(ហាឡុង, វៀតណាម)៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាសមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ( MRC ) តំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៥ និងកិច្ចប្រជុំពិគ្រោះយោបល់លើកទី២៣ ជាមួយក្រុមប្រទេសដៃគូអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌ MRC ដែលបានរៀបចំធ្វើនៅទីក្រុងហាឡុង ប្រទេសវៀតណាម។
តាមរយៈសុន្ទរកថា ថ្លែងក្នុងកិច្ចប្រជុំដោយប្រធានគណៈប្រតិភូ នៃប្រទេសជាសមាជិក និងការពិភាក្សាក្នុងកិច្ចប្រជុំប្រទេសជាសមាជិក បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែល MRC សម្រេចបានក្នុងឆ្នាំ ២០១៨ និងការលើកកម្ពស់ខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការតំបន់ ក៏ដូចជា ភាពជាដៃគូជាមួយភាគីពាក់ព័ន្ធ ដែលបានជម្រុញ លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍប្រកប ដោយចីរភាពនៃអាងទន្លេមេគង្គ។
នៅក្នុងនោះផងដែរ ប្រទេសជាសមាជិក ក៏បានទទួលស្គាល់នូវបញ្ហាប្រឈមក្នុងក្របខ័ណ្ឌស្ថាប័ន និងក្នុងអាងទន្លេមេគង្គ មានជាអាទិ៍ កិច្ចសហប្រតិបត្តិការក្នុងចំណោមយន្តការក្នុងតំបន់ដែលមានស្រាប់ និងទើបបង្កើតថ្មី កំណើនប្រជាជន កំណើននៃការអភិវឌ្ឍ និងតម្រូវការទឹកសម្រាប់ទ្រទ្រង់ និងជម្រុញការរីកលូតលាស់សេដ្ឋកិច្ច សង្គម បម្រែបម្រួលអាកាសធាតុ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួតជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ ប្រទេសជាសមាជិក បានសំដែងនូវអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ ដែលបានគាំទ្រ MRC ក្នុងការអនុវត្តការងាររបស់ខ្លួន រហូតមកដល់ពេលនេះ និងជាបន្តក្នុងពេលអនាគត។
ប្រទេសជាសមាជិក និងដៃគូអភិវឌ្ឍន៍ បានបង្ហាញនូវការបេ្តជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ឲ្យបានកាន់តែរឹងមាំ និងប្រសើរថែមទៀត ដើម្បីរួមគ្នាលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តការងាររបស់ MRC និងដោះស្រាយនូវបញ្ហាប្រឈមនានា ឲ្យបានកាន់តែប្រសើរ សំដៅធ្វើយ៉ាងណាសម្រេចឲ្យបាននូវចក្ខុវិស័យរបស់ MRC គឺ «ភាពចម្រុងចម្រើនផ្នែកសេដ្ឋកិច្ច យុត្តិធម៌សង្គម និងនិរន្តរភាពបរិស្ថានក្នុងអាងទន្លេមេគង្គ»។
សូមជម្រាបបញ្ជាក់ថា កម្ពុជានឹងទទួលវេនបន្តពីវៀតណាម ធ្វើជាប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ ២០១៩ និងត្រូវទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី ២៦ និងកិច្ចប្រជុំពិគ្រោះយោបល់លើកទី ២៤ ជាមួយក្រុមប្រទេសដៃគូអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌ MRC៕