(ភ្នំពេញ)៖ ដើម្បីបញ្ជ្រាបចំណេះដឹងពីផលលំបាកនៃការទទួលទាន គ្រឿងស្រវឹងសម្រាប់សិស្សានុសិស្សដែល ស្ថិតក្នុងវ័យសិក្សា និងពុំទាន់គ្រប់អាយុ អង្គការ Asia Pacific International Wine and Spirits Alliance (APIWSA) ដែលជាផ្នែកមួយនៃយុទ្ធនាការ DrinkSafe4KH បានដាក់ចេញនូវគម្រោងមួយឈ្មោះថា «Smashed Project» ដែលគម្រោងនេះ ជាកម្មវិធីអប់រំស្ដីពី ការដាស់តឿនយុវជនអំពីគ្រោះថ្នាក់ នៃការពីទទួលទានគ្រឿងស្រវឹង។
គម្រោង «Smashed Project» ឧបត្ថម្ភដោយអង្គការ APIWSA បានបង្ហាញពីភាពជោគជ័យដ៏ល្អប្រសើរ ក្នុងការជួយពង្រឹងស្មារតី និងអប់រំសិស្សានុសិស្សឲ្យយល់ដឹង ពីផលប៉ះពាល់អវិជ្ជមាននៃការពិសាគ្រឿងស្រវឹង ដែលមិនទាន់គ្រប់អាយុ និងការទទួលទានដោយមិនមានភាពទទួលខុសត្រូវ។
គម្រោង «Smashed Project» ជាកម្មវិធីមួយដែលបង្ហាញពី ការសម្ដែងពីទិដ្ឋភាពសង្គមនាពេលបច្ចុប្បន្ន បង្ហាញពីឈុតឆាកនៃភាពទុក្ខព្រួយ, ការឈឺចាប់ និងការបាត់បង់ព្រមទាំងផលលំបាកនានានៃ ការប្រើប្រាស់គ្រឿងស្រវឹង។ ឈុតឆាកក្នុងការសម្ដែង បានបង្ហាញពីតួអង្គ ឬមនុស្សជាទីស្រទ្បាញ់របស់ពួកគេ បើកបរយានជំនិះក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបានជួបគ្រោះថ្នាក់យ៉ាងអាណោចអាធ័ម។
យោងតាមអង្គការ APIWSA ឲ្យដឹងថា បន្ទាប់ពីបានចូលរួមក្នុងគម្រោង Smashed នេះឃើញថា មានសិស្សដល់ទៅ៣៣% បង្ហាញពីភាពជឿជាក់ការយល់ដឹង និងគ្រោះថ្នាក់ជាច្រើនដែលកើតចេញពី ការទទួលទានគ្រឿងស្រវឹង, ការពិសាគ្រឿងស្រវឹងនៅវ័យក្មេងពេក។ ដោយឡែកសិស្សចំនួន១៥%ទៀត បានបង្ហាញពី ការប្ដេជ្ញាក្នុងការបង្កើនការប្រុងប្រយ័ត្ន, ទំនួលខុសត្រូវ ក្នុងការពិសាគ្រឿងស្រវឹងនេះ។
លោកគ្រូ-អ្នកគ្រូទាំងអស់បានសំដែងការពេញចិត្តចំពោះកម្មវិធីផ្សាយរបស់គម្រោង Smashed ព្រោះគម្រោងនេះបានផ្ដល់ប្រសិទ្ធភាព ការយល់ដឹង និងបានស្នើស្នើសុំឲ្យមានការរៀបចំកម្មវិធីនេះម្តងទៀត នៅសាលារៀនរបស់ពួកគាត់ផ្ទាល់នៅឆ្នាំក្រោយ។
គម្រោង «Smashed Project» បានធ្វើឲ្យសិស្សនុសិស្សជាច្រើន យល់ដឹងពីផលប៉ះពាល់នៃគ្រឿងស្រវឹង ហើយពួកគេឲ្យដឹងថា ពួកគេបានយល់ដឹងច្រើនពីកត្តាផ្សេងៗ ដែលបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍, ការប្រើប្រាស់ហិង្សាជាដើម ដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹងនេះឯង។
ការបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹងជា បុព្វហេតុចំបងបណ្តាលឲ្យ មានការប៉ះទង្គិច និងឧបទ្ទវហេតុនៅកម្ពុជា គ្រោះថ្នាក់ចរាចរណ៍មានភាពធ្ងន់ធ្ងរច្រើនជាងជំងឺគ្រុនចាញ់, គ្រុនឈាម, ជំងឺអេដស៍ និងគ្រោះថ្នាក់គ្រាប់មីនរួមបញ្ចូលគ្នាដល់ទៅ៩ដងឯណោះ។ យោងតាមទិន្នន័យជាតិឲ្យដឹងថា ឆ្នាំ២០១៥មានមនុស្សជាង ២,២០០នាក់ស្លាប់បាត់បង់ជីវិត និងមនុស្សលើស៥,៤០០នាក់ រងរបួសធ្ងន់ធ្ងរដោយសារការប៉ះទង្គិចគ្នា រវាងយានជំនិះ និងទោចក្រយានយន្ត ពិសេសអ្នកបើកបរវ័យក្មេង ដែលមានគ្រោះថ្នាក់បណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹង។
សូមបញ្ជាក់ថា យុទ្ធនាការ DrinkSafe4KH របស់អង្គការ APIWSA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ បង្កើតឡើងដើម្បីលើកម្ពស់ការយល់ដឹង ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងក្នុងពេលបើកបរ និងគាំទ្រដល់កម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការខិតខំ បង្កើនសុវត្ថិភាពចរាចរណ៍ជូនពលរដ្ឋកម្ពុជាផងដែរ៕