(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានក្រុមលេខាធិការដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេតត្ត នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា រយៈពេល១ខែ ក្រុមត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេសត្រួតពិនិត្យរថយន្តសរុប៤៦៣គ្រឿង និងរកឃើញយានយន្តខុសលក្ខណៈបច្ចេកទេសចំនួន៣៤៤គ្រឿង និងស្របតាមលក្ខណៈបច្ចេកទេសចំនួន១១៩គ្រឿងប៉ុណ្ណោះ។
ផ្អែកតាមរបាយណ៍របស់ក្រុមត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ រយៈមួយខែចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺបានត្រួតពិនិត្យយានយន្តសរុប៤៦៣គ្រឿង ក្នុងនោះរួមមាន៖
* ត្រួតពិនិត្យឃើញថាត្រឹមត្រូវមានចំនួនតែ១១៩គ្រឿង
* រថយន្តត្រូវកាត់ទ្រុង៣គ្រឿង
* រថយន្តដឹកសំពីងសំពោង៤៦គ្រឿង
* រថយន្តខ្វះឯកសារ១៩៣គ្រឿង
* រថយន្តឯកសារក្លែងក្លាយ១២គ្រឿង
* រថយន្តដោះរានខាងក្រោយ១៣គ្រឿង
* គ្មានបណ្ណបើកបរ១៩នាក់
* បណ្ណបើកបរក្លែងក្លាយ២៨នាក់
* រថយន្តគ្មានស្លាកលេខ១៧គ្រឿង។
ផ្អែកតាមរបាយការណ៍របស់ក្រុមត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ រយៈពេលមួយខែនេះ លោក សំ លាងទ្រី បានវាយតម្លៃថា ម្ចាស់រថយន្តភាគច្រើន គឺមិនបានគោរពច្បាប់ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនោះទេ ដែលករណីនេះ លោកសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ពោលគឺកុំដឹកជញ្ជូនលើសទម្ងន់ កុំកែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេស និងកុំដឹកសំពីងសំពោងជាដាច់ខាត៕