(ភ្នំពេញ)៖ លោកស្រី Sunniya Durrani Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា កោតសសើរពីភាពរីកចម្រើនលើការផ្គត់ផ្គង់ ថាមពលអគ្គិសនីនៅកម្ពុជា។
លោកស្រីបានស្នើឲ្យក្រសួងរ៉ែ និងថាមពល ព្រមទាំងស្ថាប័នពាក់ព័ន្ធ ផ្តល់កិច្ចសហការក្នុងយុទ្ធយាស្ត្រភាពជាដៃគូ ដែលគោលនយោបាយនោះនឹងរំលេចពីគុណភាព, តម្លៃ និងការតភ្ជាប់ដល់អ្នកប្រើប្រាស់ថាមពល នៅកម្ពុជា។
ការកោតសសើរ និងស្នើសុំបែបនេះ របស់លោកស្រីនាយកធនាការអភិវឌ្ឍន៍ធ្វើឡើង ក្នុងឱកាសដែលលោកស្រី ត្រូវបានអនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងរ៉ែ និងថាមពល។
លោកស្រីបញ្ជាក់ថា បច្ចុប្បន្ននេះធនាគារ ADB កំពុងសិក្សាផែនការអភិវឌ្ឍថាមពល ប្រកបដោយចីរភាព និងស្នើសុំក្រសួងរ៉ែ និងថាមពលព្រមទាំងស្ថាប័នពាក់ព័ន្ធ ផ្តល់កិច្ចសហការក្នុងយុទ្ធយាស្ត្រភាពជាដៃគូ ដែលគោលនយោបាយនោះនឹងរំលេចពីគុណភាព, តម្លៃ និងការតភ្ជាប់ដល់អ្នកប្រើប្រាស់។
លោក ស៊ុយ សែម បានសំដែងការស្វាគមន៍ និងត្រៀមខ្លួនក្នុងការសហការយ៉ាងល្អជាមួយធនាគារ ADB។
លោករដ្ឋមន្រ្ដីក៏បានជម្រាប ពីប្រវត្តិនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា ចាប់ពីចំណុចលំបាកខ្វះខាតគ្រប់បែបយ៉ាង ក្រោយរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត រហូតដល់បច្ចុប្បន្ននេះដែលបាន តភ្ជាប់ផ្គត់ផ្គង់អគ្គិសនីដល់ភូមិបាន៨៦.៨៥% និងលំនៅដ្ឋានប្រជាពលរដ្ឋជាង៧៣% នៅទូទាំងប្រទេស។
លោកឲ្យដឹងថា ក្នុងនោះក៏មានការចូលរួមចំណែករបស់ ADB ដែលបានជួយកសាងខ្សែបញ្ជូន, ខ្សែបញ្ជូនរង, ខ្សែចែកចាយតង់ស្យុងមធ្យម និងអនុស្ថានីយ៍នៅតាមបណ្តាខេត្តនានាជាច្រើន។ លោកបានថ្លែងអំណរគុណដល់ ADB ដែលផ្តល់ទុនក្នុងការសាងហេដ្ឋារចនាសម្ព័ន្ធ ផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងពេលដែលកម្ពុជា កំពុងជួបការលំបាកនាពេល។
លោកបន្ដថា នៅឆ្នាំ២០២០ខាងមុខនេះ តាមផែនការនៃការផ្គត់ផ្គត់អគ្គសនីនៅទូទាំងប្រទេសត្រូវមាន ថាមពលគ្រប់គ្រាន់ ស្ថេរភាព, គុណភាព, សុវត្ថិភាព, ថ្លៃទាបសមរម្យ និងគោរពបានបទដ្ឋានបច្ចេកទេសបរិស្ថាន ហើយគ្រប់ភូមិទាំងអស់ ត្រូវមានខ្សែបញ្ជូនអគ្គិសនីទៅដល់ និងយ៉ាងហោចណាស់៧៥% នៃខ្នងផ្ទះសរុបត្រូវមានអគ្គិសនីប្រើប្រាស់ រាជរដ្ឋាភិបាលក៏បានគិតគូរ យកចិត្តទុកដាក់ខ្ពស់លើបញ្ហាថាមពលកកើតឡើងវិញ (solar park)ផងដែរ។
លោករដ្ឋមន្ត្រីបានស្នើទៅ ADB បន្តកិច្ចសហការជាមួយក្រសួងលើការជំរុញថាមពលកកើតឡើងវិញ ការបណ្តុះបណ្តាលធនធានមនុស្ស, បច្ចេកទេសថ្មីៗ, សិក្សារុករកប្រភពថាមពលថ្មីក្រៅពីអ្វី ដែលមាននាពេលបច្ចុប្បន្ន និងស្នើសុំផ្តល់ជាឥណទានក្នុងអត្រាការប្រាក់ទាប ឬជាជំនួយ (Grand) ដើម្បីពង្រីកបន្ថែមនូវខ្សែបញ្ជូន, ខ្សែបញ្ជូនរង ខ្សែចែកចាយតង់ស្យុងមធ្យម និងអនុស្ថានីយ៍ជាដើម៕