(ព្រៃវែង)៖ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បាននាំយកធុងចម្រោះទឹកស្អាត ចំនួន៦៩៥ធុង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅប្រគល់ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកកំចាយមារ ចំនួន៦៩៥គ្រួសារ ដើម្បីចូលរួមចំណែកដល់ការដោះស្រាយបញ្ហាទឹកស្អាតសម្រាប់ប្រជាពលរដ្ឋ។
នៅក្នុងឱកាសនៃការប្រគល់ធុងចម្រោះទឹកស្អាត នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក កឹមរ័ត្ន វិសិដ្ឋ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនហួវៃកម្ពុជា (Huawei Cambodia) ដែលបានឧបត្ថម្ភធុងចម្រោះទឹកស្អាតសរុបចំនួន២,៩៤១ធុង ស្មើនឹងទឹកប្រាក់ចំនួន១០០,០០០ដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាកង្វះខាតទឹកស្អាត ដោយមានវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាអ្នកសម្របសម្រួលក្នុងកិច្ចការនេះ។
លោក កឹមរ័ត្ន វិសិដ្ឋ បានអះអាងទៀតថា ជំនួយសប្បុរសធម៌នេះ គឺជាផ្នែកមួយក្នុងការទទួលខុសត្រូវដល់សង្គមរបស់ក្រុមហ៊ុន Huawei Cambodia។
សូមជម្រាបថា វេទិកាសម្ព័ន្ធសង្គមស៊ីវិលតែងតែសម្របសម្រួលការងារជាមួយអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដើម្បីកៀរគរជំនួយសម្រាប់ចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាជននៅមូលដ្ឋានស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕