(ភ្នំពេញ)៖ មានករណីភ្ញាក់ផ្អើលមួយ ដោយបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញសពនៅសល់តែគ្រោងឆ្អឹង ដោយនៅក្នុងបេមួយដោយមានរុំស្កុតបិតជិត ដែលជាអំពើករណីឃាតកម្មដ៏សាហាវ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលស្ថិតនៅដីឡូតិ៍មួយកន្លែង តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលជាកម្មករសំណង់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ទាំងពីរនាក់ បានជិះម៉ូតូចូលមកក្នុងដីឡូត៍ខាងលើ ដើម្បីបត់ជើងតូច ខណៈពេលដែលកំពុងបត់ជើងតូច ក៏បានប្រទះឃើញគ្រោងឆ្អឹងនៅក្នុងបេមួយ ដោយមានការសង្ស័យរូបគាត់ បានដើរចូលទៅជិត ហើយក៏បានមើល ស្រាប់តែឃើញក្បាលមនុស្សនៅក្នុងបេខាងលើ ដោយមានរុំស្កុតបិទជិត។ ភ្លាមៗនោះ រូបគាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍គោករកា ដើម្បីចុះមកដល់ទីតាំងកើតហេតុ។
ក្រោយពីទទួលបានដំណឹងពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ ក៏បានចុះមកដល់ទីតាំងកើត និងទាក់ទងទៅមន្ត្រីជំនាញផ្នែកកោសល្យវិច័យ ចុះមកពិនិត្យសាកសពខាងលើ។
ក្រោយពេលសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យពិនិត្យសាកសពរួចមក សពបុរសខាងលើត្រូវបានក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណកាត់ជាពីរកំណត់ រួចយកមកបោះចោលនៅក្នុងដីឡូត៍ខាងលើ ដោយច្រកចូលក្នុងបេពណ៌ខៀវ។ ចំណែកឯសាកសពជនរងគ្រោះខាងលើ ត្រូវសមត្ថកិច្ចយកទៅធ្វើបុណ្យនៅវត្ត និងស្វែងរកមុខឃាតក ដែលបានសម្លាប់ជនរងគ្រោះខាងលើ យកមកផ្ដន្ទាទោសតាមច្បាប់៕