(សៀមរាប)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួមជាអធិបតី ក្នុងកម្មវិធីបើកកិច្ចប្រជុំពិសេស នៃគណៈកម្មការតាមដាន និងត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាន (ATPMC) នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។
ក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមពីតំណាងប្រទេស ជាសមាជិកអាស៊ានទាំង១០ប្រទេស ម្ចាស់សណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ គ្រូបង្គោល និងអ្នកវាយតម្លៃ បង្គោលជាតិនៃសេវាកម្មសណ្ឋាគារ ម្ចាស់អាជីវកម្មស្ប៉ា និងសុខុមាលភាព មន្ត្រីបច្ចេកទេស និងសិស្ស-និស្សិត ប្រមាណ៣០០នាក់។
កិច្ចប្រជុំនេះ នឹងពិភាក្សាបញ្ចប់លើពង្រាងស្តង់ដាបណ្តុះបណ្តាលស្ប៉ា និងសុខុមាលភាពអាស៊ាន (Spa Professionals) ដែលកម្ពុជាទទួលបន្ទុករៀបចំ ក្នុងការបង្កើតស្តង់ដាកម្មវិធីបណ្តុះបណ្តាលរួមរបស់អាស៊ាន ព្រមទាំងលើកកម្ពស់ការបណ្តុះបណ្តាល ដល់អ្នកជំនាញវិជ្ជាជីវៈស្ប៉ា និងសុខុមាលភាព និងផ្តល់ជំនាញបន្ថែមដល់អ្នកជំនាញស្ប៉ា ស្របតាមស្តង់ដាជាតិ-អាស៊ាន ដែលឆ្លើយតបទៅនឹងស្តង់ដារួមក្នុងតំបន់។
កន្លងមកក្រសួងទេសចរណ៍ បានយកចិត្តទុកដាក់ ធ្វើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងបដិសណ្ឋារកិច្ចដល់ អ្នកជំនាញស្ប៉ា និងសុខុមាលភាព បានរាប់ពាន់នាក់រួចហើយ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយផ្តល់សេវាកម្ម ប្រកបដោយភាពពេញចិត្ត និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។ ក្រសួងទេសចរណ៍ បានរៀបចំ និងដាក់ឲ្យប្រើប្រាស់ស្តង់ដាសមត្ថភាពស្ប៉ា និងសុខុមាលភាពកម្ពុជា របស់ខ្លួនរួចហើយតាមសាលាបណ្តុះបណ្តាលវិជ្ជាវៈទេសចរណ៍ និងកម្មវិធីបណ្តុះបណ្តាលនានា។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយអនុឡោមតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ដែលក្រសួងបានដាក់ចុះ និងជំរុញការបណ្តុះបណ្តាលជំនាញថ្មីៗ បន្ថែមទៀត ដល់អ្នកកំពុងបម្រើការងារក្នុងសេវាកម្មស្ប៉ា និងសុខុមាលភាព ឲ្យស្របតាមស្តង់ដាអាស៊ាន ទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ ពីលើជំនាញដែលមានស្រាប់សំដៅ ធ្វើយ៉ាងណាសម្រេចឲ្យបានតាមចក្ខុវិស័យដូចតទៅ៖
*ឆ្នាំ២០២០ ទេសចរណ៍កម្ពុជា នឹងសម្រេចបាននូវការងារបណ្តុះបណ្តាល និងវាយតម្លៃ អ្នកជំនាញទេសចរណ៍កម្ពុជា បានចំនួន៥០ភាគរយ ស្របតាមស្តង់ដាជាតិ និងអាស៊ាន។
*ឆ្នាំ២០២៥ ទេសចរណ៍កម្ពុជា នឹងសម្រេចបាននូវការងារបណ្តុះបណ្តាល និងវាយតម្លៃ អ្នកជំនាញទេសចរណ៍កម្ពុជា បានចំនួន១០០ភាគរយ ដោយចូលរួមសម្រេច យុទ្ធនាការផ្សព្វផ្សាយ «បុគ្គលិកម្នាក់ ជំនាញមួយ»។
*ឆ្នាំ២០៣០ ទេសចរណ៍កម្ពុជា នឹងចូលរួមសម្រេចគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ SDG 4 និង DG8។
សូមរំលឹកថា ជាមួយនឹងកំណើនទេសចរជាតិ និងអន្តរជាតិដ៏ខ្លាំងក្លា នាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍ បានបង្កើតការងារផ្ទាល់បានប្រមាណ៦២ម៉ឺននាក់ ស្មើនឹង១៣ភាគរយ នៃការងារសរុប ហើយនៅក្នុងឆ្នាំ២០២០ និងបង្កើតការងារផ្ទាល់បានប្រមាណជិត១លាននាក់ និងឆ្នាំ២០២៥ ប្រមាណ១.២លាននាក់ និងឆ្នាំ២០៣០ បានចំនួន២លាននាក់ ដោយមិនគិតពីការងារដោយប្រយោលរាប់សិបម៉ឺននាក់ទៀត៕