(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា លោក Amphay Kindavong ដែលទើបមកបំពេញបេសកកម្មនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចូលជួបឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនត្រៀមទទួលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅបំពេញទស្សនកិច្ចនៅឡាវនាខែក្រោយនេះ។
លោកស្រី ទួត បញ្ញា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបនោះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍ចំពោះដំណើរបំពេញបេសកកម្មការងាររបស់លោក Amphay Kindavong នៅក្នុងប្រទេសកម្ពុជា និងសន្យាផ្តល់កិច្ចសហការ ដើម្បីធ្វើឲ្យការងារបំពេញការងាររបស់លោកឯកអគ្គរដ្ឋទូតទទួលបានជោគជ័យ។
បើតាមលោកស្រី ទួត បញ្ញា ក្នុងជំនួបនោះទាំងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកឯកអគ្គរដ្ឋទូត Amphay Kindavong បានជជែកពីការពង្រឹងពង្រីកឲ្យកាន់តែប្រសើរឡើងថែមទៀតលើទំនាក់ទំនងប្រទេសទាំងពីរ។
ក្រៅពីការជជែកពាក់ព័ន្ធលើការងារពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទៅ លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានជជែកគ្នាផងដែរ ពីការរៀបចំទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឡាវនៅខែក្រោយនេះ។
លោកស្រី ទួត បញ្ញា បានគូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឡាវមានឯកសារមួយចំនួននឹងត្រូវចុះហត្ថលេខាផងដែរ។ ឯកសារដែលនឹងត្រូវចុះហត្ថលេខានាពេលនោះ មានដូចកិច្ចព្រមព្រៀងស្តីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងវិស័យផ្សេងៗមួយចំនួនទៀត៕