(អន្លង់វែង, ឧត្តរមានជ័យ)៖ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាដែនដីជម្រកចុងក្រោយរបស់អតីតមេដឹកនាំខ្មែរក្រហម ហើយក៏ជាដែនដីចុងក្រោយគេ ដែលទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការបិទបញ្ចប់ភ្លើងសង្គ្រាមដែលបានឆក់យកជីវិតប្រជាពលរដ្ឋខ្មែរអស់ជាច្រើននាក់ និងធ្វើឲ្យមនុស្សជាច្រើននិរាសព្រាត់ប្រាស់ ធ្លាក់ខ្លួនពិការជាដើមនោះ បានធ្វើឲ្យស្រុកអន្លង់វែងប្រែមុខមាត់ជាថ្មី ប្រែពីដែនដីដែលធ្លាប់តែអួអ័ព្ទប្រែជាស្រស់បំព្រងដោយសំណង់អគារខ្ពស់ទាបជាច្រើន អមដោយហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀតនាពេលបច្ចុប្បន្ន។ ប្រជាពលរដ្ឋរស់នៅដោយភាពសប្បាយរីករាយ និងមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រកបរបរចិញ្ចឹមជីវិតដោយមិនរងការភ័យខ្លាចដូចក្នុងរបបគ្រប់គ្រងដោយអតីតមេដឹកនាំខ្មែរក្រហមនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកនយោបាយឈ្នះឈ្នះ ធ្លាប់បានលើកឡើងថា ការនាំយកខ្មែរក្រហមមកជ្រកក្រោមដំបូលរាជរដ្ឋាភិបាលតែមួយជារឿងជោគជ័យមួយដំណាក់កាល តែមិនអាចជោគជ័យទាំងស្រុងនោះឡើយប្រសិនបើមិនគិតគូរពីការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ក៏ដូចជាការកសាងនូវសមិទ្ធផលផ្សេងៗដែលជាតម្រូវការក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកអន្លង់វែងទេនោះ។
ស្មារតីមួយនេះបានធ្វើឲ្យស្រុកអន្លង់វែង ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលអភិវឌ្ឍន៍ដែនដីដ៏កម្សត់មួយនេះដូចនឹងតំបន់ផ្សេងៗផងដែរ។ វិស័យអប់រំជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៤ ដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់។
ក្នុងពេលដឹកនាំដោយអតីតមេដឹកនាំខ្មែរក្រហមអន្លង់វែងមានសាលាតែមួយប៉ុណ្ណោះសាងសង់ដោយតាម៉ុក នាអំឡុងឆ្នាំ១៩៩៣ ដែលមានកម្ពស់ ៣ជាន់។ មកដល់ពេលបច្ចុប្បន្នអគារសិក្សានៅស្រុកអន្លង់វែង ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ ដើម្បីផ្តល់ការអប់រំសម្រាប់កូនចៅពលរដ្ឋស្រុកអន្លង់វែង។
អភិបាលស្រុកអន្លង់វែង លោក ហោ ជិនវីរៈយុទ្ធ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា បច្ចុប្បន្នស្រុកអន្លង់វែង មានសាលាចំនួន ៤៣សាលា ស្មើនឹង ៣៤១បន្ទប់ ក្នុងនោះ៖ បឋមសិក្សាចំនួន ៣៦សាលា ស្មើ ២៦៨បន្ទប់, អនុវិទ្យាល័យចំនួន ៥សាលា ស្មើ ៣១បន្ទប់ និងវិទ្យាល័យចំនួនចំនួន ២សាលា ស្មើ ៤២បន្ទប់។ មានសិស្សសរុបទាំងអស់ចំនួន ១០,៦៥៤នាក់ មានគ្រូបង្រៀនសរុប ៣២៩នាក់។
បច្ចុប្បន្នស្រុកអន្លង់វែងមានមត្តេយ្យសិក្សាសហគមន៍ចំនួន ១៦សាលា ស្មើនឹង ១៦បន្ទប់ មានសិស្សសរុប ៣០០នាក់ និងគ្រូបបង្រៀនចំនួន ១៦នាក់ និងមត្តេយ្យសិក្សាឯកជនមាន ២សាលា ស្មើនឹង ៧បន្ទប់ មានសិស្សសរុប ២១៤នាក់ និងគ្រូបង្រៀនចំនួន ៧នាក់។
ក្នុងចំណោមអគារសិក្សាទាំងអស់នេះ មានអគារថ្មីចំនួន ១៤អគារ ស្មើចំនួន ១៤៤បន្ទប់ លើសាលារៀនចំនួន៧កន្លែង ត្រូវបានផ្តល់ដោយសម្តេចតេជោ ហ៊ុន សែន ក្នុងពេលសម្តេចអញ្ជើញទៅកាន់ស្រុកអន្លង់វែងជាថ្មីកាលពីឆ្នាំ២០១៦កន្លងទៅ។
វិទ្យាល័យអន្លង់វែង ដែលជាសាលាបន្សល់ទុកអគារសិក្សាតាំងពីជំនាន់តាម៉ុកគ្រប់គ្រង និងជាទីតាំងមួយដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរចុះទៅនាំយកទាហានខ្មែរក្រហមមករួមរស់ក្រោមដំបូលរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំ១៩៩៩នោះ បាននឹងកំពុងមានការអភិវឌ្ឍរីកចម្រើនផងដែរ។ បច្ចុប្បន្នវិទ្យាល័យមួយនេះមានសិស្សជាង ១៧,០០០នាក់កំពុងសិក្សា ហើយមានសិស្សជាច្រើនបានបញ្ចប់ការសិក្សាចេញពៅបម្រើការងារផ្សេងៗ។
ការកើនឡើងនៃចំនួនសិស្ស បានធ្វើឲ្យវិទ្យាល័យមួយនេះខ្វះការអគារសិក្សាផងដែរ។ នៅឆ្នាំ២០១៦កន្លងទៅក្នុងពេលធ្វើដំណើរចុះទៅកាន់ស្រុកអន្លង់វែងជាថ្មីសម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភអគារសិក្សាថ្មី ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់ ដើម្បីបំពេញតម្រូវការសិក្សារបស់សិស្ស។
នាយកវិទ្យាល័យអន្លង់វែង លោក ស្រេង កុមារ ដែលបានទៅកាន់បំពេញការងារនៅស្រុកអន្លង់វែងកាលពីអំឡុងឆ្នាំ២០០៦ បានបង្ហាញអារម្មណ៍រីករាយជាខ្លាំង ព្រោះមិននឹកស្មានថា សាលានៅទីជនបទមួយនេះមានអគារស្កឹមស្កៃបែបនេះឡើយ។
លោក ស្រេង កុមារ បានបញ្ជាក់យ៉ាងដូច្នេះ «យើងនឹកស្មានមិនដល់សោះថា នៅតំបន់ជនបទរបស់យើងមានអគារសិក្សា ដ៏ធំស្កឹមស្កៃបែបនេះ ដែលជាអំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី។ លោកបានផ្តល់ជាអំណោយដ៏ថ្លៃថ្លា រួមទាំងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាលារៀន គឺផ្លូវចាក់បេតុងទាំងអស់ ព្រមទាំងមានតារាងបាលទាត់ បាលបោះ បាល់ទះ លោកបានជួយធ្វើឲ្យទាំងអស់»។
លោកនាយកវិទ្យាល័យរូបនេះ ក៏បានវាយតម្លៃខ្ពស់ចំពោះនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាំមកនូវសុខសន្តិភាពផ្តល់ឱកាសឲ្យកូនចៅប្រជាពលរដ្ឋក្នុងស្រុកអន្លង់វែងទទួលបានការអប់រំ។
«ពីមុនមកដោយសារតំបន់នេះជាតំបន់សង្គ្រាម ហើយធ្វើសមាហរណកម្មចុងក្រោយគេបង្អស់ អ៊ីចឹងការសិក្សាមានការលំបាកខ្លាំង។ មកដល់ពេលនេះមានរយៈពេល ២០ឆ្នាំ ការអនុវត្តន៍គោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យតំបន់នេះមានសុខសន្តិភាព ហើយធ្វើឲ្យប្រជាជនតំបន់នេះមានឱកាសបានសិក្សា និងបានបង្កើតធនធានមនុស្សបានច្រើន។ ជាពិសេសសិស្សានុសិស្សបានបន្តការសិក្សាដល់មហាវិទ្យាល័យ ហើយខ្លះទៀតបានចេញមកធ្វើការងារនៅតាមស្ថាប័នផ្សេងៗ»។ លោក ស្រេង កុមារ បញ្ជាក់បន្ថែម។
ដោយឡែកសិស្សានុសិស្សដែលកំពុងអង្គុយរៀនក្រោមដំបូលអគារសិក្សាថ្មីជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញភាពសប្បាយរីករាយជាមួយវត្តមានអគារសិក្សាថ្មីដែលមានសភាពធំទូលាយ។ សិស្សានុសិស្សលើដែនដីដាច់ស្រយាលមួយនេះ ក៏បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលយកចិត្តទុកដាក់ខ្ពស់លើការអប់រំ៕