(កណ្ដាល)៖ ពីលើវេទិកាក្នុងឱកាសបន្ដជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ១៧,០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរ នៅក្នុងប្រទេសកម្ពុជាច្រើនជាង បណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់ ខណៈនៅឆ្នាំ២០១៩កម្មករ កម្មការិនី នឹងទទួលបានប្រាក់ឈ្នួល ១៨២ដុល្លារអាមេរិកក្នុងមួយខែ។
ក្នុងកិច្ចសំណេះសំណាល ដែលធ្វើឡើងនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ដែលកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើវិស័យឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនេះ ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលចង់ឲ្យប្រាក់ឈ្នួលកម្មករ កម្មការិនី កើនលើសពី១៨២ដុល្លារ ឡើងដល់ជាង២០០ដុល្លារ ខណៈរាជរដ្ឋាភិបាលត្រូវគិតគូរគ្រប់កត្ដាទាំងអស់។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពេលនេះកំពុងអនុវត្តនូវបៀវត្ស៍ចំនួន១៧០ដុល្លារ នៅសល់តែមួយខែទៀតប៉ុណ្ណោះ ក្មួយៗកម្មករ កម្មការិនីរបស់យើង នឹងទទួលបានប្រាក់បៀវត្ស៍អប្បបរមា ចំនួន១៨២ដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបើកមួយសប្ដាហ៍ម្ដង។ នេះជាការកើនឡើង ដោយមានការយកចិត្តទុកដាក់ តាមរយៈយន្ដការត្រីភាគី ម្ខាងតំណាងរាជរដ្ឋាភិបាល ម្ខាងតំណាងម្ចាស់រោងចក្រ ហើយម្ខាងទៀត តំណាងឲ្យផលប្រយោជន៍របស់កម្មករ កម្មការិនី»។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គ្រប់ភាគីទាំងអស់បានខិតខំប្រឹងប្រែងសិក្សារួមគ្នា ដើម្បីដំឡើងប្រាក់ឈ្នួលជូនកម្មករ កម្មការិនីនៅក្នុងវិស័យឧស្សាហកម្ម ពោលបើធៀបនឹងការចាប់ផ្តើមនៅ១៩៩៧ កម្មករ កម្មការិនី ទទួលបានប្រាក់ឈ្នួលតែ៤៧ដុល្លារប៉ុណ្ណោះ តែបច្ចុប្បន្នប្រាក់ឈ្នួលកើនខ្ពស់ និងខ្ពស់ជាងបណ្តាប្រទេសមួយចំនួន។
សម្តេចនាយករដ្ឋមន្ត្រី បានរៀបរាប់ថា ប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរនៅបង់ក្លាដេស ៦៧ដុល្លារ ស្រីលង្កា៦៧ដុល្លារ ឥណ្ឌា៧៧ដុល្លារ ដល់១៤៣ដុល្លារ ភូមា១០៨ដុល្លារ ឥណ្ឌូនេស៉ី១០៦ដុល្លារ និង២៦៧ដុល្លារ វៀតណាម១២២ដុល្លារ និង១៧៥ដុល្លារ ឡាវ១៣៣ដុល្លារ ប៉ាគីស្ថាន ១៣៤ដុល្លារ។ តាមការគ្រោងទុកនៅឆ្នាំ២០១៩ កម្ពុជាកើនដល់១៨២ដុល្លារ បង់ក្លាដេសកើនដល់១៩៥ដុល្លារ ស្រីលង្ការនៅដដែល ឥណ្ឌាកើនក្នុងចន្លោះ៨១ដុល្លារ និង១៥០ដុល្លារ ភូមានៅដដែល នៅឥណ្ឌូនេស៊ីកើនដល់១០៦ដុល្លារ និង២៦៧ដុល្លារ វៀតណាមកើនដល់ ១២៨ដុល្លារ និង១៨៤ដុល្លារ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការលើកបង្ហាញពីប្រាក់ឈ្នួលនៅប្រទេសដទៃនេះ គឺចង់ឲ្យកម្មករ កម្មការិនី មានមូលដ្ឋាន ក្នុងការពិចារណា ពោលមិនត្រូវចេះតែទាមទារដំឡើងប្រាក់ឈ្នួលនោះទេ ត្រូវមើលពីការប្រកួតប្រជែងការងារជាមួយប្រទេសដទៃផងដែរ បើមិនដូច្នោះអាចធ្វើឲ្យបាត់បង់រោងចក្រនៅកម្ពុជា។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ដែលតែងតម្កល់ប្រយោជន៍ជាតិជាធំរូបនេះ ក៏បានគូសរំលេចថា ការសម្រេចដំឡើងប្រាក់ឈ្នួលកម្មករ កម្មការិនីដល់១៨២ដុល្លារ រាជរដ្ឋាភិបាលត្រូវទម្លាក់ថ្លៃអគ្គិសនីដល់រោងចក្រសហគ្រាស ហើយទម្រាំកម្ពុជាមានដូចសព្វថ្ងៃកម្មករ កម្មការិនី មិនត្រូវបំភ្លេចពីការខិតខំរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការខិតខំបញ្ចប់សង្គ្រាម និងនាំមកនូវសុខសន្តិភាពនោះទេ។
យ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន នៅតែបន្ដអះអាងថា បើមានតែសន្តិភាព មិនមានការអភិវឌ្ឍ គឺមិនអាចទៅរួចនោះឡើយ ពោលសន្តិភាព និងការអភិវឌ្ឍត្រូវតែផ្សារភ្ជាប់គ្នាដោយមិនអាចខ្វះផ្នែកណាមួយបាននោះឡើយ៕