(ភ្នំពេញ)៖ តាមរយៈវីដេអូជាងបួននាទី, លោកស្រី អ៊ុក ដារ៉ា បានបង្ហាញពីទង្វើបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិពីឈ្មោះ កែវ វណ្ណា ដែលបានបន្ដសមកម្មភាពគាស់ទម្លុះទម្លាយដំបូលឃ្លាំងប្រកស័ង្កសី កាលពីពេលថ្មីៗនេះ ទាំងខ្លួន និងសមាជិកគ្រួសារ២នាក់ទៀត កំពុងតែជាប់ចោទពីបទ «ធ្វើឱ្យខូចខាតដោយចេតនា»។
លោកស្រី អ៊ុកដារ៉ា បានថ្លែងថា «ខ្ញុំជឿថា ប្រទេសមានច្បាប់ត្រឹមត្រូវ នឹងអាចស្វែងរកយុត្ដិធម៌ជូនខ្ញុំ ដោយនេះមិនមែនជាលើកទីមួយទេ គឺច្រើនលើកច្រើនសារមកហើយ ដែលគ្រួសារដដែលនេះ បានបន្ដបង្ករឿងមិនឈប់ មានទាំងជេរប្រមាថ បរិហាកេ្ដរិ៍ជាសាធារណៈ បំផ្លាញទ្រព្យសម្បត្ដិផ្សេងៗទៀតរបស់ខ្ញុំ។ រាល់ទង្វើរបស់ជនជាប់ចោទខាងលើនេះ គឺមានភស្ដុតាងទាំងអស់ ដូចនេះ សូមតុលាការជួយរកយុត្ដិធម៌ឲ្យផង»។
កាលពីដើមឆ្នាំ២០១៨ កន្លងទៅ តុលាការក៏បានផ្តន្ទាទោសជនជាប់ចោទឈ្មោះ ហំ សម្ផស្ស និងឈ្មោះ កែវ វណ្ណា ដាក់ពន្ធនាគារ៨ខែ ហើយផ្តន្ទាទោសឈ្មោះ សំ គឹមថា ដាក់ពន្ធនាគារ៨ខែដូចគ្នា តែទោសនេះត្រូវព្យួរ ហើយតុលាការក៏បានបង្គាប់ឱ្យជនជាប់ចោទទាំង៣នាក់ សងសំណងជំងឺចិត្តដល់ដើមបណ្តឹង ចំនួន៣៦លានរៀលផងដែរ ពីបទ «ធ្វើឱ្យខូចខាតដោយចេតនា» លើទ្រព្យសម្បត្ដិរបស់លោកស្រី អ៊ុក ដារ៉ា ដែលបានវាយបំបែកជញ្ជាំង បាំងសង្ក័សីព្រំដី ចូលមកបំពានលើកម្មសិទ្ធិស្របច្បាប់ និងមកកាត់កាម៉ារ៉ាក្នុងផ្ទះ របស់លោកស្រី អ៊ុក ដារ៉ា ស្ថិតនៅតាមផ្លូវលេខ៥៥៨ ក្រុម៣៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក កើតឡើងតាំងពីអំឡុងខែមីនា ឆ្នាំ២០១៧ ។
ជនជាប់ចោទទាំងនេះ ក៏ធ្លាប់ត្រូវបានតុលាការ ផ្តន្ទាទោសរួចហើយដែរ ពីបទ «ជេរប្រមាថលើដើមបណ្ដឹងរដ្ឋប្បវេណី» ក៏ត្រូវបានតុលាការបង្គាប់ឲ្យសងសំណងជំងឺចិត្ដចំនួន២០លានរៀល។
លោកស្រី អ៊ុក ដារ៉ា បានឲ្យដឹងថា ទោះជាយ៉ាងនេះក្ដី ក៏ជនជាប់ចោទឈ្មោះ កែវ វណ្ណា នៅតែប្រព្រឹត្ដអំពើខុសច្បាស់នេះម្ដងហើយម្ដងទៀត ដោយកាលពីពាក់កណ្ដាលខែវិច្ឆិកានេះ បន្ដបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិលោកស្រី ដោយមិនញញើតច្បាប់ទាល់តែសោះ ថែមទាំងជេរប្រមាថ និងបន្ដឲ្យលោកស្រី ទៅដាក់ពាក្យបណ្ដឹងបន្ដទៀត ពីការបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិនេះ។
សូមរម្លឹកថា លោកស្រី អ៊ុក ដារ៉ា ត្រូវបានគ្រួសារឈ្មោះ ហំ សម្ផស្ស ជេរប្រមាថតាមបណ្ដាញសង្គម Facebook ជាច្រើនលើកច្រើនសារ ដែលនេះជាអំពើខុសច្បាប់ទាំងស្រុង។ តែទោះជាយ៉ាងណាក៏ដោយ លោកស្រី មិនដែលតបតនោះទេ ដោយយកប្រព័ន្ធច្បាប់មកវិនិច្ឆ័យរកយុត្ដិធម៌ ដល់លោកស្រីដែលជាភាគីជនរងគ្រោះតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា កាលពីចុងខែមីនា ឆ្នាំ២០១៧ Account Facebook ឈ្មោះ Samphors zuzu ដែលត្រូវបានគេស្គាល់ថា ជារបស់ឈ្មោះ ហំ សម្ផស្ស ដែលបានបង្ហោះវីដេអូចោទប្រកាន់ជេរប្រមាថ ទៅលើលោកស្រី អ៊ុក ដារ៉ា ពាក់ព័ន្ធការជួសជុលផ្ទះ ដោយចោទថា លោកស្រី បានប្រើប្រាស់អំណាច គាបសង្កត់លើប្រជាពលរដ្ឋ ប៉ុន្ដែលោកស្រី បានបដិសេធចោលទាំងស្រុង និងចាត់ទុកថា គឺជាមួលបង្កាច់ខុសពីការពិត ខណៈដែលលោកស្រី មុននឹងធ្វើអ្វីមួយតែងតែគោរពទៅតាមផ្លូវច្បាប់ និងការទទួលស្គាល់ពីអាជ្ញាធរ ព្រមទាំងមន្ដ្រីជំនាញត្រឹមត្រូវ លើការជួសជុលផ្ទះរបស់ខ្លួន និងពុំបានរំលោភបំពានទៅលើផ្ទះរបស់ភាគីណាមួយ ដោយយកឋានៈបុណ្យសិក្ដ័របស់ខ្លួន ក្រៅពីប្រើតែសិទ្ធិទៅតាមផ្លូវច្បាប់តែប៉ុណ្ណោះ៕