(កណ្តាល)៖ ថ្លែងនៅចំពោះមុខកម្មករ កម្មការិនី ជិត២ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សរសើរទូរទស្សន៍ខ្សែកាប Fresh News ថា មានផ្សាយព័ត៌មានច្រើនសំបូរបែប និងងាយស្រួលមើលព័ត៌មាននៅតាមផ្ទះ។ ការថ្លែងសរសើររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានាពេលនេះបានធ្វើឡើង ក្រោយពេលដែលទូរទស្សន៍ខ្សែកាប Fresh News បានដាក់ដំណើរការផ្សាយសាកល្បងរបស់ខ្លួនកាលពីពេលថ្មីៗនេះ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនី សរុបប្រមាណ១៧,៩១២នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១២ នៅក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចច្នេះថា «ថ្ងៃនេះក៏មានដែរ ប៉ុន្តែផ្សាយបន្តផ្ទាល់តាមរយៈ Facebook Page របស់នាយករដ្ឋមន្រ្តី ហើយ Fresh News អាលូវ ក្រៅពី Facebook របស់គេ គេមានទូរទស្សន៍របស់គេភ្ជាប់ជាមួយខ្សែកាប ទូរទស្សន៍របស់គេម្ខាងយើងមើលបានតាមទូរស័ព្ទ ប៉ុន្តែបើយើងនៅផ្ទះ គឺគេមានខ្សែកាបចូលមើលខ្សែកាបតែម្តង ព័ត៌មានគឺមានច្រើនណាស់មានច្រើនណាស់»

ការថ្លែងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលនេះ បានបង្ហាញពីការចាប់អារម្មណ៍លើការផ្សព្វផ្សាយ ដ៏សំបូរបែបរបស់ទូរទស្សន៍ខ្សែកាប Fresh News ដែលកំពុងពង្រីកវិសាលភាពកាន់តែទូលាយជាងមុន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ថ្មីៗនេះ ទូរទស្សន៍ខ្សែកាប Fresh News បានដាក់ដំណើរការផ្សាយសាកល្បង នៅលើកញ្ចក់ទូរទស្សន៍ខ្សែកាប PPCTV ប៉ុស្តិ៍លេខ៧៦ (សូមស្គេនប៉ុស្តិ័ជាថ្មី) ក្នុងនោះបងប្អូនប្រជាពលរដ្ឋអាចទស្សនាដោយសេរីនៅតាមគេហដ្ឋាន ដោយមិនចាំបាច់ត្រូវការមាន Internet ឡើយ ពេញ២៤ម៉ោង៕