(ភ្នំពេញ)៖ លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានសម្តែងនូវការកោតសរសើរចំពោះគំនិតផ្តួចផ្តើម ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងសមិទ្ធផលជាច្រើនរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលសម្រេចបាននៅក្នុងអាណត្តិទី៥ រួមមាន ការពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែក ផ្លូវថ្នល់ ផ្លូវទឹក និងស្ពាន ដែលតភ្ជាប់ទៅកាន់គ្រប់ច្រកល្ហកទូទាំងប្រទេស ការសាងសង់កំពង់ផែ ការពង្រឹងគុណភាពផ្លូវថ្នល់ ព្រមទាំងការអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្តនិងការផ្តល់ប័ណ្ណបើកបរ ការផ្តល់ស្លាកលេខរថយន្តមាន QR Code ជាដើម ដែលជាការអនុវត្តនូវបច្ចេកវិទ្យាថ្មីៗ និងឌីជីថលូបនីយកម្ម។
ការជម្រាបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល និងពិភាក្សាការងាររបស់គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយលោកស្រី និន សាផុន ប្រធានគណៈកម្មការ ជាមួយទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់នានា ដែលរដ្ឋសភាបានអនុម័ត ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
ស្ថិតក្នុងឱកាសនោះ លោកស្រី និន សាផុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល កន្លងមក រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសបានរួមចំណែកឱ្យប្រជាពលរដ្ឋខ្មែរ មានជំនឿជឿជាក់ជាមួយរាជរដ្ឋាភិបាលថ្មី អាណត្តិទី៦ ដែលកើតចេញពីឆន្ទៈយ៉ាងពិតប្រាកដ នៃការចូលរួមបោះឆ្នោតរបស់ប្រជាជនទូទាំងប្រទេសជិត ៧លាននាក់ ឬស្មើនឹង ៨៣.០២% នៃបញ្ជីឈ្មោះបោះឆ្នោត គ.ជ.ប កន្លងទៅនេះ។
លោកស្រីបានបន្តថា ខណៈប្រទេសកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅសម្រេចគោលដៅ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ជាពិសេសកំពុងស្ថិតក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មទី៤ ចាំបាច់ណាស់ ប្រទេសកម្ពុជាត្រូវត្រៀមខ្លួនប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ក្នុងដំណាក់បដិវត្តឧស្សាហកម្មទី៤នេះ។
លោកស្រីបានគូសបញ្ជាក់ថា អាស្រ័យហេតុនេះហើយ គណៈកម្មការទី៩ នៃរដ្ឋសភា និងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបន្តរួមកិច្ចសហប្រតិបត្តិការក្នុងការជំរុញការអនុម័តច្បាប់ និងប្រសិទ្ធភាពខ្ពស់នៃការអនុវត្តច្បាប់ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីជំរុញយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឱ្យជោគជ័យ ឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាជន ដែលចេះតែកើនឡើងជាលំដាប់ និងឱ្យស្របតាមការវិវត្តនៃបរិការណ៍សង្គមបច្ចុប្បន្ន។
ជាមួយគ្នានោះ លោក ស៊ុន ចាន់ថុល បានជម្រាបជូនអង្គប្រជុំថា សម្រាប់ទិសដៅអាណត្តិទី៦នេះ ក្រសួងនឹងផ្តោតការយកចិត្តទុកដាក់ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុង ព្រះសីហនុ និងពីភ្នំពេញទៅបាវិត ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការកែលម្អសេវាសាធារណៈឱ្យកាន់តែប្រសើរឡើង ការបង្កើតយន្តការ និងយុទ្ធសាស្ត្រលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ ការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស និងលុបបំបាត់ការផ្ទុកទំនិញលើសទម្ងន់កម្រិតកំណត់ ជាពិសេសផែនការ១០០ថ្ងៃរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅដើមអាណត្តិទី៦នេះ៕