគនិរតីប្រទេសចិន កាលពីថ្ងៃច័ន្ទសប្តាហ៍មុន។
ផ្កាយរណបទាំងនេះ នឹងសហការជាមួយផ្កាយរណប BDS ស៊េរី៣ ចំនួន១៧គ្រឿងទៀត ដែលកំពុងនៅក្រៅផែនដីស្រាប់។ ហើយនៅត្រឹមដំណាច់ឆ្នាំនេះ ផ្កាយរណបថ្មីនេះ នឹងចែករំលែកសេវាត្រួសត្រាយផ្លូវ ជូនដល់បណ្ដាប្រទេសទាំងឡាយ ដែលចូលរួមនៅក្នុងគំរោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន។
ប្រព័ន្ធបញ្ជាគ្រប់ជ្រុងជ្រោយ បានដើរតួនាទីដ៏សំខាន់លើការធានា ដល់ជោគជ័យនៃការបង្ហោះផ្កាយរណបចេញពីស្ថានីយ៍។ នេះបើយោងតាមមន្ត្រីនៃមណ្ឌលបង្ហោះផ្កាយរណប។
លោក ចាង ស៊ូល័យ ប្រធានស្ថានីយ៍តាមដានការបង្ហោះ នៃមណ្ឌលបង្ហោះផ្កាយរណប ស៊ីឆាង និយាយថា «ប្រព័ន្ធនេះ អាចបង្ហាញព័ត៌មានបានភ្លាមៗ អំពីដំណើរការនៃការធ្វើតេស្ដរ៉ុកកែត ស្ថានភាពនៃយានអវកាស និងផ្នែកផ្សេងៗទៀតដែលនៅនឹងដីផ្ទាល់ នៅក្នុងបរិវេណមណ្ឌល ក៏ដូចជាព័ត៌មានអំពីគន្លងហោះហើររបស់ផ្កាយរណប ចំនុចដែលគ្រឿងដែលនៅសល់ត្រូវធ្លាក់ចុះ និងស្ថានភាពហោះហើរ»។
មណ្ឌលបង្ហោះផ្កាយរណប ស៊ីឆាង បានបង្ហោះផ្កាយរណបចំនួន១២៤គ្រឿងរួចមកហើយ ពោលគឺស្មើនឹងជាង៤២ភាគរយនៃការបង្ហោះផ្កាយរណបទាំងអស់ របស់ប្រទេសចិន។
លោក ជ័ង ខ័រ អនុប្រធានក្រុមវិស្វករ នៅមណ្ឌលផ្កាយរណបស៊ីឆាង និយាយថា «យើងនឹងបង្កើនសមត្ថភាពបង្ហោះផ្កាយរណបរបស់យើង ឲ្យបានកាន់តែល្អ ហើយក៏អភិវឌ្ឍប្រព័ន្ធបង្ហោះរ៉ុកកែត ដែលមិនបញ្ចេញធាតុពុល និង មិនបំពុលបរិយាកាស។ មណ្ឌលបង្ហោះរបស់យើង នឹងបន្តធ្វើជាមណ្ឌលដ៏សំខាន់មួយ សម្រាប់ការបង្ហោះផ្កាយរណបដែលហោះលើគន្លងខ្ពស់ សម្រាប់រយៈពេល១០ទៅ២០ឆ្នាំ តទៅមុខទៀត។ យើងនឹងអនុវត្តបេសកកម្មរុករកនៅភពព្រះច័ន្ទ និងភពអង្គារ»។
ប្រទេសចិន មានផែនការចង់បង្ហោះផ្កាយរណបBDSសេរ៊ី៣ ចំនួន១១គ្រឿងបន្ថែមទៀត នៅ២ឆ្នាំក្រោយ។ ត្រឹមដំណាច់ឆ្នាំ២០២០ ប្រព័ន្ធផ្កាយរណប ប៉ីទៅ ដែលដាក់ឈ្មោះតាមបណ្ដុំផ្កាយនង្គ័ល នឹងក្លាយជាប្រព័ន្ធសកល ហើយអាចបញ្ជូនទិន្នន័យដ៏ច្បាស់ អាចប្រាប់ទីតាំង និងផ្ទៀងពេលវេលាបានយ៉ាងច្បាស់លាស់ នៅគ្រប់កន្លែងទូទាំងពិភពលោកតែម្ដង៕ (សារព័ត៌មាន CCTV របស់ចិន)