(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញឲ្យអាជ្ញាធរភូមិ-ឃុំ ត្រូវធ្វើបច្ចុប្បន្នភាពជនប្រើប្រាស់គ្រឿងញៀន និងកំណត់មុខសញ្ញាឲ្យបានច្បាស់លាស់ ហើយយន្តការដ៏មានប្រសិទ្ធភាពបំផុត ក្នុងការងារទប់ស្កាត់គ្រឿងញៀន គឺត្រូវបង្កើតគណៈកម្មាធិការតាមគោលដៅនៅមូលដ្ឋានគ្រប់ទីកន្លែង ដោយមានអធិការរងស្រុកម្នាក់ ជាអ្នកទទួលខុសត្រូវការងារជំនាញគ្រឿងញៀននេះ។
ការជំរុញរបស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអញ្ជើញជាអធិបតីភាពរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពី «លទ្ធផលការងាត្រួតពិនិត្យគ្រឿងញៀន នព្វមាសឆ្នាំ២០១៨» ដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ ប្រធានសាលាដំបូងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រុងស្រុក លោកស្នងការនគរបាល ខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ អភិបាលក្រុង-ស្រុក និងប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ ជាច្រើននាក់ផងដែរ។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានថ្លែងថា ក្នុងនាមអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន លោកសូមថ្លែងអំណរគុណ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខិតខំធ្វើការងារនេះ កន្លងមក ព្រោះទាំងបានបញ្ជាក់ថា ដើម្បីកាត់បន្ថយជនប្រើប្រាស់គ្រឿងញៀន យើងត្រូវសិក្សាភូមិសាស្រ្ត ទីតាំងប្រើប្រាស់គ្រឿងញៀន ឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីមានវិធានការទុបស្កាត់ ឱ្យបានទាន់ពេលវេលាផងដែរ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា អាជ្ញាធរមូលដ្ឋានក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយជាប្រចាំ នៅតាមគោលដៅដូចជា៖ នៅតាមសណ្ឋាគារ ក្លឹបកំសាន្ត ឬកន្លែងផ្សេងទៀត ពិសេសជាមួយប្រជាពលរដ្ឋដោយ ឱ្យគាត់ចូលរួមកិច្ចសហការទើបការងារទប់ស្កាត់ការងារប្រើប្រាស់គ្រឿងញៀមនេះមានប្រសិទ្ធភាពខ្ពស់បានល្អ។
នាយឧត្តមសេនីយ៍ ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវមានទីកន្លែងអប់រំបន្សាបគ្រឿងញៀន នៅតាមបណ្តាខេត្តរបស់ខ្លួន សម្រាប់ទទួលព្យាបាលជនដែលញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងមានការឯកភាពពីអាណាព្យាបាលផងដែរ។
លោក ងួន រតនៈ ប្រកាសគាំទ្រទាំងស្រុង និងចូលរួមសហការគ្រប់ពេលវេលានូវការងារទប់ស្កាត់ពីបញ្ហាគ្រឿងញៀន ក្នុងខេត្តជាមួយសមត្ថកិច្ចជំនាញបន្តទៀត។ លោកបានបញ្ជាក់ថា តាមរយៈវេទិការសាធារណៈកន្លងមក គឺអាជ្ញាធរខេត្តបានធ្វើរួចហើយ និងបានជម្រាបជូនប្រជាពលរដ្ឋពីបញ្ហាផ្សេងៗ នៅតាមមូលដ្ឋានពិសេសបញ្ហាគ្រឿងញៀនតែម្តង។
លោកបានលើកឡើងថា មានតែការចូលរួមពីយើងទាំងអស់គ្នាទេ ទើបការងារនេះទទួលបានជោគជ័យ ក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន និងកាត់បន្ថយឱ្យនៅសល់តិចបំផុតផងដែរ៕