(ស្វាយរៀង)៖ អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល នៅព្រឹកថ្ងៃទី២៨ ខែវិច្ចិកា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ អភិបាលក្រុងស្វាយរៀង ដោយលោក ណុប ចំរើន ជំនួសលោក យូ ប៊ុន្នី ត្រូវដាក់ឲ្យចូលនិវត្តន៍ និងប្រកាសអភិបាលរងក្រុងស្វាយរៀងម្នាក់ និងនាយករដ្ឋបាលក្រុងម្នាក់ផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ម៉ែន វិបុល បានជំរុញអភិបាលក្រុងស្វាយរៀងថ្មី ត្រូវចេះសាមគ្គីភាពឯកភាពផ្ទៃក្នុង ជាមួយមន្ត្រីក្រោមឱវាទ និងត្រូវអនុវត្តការងារ ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាព។ ក្នុងនោះការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ លុបបំបាត់បងតូចបងធំ និងគ្រឿងញៀន ចោរលួចចោរឆក់ឲ្យអស់ពីមូលដ្ឋាន និងត្រូវអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឲ្យទទួលបានជោគជ័យ។
អភិបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ការឡើងជាអភិបាលក្រុងបាន តែក៏អាចទម្លាក់វិញបានដែរ ដូច្នេះត្រូវខិតខំធ្វើការងារបំពេញទៅតាមតួនាទីរៀងៗខ្លួន ហើយឲ្យទទួលបានចេញជាផ្លែផ្កា ដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋឲ្យទាន់ពេលវេលាត្រូវយកចិត្តទុកដាក់អភិវឌ្ឍមូលដ្ឋាន ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៀត ក្នុងនោះក៏ត្រូវអនុវត្តគោលនយោបាយប្រឡងប្រណាំងទីក្រុងស្អាត ឲ្យទទួលបានល្អប្រសើរផងដែរ៕