(ភ្នំពេញ)៖ ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាលើកទី៥ នឹងរៀបចំឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមការចូលរួមពីសំណាក់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីសហព័ន្ធអ្នកសាងសង់អាស៊ាន សហព័ន្ធអន្តរជាតិនៃសមាគមអ្នកសាងសង់អាស៊ី និងប៉ាស៊ីហ្វិកខាងលិចមាន១៩ប្រទេស និងក្រុមប្រឹក្សាភិបាលធុរកិច្ចចិន-អាស៊ានផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សមាគមអ្នកសាងសង់កម្ពុជា។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជាឲ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំការរៀបចំតាំងពិព័រណ៍ឧស្សាហកម្មសំណង់នៅកម្ពុជា មានលក្ខណ:ជាអន្តរជាតិធំទៅៗ ជាក់ស្ដែងឆ្នាំ២០១៨នេះ សមាគមបានរៀបចំស្តង់ចំនួន៣១០ សម្រាប់ឱ្យក្រុមហ៊ុនទាំងក្នុងស្រុក និងបរទេសសរុប១៨៦ក្រុមហ៊ុនដាក់តាំងបង្ហាញ និងលក់ផលិតផលជាសម្ភារបរិក្ខារ ឧបករណ៍ និងគ្រឿងចក្រសំណង់។
លោកបន្ដទៀតថា ផលិតផលទាំងអស់សុទ្ធសឹងតែជាផលិតផលទំនើបៗ, មានគុណភាព និងស្តង់ដារល្អៗ ហើយផលិតផលទាំងនេះមិនតិចជាង៦០០ប្រភេទ រួមទាំងសេវាលក់អចលនទ្រព្យ, ផ្ទះសម្បែង, សេវាធនាគារ, ធានារ៉ាប់រង, សេវាកម្ចីប្រាក់សម្រាប់ទិញផ្ទះ និងកិច្ចការវិនិយោគផ្សេងៗ និងប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ទំនើបៗដែលបាននាំចូលពីបណ្តាប្រទេសជាច្រើនលើពិភពលោកដូចជា ការតម្លើងប្រព័ន្ធទឹក, អគ្គីសនី, ម៉ាស៊ីនត្រជាក់ និងកាម៉េរ៉ាសុវត្ថិភាជាដើម។
លោកបញ្ជាក់ថា ពិព័រណ៍នេះបានរៀបចំឱកាស និងទីកន្លែងសម្រាប់ផ្តល់ឱ្យធុរជនទាំងអស់ ពិសេសអ្នកមានរបរអាជីវកម្ម ជាអ្នកសាងសង់, អ្នកលក់, អ្នកទិញ, អ្នកចែកចាយ, អ្នកផ្គត់ផ្គង់បានជួបគ្នាដោយផ្ទាល់ ដើម្បីពិភាក្សាគ្នាថា តើអ្វីដែលជាតម្រូវការជាក់ស្តែង និងចាំបាច់សម្រាប់វិស័យឧស្សាហកម្មសំណង់នៅកម្ពុជា និងមានកម្មវិធីពិភាក្សាធុរកិច្ច សម្រាប់ឱ្យសមាជិកសមាគម១៤៨ក្រុមហ៊ុន រួមមានក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់, ក្រុមហ៊ុនសាងសង់, ក្រុមហ៊ុនលក់សម្ភារបរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់គ្រប់ប្រភេទ, ក្រុមហ៊ុនអចលនទ្រព្យ, រោងចក្រផលិតបេតុង, ក្រុមហ៊ុនតម្លើងប្រព័ន្ធអគ្គីសនី ទឹក ម៉ាស៊ីនត្រជាក់ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុន ដឹកជញ្ជូនសម្ភារៈសំណង់ ក្រុមហ៊ុនធ្វើពិសោធន៍ដី ក្រុមហ៊ុនធ្វើសសរគ្រឹះ និងគ្រឹះ ក្រុមហ៊ុនសេវាកម្មលក់អចលនទ្រព្យ និងក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យសំណង់ជាច្រើនផ្សេងៗទៀត។ ក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានក្រុមហ៊ុនខ្លះជាក្រុមហ៊ុន របស់បរទេសមកពីប្រទេសចិន ជប៉ុន កូរ៉េ ថៃឡង់ដ៏ សឹង្ហបុរី ស៊ុយអ៊ែត ស្វីសហ្សេលែន ម៉ាឡេស៊ី អាល្លឺម៉ង់ បារាំង វៀតណាម ឥណ្ឌូនេស៊ីជាដើម៕