(ស្វាយរៀង)៖ ក្រុមចោរលួច ឆក់យ៉ាងសកម្មនៅក្នុងខេត្តស្វាយរៀង ត្រូវបានកងរាជអាវុធហត្ថខេត្តស្វាយរៀងបង្ក្រាប និងធ្វើការបង្ហាញមុខ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងទៅសាលាដំបូងខេត្ត ខណៈក្រុមជនសង្ស័យនេះ បានធ្វើសកម្មភាពជាច្រើនលើកផងដែរ។
បើតាមលោកវរសេនីយ៍ឯក ស្រី វុន្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឡុង ហ្គីម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួលលេខ៨ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងថា នៅវេលាម៉ោង០៩៖៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ០១៨ ឈ្មោះ ហេង, ឈ្មោះ ត្រា, ឈ្មោះ ចន្តា និងបក្ខពួកមួយចំនួនទៀត បានធ្វើសកម្មភាពឆក់កាបូបរបស់ខ្លួន។
លោកបានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងភ្លាមនោះ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុន្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួន ក្រុមចោរលួចចោរឆក់ជាបន្តបន្ទាប់ រួមជាមួយអ្នកទទួលទិញផលចោរកម្មនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្នុងនោះឃាត់ខ្លួនអ្នកទទួលទិញផលចោរកម្មម្នាក់ ឈ្មោះ អ៊ួ ឌី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអាជីវករ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
លោកបញ្ជាក់ថា វត្ថុតាងដែលសមត្ថកិច្ច ដកហូតបានរួមមាន៖ ទូរស័ព្ទដៃចំនួន២៨គ្រឿង, ម៉ូតូចំនួន៧គ្រឿង, កាបូបចំនួន១ និងអាយផេត១គ្រឿង។
បច្ចុប្បន្នជនសង្ស័យជាមុខសញ្ញា និងអ្នកទទួលផលចោរកម្មព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕