(ភ្នំពេញ)៖ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយក រថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ចុះពិនិត្យគុណភាពទំនិញនៅផ្សារដីហុយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួម ពីមន្ទីរពាណិជ្ជកម្មរាជធានី និងគណៈកម្មការផ្សារផងដែរ។
មន្រ្តីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានឲ្យដឹងថា ពេលចុះពិនិត្យនោះ ទំនិញជាចំណីអាហារប្រចាំថ្ងៃដែលសង្ស័យថាអាចមានហានិភ័យខ្ពស់ចំនួន៤៤គំរូ ដែលរួមមាន៖ បន្លែ ផ្លែឈើ ត្រីប្រាសំយ៉ុង ប្រហិតត្រី សរសៃគុយទាវ មី ប្រភេទជ្រក់ អាហារសមុទ្រស្រស់ក្លាសេ បង្អែមលតខៀវ លតស្វិត បាញ់ឌុកជាដើម ត្រូវបានយកមកពិនិត្យវិភាគរកសារធាតុគីមី ហាមឃាត់នៅនឹង រថយន្តពិសោធន៏ចល័តកាំកុងត្រូលផ្ទាល់។ ជាលទ្ធផលផលិតផល ដែលបានពិនិត្យទាំង៤៤គំរូនេះ គឺមានអនុលោមភាពសុវត្ថិភាព។
ក្នុងពេលចុះពិនិត្យគុណភាពទំនិញនោះ មន្រ្តីកាំកុងត្រូលក៏បានចែកផ្សាយនូវរូបភាព Poster សំណូមពរដល់អ្នកផលិត ក៏ដូចជា អ្នកលក់ដូរចំណីអាហារទាំងឡាយ សូមចូលរួមរក្សាអនាម័យឲ្យបានល្អ សូមកុំផលិត ចែកចាយ ឬយកទំនិញគ្មានគុណភាព ឬមានសារធាតុគីមីមកដាក់តាំងលក់ ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកទទួលទាន។
ចំពោះអ្នកទិញ សូមទិញចំណីអាហារណាមានសុវត្ថិភាព មានអនាម័យល្អ ដោយសូមមេត្តាពិចារណាមុននឹងសម្រេចចិត្តទិញ នូវទំនិញដែលមានលក្ខណៈខុសប្លែកពីធម្មតា ទំនិញដែលមានសម្រស់ស្រស់ឆើតឆាយ មានលក្ខណៈទាក់ទាញខ្លាំង។ល៕