(ភ្នំពេញ)៖ លោក សយ ស៊ីផុន រដ្ឋលេខាធិការតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា បានលើកឡើងថា គ្រឹះស្ថានអប់រំទាំងអស់នៅកម្ពុជា គួរបន្តយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិ ឲ្យក្លាយជាសង្គមរីកចំរើនជឿនលឿន ដែលផ្អែកលើមូលដ្ឋានចំណេះដឹង និងចំណេះធ្វើ ហើយដើរស្របជាមួយនឹងការរីកចំរើននៃបណ្តាប្រទេសនៅក្នុងតំបន់និងសកលលោក។
លោក សយ ស៊ីផុន បានលើកឡើងខណៈលោកអញ្ជើញចូលរួមនៅក្នុងពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រដល់និស្សិតជំនាន់ទី៣ វិទ្យាស្ថានជាតិសង្គមកិច្ច ដែលបានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រចំនួន២០នាក់ ស្រី១១នាក់ និងនិស្សិតបរទេស២នាក់ លើមុខជំនាញថ្នាក់បរិញ្ញាបត្រសង្គមកិច្ចវិទ្យា ថ្នាក់បរិញ្ញាបត្រកិច្ចគាំពារសង្គមនិងថ្នាក់បរិញ្ញាបត្រវិស្វកម្មឧបករណ៍សិប្បនិម្មិតនិងរណប នៅទីស្តីការក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
នៅក្នុងពិធីប្រគល់សញ្ញាបត្រនេះ លោក សយ ស៊ីផុន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង គ្រូបង្រៀន មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ នៃវិទ្យាស្ថានជាតិសង្គមកិច្ច ក្នុងការអប់រំបណ្តុះបណ្តាលបង្ហាត់បង្ហាញនិងផ្ទេចំណេះដឹងដ៏មានតម្លៃដល់ក្មួយៗនិស្សិតទាំងអស់ដោយការយកចិត្តទុកដាក់ខ្ពស់។
រដ្ឋលេខាធិការ បានលើកឡើងថា នៅក្នុងនីតិកាលទី៦នេះ ការអភិវឌ្ឍធនធានមនុស្សត្រូវបានចាត់ទុកជាអាទិភាព នៃការអនុវត្តយុទ្ធសាស្រ្តចតុកោណ នៅគ្រប់ដំណាក់កាល ជាពិសេសបានក្លាយ ជាអាទិភាពទី១ សំដៅលើកកម្ពស់ចំណេះដឹងជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិកាស្នេហាជាតិនិងស្មារតីទទួលខុសត្រូវ សុខភាពល្អ និងកាយសម្បទារឹងមាំ តួនាទីស្រ្តីនិងកិច្ចគាំពារសង្គម។
លោក សយ ស៊ីផុន បានបន្ថែមឲ្យដឹងថា ក្នុងន័យនេះ ការអភិវឌ្ឍធនធានមនុស្សនឹងបន្តផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការលើកកម្ពស់សេវាសុខភាពសាធារណៈនិងអាហាររូបត្ថម្ភ និងការពង្រឹងសមភាពយេនឌ័រនិងការគាំពារសង្គម។
លោកសង្ឃឹមថា ក្មួយៗជ័យលាភីទាំងអស់នឹងយកសមត្ថភាពនិងចំណេះដឹង ដែលក្មួយៗមានទៅប្រើប្រាស់អោយអស់លទ្ធភាព ក្នុងការបំពេញការងារ ទៅតាមក្រសួងស្ថាប័ន អង្កការ រឺ ក្រុមហ៊ុននានា។ក្មួយៗ នេះហើយគឺជាអ្នកទទួលមរតកសង្គម និងជាអ្នកបន្តវេនសម្រាប់ប្រទេសជាតិ៕